ជាតិ
សេដ្ឋកិច្ច
បណ្តា​ប្រតិបត្តិករសង្ឃឹមថា ព្រលាន​យន្តហោះថ្មី នឹងជួយស្តារ​វិស័យទេសចរណ៍នៅសៀមរាប
28, Aug 2023 , 9:00 am        
រូបភាព
វេទិកាស្ដីពីការ ទំព័រថ្មីនៃទេសចរណ៍កម្ពុជា រៀបចំឡើងដោយសមាគមទេសចរណ៍កម្ពុជា នាថ្ងៃទី២៥ សីហា នៅសណ្ឋាគារប៉ាស៊ីហ្វិក។
វេទិកាស្ដីពីការ ទំព័រថ្មីនៃទេសចរណ៍កម្ពុជា រៀបចំឡើងដោយសមាគមទេសចរណ៍កម្ពុជា នាថ្ងៃទី២៥ សីហា នៅសណ្ឋាគារប៉ាស៊ីហ្វិក។
 សៀមរាប៖ ប្រតិបត្តិករទេសចរណ៍ភាគច្រើនបានដាក់ក្តីរំពឹងខ្ពស់លើវត្តមានព្រលានយន្តហោះអន្តរជាតិថ្មី សៀមរាប-អង្គរ ដែលនឹងអាចដឹកជញ្ជូនទេសចរគ្រប់ច្រកល្ហកមកកាន់ខេត្តសៀមរាប ដើម្បីស្ដារវិស័យ ទេសចរណ៍ខេត្តនេះឡើងវិញ។ ចំណុចនេះ ប្រធានក្រុមហ៊ុនភិវឌ្ឍន៍ព្រលាន​យន្តហោះអន្ដរជាតិ សៀមរាប-អង្គរ លើកឡើងថា ក្រុមហ៊ុននឹងខិតខំលើកិច្ចការងារនេះ តែថាចង់បានទេសចរដូចមុនកូវីដ១៩ ត្រូវការពេលវេលាច្រើនបន្ដិច។

 
ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អាកាស​យានដ្ឋាន​អន្ដរជាតិសៀមរាបអង្គរ​ (AIAI) លោក Lu Wei បានឱ្យដឹងថា ព្រលានថ្មីខេត្តសៀមរាប គ្រោងនឹងបើកដំណើរការនៅថ្ងៃទី១៦ តុលា។ ឆ្លើយតបនឹងសំណួរ​អ្នកសារព័ត៌មាន ថាតើក្រុមហ៊ុនមានយុទ្ធសាស្រ្តបែបណាដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ មកកាន់ព្រលានថ្មីខណៈដែលប្រតិបត្តិករទេសចណ៍បានដាក់ក្ដីរំពឹងខ្ពស់ជាមួយវត្តមានព្រលាននេះ លោក Lu Wei លើកឡើងថា បន្ទាប់ពីបើកសម្ពោធរួច ខាងព្រលាននឹងពិភាក្សាជាមួយក្រុមហ៊ុន​អាកាសចរណ៍នានា ធ្វើយ៉ាងណាដើម្បីបង្កើនជើងហោះហើរមកកាន់ខេត្តសៀមរាប។ យ៉ាងណា លោកបញ្ជាក់ថា ការបង្កើនជើងហោះហើរគឺត្រូវធ្វើសន្សឹមៗ និងមិនអាចមានច្រើនដូចមុនកូវីដ១៩ទេ គឺត្រូវការចាយពេលច្រើន។
 

លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប។
 
ព្រលានយន្តហោះអន្ដរជាតិសៀមរាបនៅខាងលិចក្រុងសៀមរាប នឹងឈប់ប្រតិបត្តិការទាំងស្រុងនៅពេល វត្តមានព្រលានយន្តហោះថ្មីបើកដំណើរការជាផ្លូវការ។ លោក Lu Wei បញ្ជាក់ថា ជើងហោះហើរដែល​កំពុង​​​​​ចុះចតប្រចាំថ្ងៃនៅព្រលានសព្វថ្ងៃនេះ មានចំនួន១៦ជើង ដូច្នេះពេលព្រលានថ្មី ប្រតិបត្តិការ​តួលេខនេះក៏មិនខុសគ្នាដែរ។ 
 
ក្នុងវេទិកាស្ដីពី «ទំព័រថ្មីនៃទេសចរណ៍កម្ពុជា» ដែលរៀបចំឡើងដោយសមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA នាថ្ងៃទី២៥ សីហា នាសណ្ឋាគារប៉ាស៊ីហ្វិក លោក Lu Wei លើកឡើងដូច្នេះថា៖«​មុនកូវីដយើងមានទេសចរចិនច្រើន ក្រៅពីព្រលានបើកហើយយើង​នឹងខិតខំប្រឹងប្រែង​ទាក់ទាញ​ទេសចរចិនមកសៀមរាបកាន់តែច្រើន។ ព្រោះបើមានជើងហោះហើរពីក្រៅមកច្រើន ​ក្រុមហ៊ុន​យើងកាន់តែ​រីកចម្រើន មានន័យថាទេសចរមកសៀមរាបកាន់តែច្រើន»។
 
លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប CATA បានរៀបចំវេទិកា ទំព័រថ្មីនៃទេសចរណ៍កម្ពុជាឡើង ដើម្បីឱ្យប្រតិបត្តិករទេសចរណ៍គ្រប់ផ្នែកជួបជុំគ្នា និងជជែកពីបញ្ហា ដែលកំពុងជួប។ លោកបន្តថា ដ្បិតថាវិបត្តិកូវីដ១៩បានចប់ហើយក្ដី តែកំណើនទេសចរនៅមានកម្រិត។ យ៉ាងណាក្នុងនាមសមាគម លោក សារ៉េត ចង់ឃើញប្រតិបត្តិករទេសចរណ៍បន្តរួមគ្នា និងដោះស្រាយបញ្ហានេះតទៅមុខទៀត និងសង្ឃឹមថា ស្ថានការណ៍នឹងល្អប្រសើរវិញឆាប់ៗ។


 លោក Lu Wei ប្រធានព្រលានយន្តហោះសៀមរាប-អង្គរ 

កូវីដ១៩អូសបន្លាយ៣ឆ្នាំ បច្ចុប្បន្ននេះកំណើនទេសចរមានកម្រិតមែនទែន ស្របតាមការអភិវឌ្ឍន៍នៅ លើសាកលលោក ក៏ដូចជាក្នុងតំបន់ប្រទេសកម្ពុជា ថ្មីៗរដ្ឋយកចិត្តទុកដាក់អភិវឌ្ឍន៍ច្រើនលើគម្រោង វិស័យទេសចរណ៍ដើម្បីជួយការកសាងផ្លូវនៅសៀមរាប ក៏ដូចជាខេត្តផ្សេងៗ ដើម្បីបង្កើនចំនួនទេសចរ បានច្រើន។ កាតាគិតបញ្ហានេះ មើលឃើញអាជីវករទេសចរកំពុងរងនូវវិបត្តិ ការឈឺចាប់ អូតែលនៅបិទ ភ្ញៀវមិនទាន់មានកំណើន ទោះបើកវិស័យទេសចរណ៍តែទេសចរនៅមានកម្រិត។ មានគំនិតមួយរិះគន់ មធ្យោបាយដើម្បីស្ថាបនាទេសចរណ៍ដោយរបៀបណា។ 
 
«ទន្ទឹមនឹងនោះយើងក៏គ្រោងបើកព្រលានយន្តហោះថ្មី ទី២ មានរដ្ឋាភិបាលថ្មី អ៊ីចឹងយើងក៏បាន​ត្រៀម​គំនិតមួយដើម្បីដាស់ស្មារតី កៀរគរទាំងអស់ដើម្បី​ចូលរួមស្ដាប់បច្ចុប្បន្នភាពនៃព័ត៌មាន​ទាំងអស់​ដើម្បីដើរទាន់សភាពការណ៍»។ នេះជាការលើកឡើងរបស់លោក សារ៉េត។
 
យល់ឃើញមិនខុសពីម្ចាស់អាជីវកម្មដទៃទៀតទេ លោក សារ៉េត នៅតែគិតថា ការពង្រីកជើងហោះហើរ គឺជាដំណោះស្រាយដែលជួយឱ្យវិស័យទេសចរណ៍សៀមរាបមានដង្ហើមឡើងវិញ។ លោកពន្យល់ថា៖« បញ្ហាសំខាន់ជាងគេ គឺជើងហោះហើរ កង្វះខាតនៃការចុះចតយន្តហោះធំៗ មិនទាន់មានព្រលានស្ដង់ដា​យើងកំពុងអភិវឌ្ឍន៍ត្រូវការពេលវេលា»។
 
ក្នុងនាមជាប្រតិបត្តិករទេសចរណ៍មួយរូប លោក សារ៉េត បាននិយាយលើកទឹកចិត្តដល់ប្រតិបត្តិករ​ដទៃទៀតដូច្នេះថា៖« អ្នកដែលនៅសុទ្ធតែអត់ធ្មត់ គ្រប់គ្នាសុទ្ធតែមានការឈឺចាប់ តែវិបត្តិនេះមិនមែន​កើតតែនៅខ្មែរទេ មានទូទាំងសាកលលោក រឿងសំខាន់ការអូសបន្លាយ​នៃព្រឹត្តិការណ៍ដែលអាចនឹង ប្រែប្រួលយ៉ាងណា យើងមិនអាចទាយទុកមុនទេ ប៉ុន្តែសម្រាប់ក្នុងប្រតិបត្តិករទេសចរណ៍យើងនៅ​តែជឿជាក់ សង្ឃឹមថានឹងអាចស្ដារឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។ សូមកុំអស់សង្ឃឹម អ្វីកើតឡើង​ទាំងអស់ទាល់​តែយើងចូលរួម បើអស់សង្ឃឹម អស់ទឹកចិត្តធ្វើហើយការងារនោះមិនអាចទៅបានទេ»។ 
 


វេទិកា ទំព័រថ្មីនៃទេសចរណ៍កម្ពុជា ដែលរៀបចំឡើងដោយ CATA បានទាក់ទាញអ្នកចូលរួមប្រមាណ ២០០នាក់។ ប្រធានក្រុមហ៊ុនលក់សំបុត្រយន្តហោះ និងទួរមួយនៅខេត្តសៀមរាប ឆាំ សំបូរ យល់ថា វេទិកានេះមានសារសំខាន់ ដោយជជែកពីអ្វីដែលគួរធ្វើបន្តនៅក្រោយវិបត្តិកូវីដ និងវិធីសាស្រ្តរៀបចំ ក្រុមហ៊ុនឡើងវិញ ពិសេសទាក់ទងនឹងការធ្វើទីផ្សារឌីជីថល។ លោកបន្ថែមថា៖« ខ្ញុំយល់ថា ម្ចាស់អាជីវកម្មត្រូវរៀនឱ្យបានច្រើន សម្រាប់បរិបទសព្វថ្ងៃ ដើម្បីកែលម្អ ដូចជាបណ្ដាញសង្គម វេបសាយ ផេក ត្រូវគិតឡើងវិញ ថាតើចំណុចអ្វីដែលគេមាន ហើយយើងមិនមាន ត្រូវស្វែងយល់ថា​តើអតិថិជន​យើងចង់បានអី»៕

Tag:
 ព្រលានយន្តហោះសៀមរាប-អង្គរ
  CATA
© រក្សាសិទ្ធិដោយ thmeythmey.com