អន្តរជាតិ
បុគ្គលិក​ជំនួយ​សង្រ្គោះ​ប្រថុយ​ជីវិត​ខ្លួន​ដើម្បី​ជួយ​មនុស្ស​ដទៃ
28, Aug 2023 , 9:30 am        
រូបភាព
រូប​ឯកសារ៖ មនុស្ស​ពិនិត្យ​គំនរ​នៅ​សណ្ឋាគារ Canal ក្រោយ​ការ​ផ្ទុះ​មួយ​កាល​ពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០០៣ ក្នុង​ក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់។
រូប​ឯកសារ៖ មនុស្ស​ពិនិត្យ​គំនរ​នៅ​សណ្ឋាគារ Canal ក្រោយ​ការ​ផ្ទុះ​មួយ​កាល​ពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០០៣ ក្នុង​ក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់។
ដោយ: VOA
ក្រុង​ហ្សឺណែវ — ទិវា​មនុស្សធម៌​ពិភពលោក​នា​ឆ្នាំ​នេះ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​គ្រា​ដែលហានិភ័យមាន​កាន់​តែ​ខ្លាំង​ឡើង​ ចំពោះ​បុគ្គលិក​ផ្នែក​ផ្តល់​ជំនួយ​សង្រ្គោះ​រាប់​ពាន់​នាក់​ ដែលប្រថុយ​ជីវិត​របស់​ខ្លួន​ ដើម្បី​ជួយ​មនុស្ស​រាប់​លាន​នាក់ ​រងគ្រោះ​ដោយសារ​ជម្លោះ គ្រោះធម្មជាតិ​ និង​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​មនុស្ស។

 
អង្គការ​សហប្រជាជាតិ​និយាយ​ថា​ បុគ្គលិក​ផ្នែក​ជំនួយ​មនុស្សធម៌​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់​តែច្រើននា​ពេល​បច្ចុប្បន្ន បើ​ប្រៀប​នឹង​កាលពី​២០​ឆ្នាំ​មុន។ ជាក់ស្តែង នៅ​ពេល​ទីស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ ​នៅ​សណ្ឋាគារ Canal Hotel ក្នុង​ក្រុង​បាកដាដ​ នៃ​ប្រទេស​អ៊ីរ៉ាក់​​​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ ដែល​បាន​សម្លាប់​បុគ្គលិក២២​នាក់ រួម​មាន​លោក Sergio Vieira de Mello អ្នក​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ និង​ធ្វើ​ឱ្យ១៥០នាក់​ទៀត​រង​របួស។
 
ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) ​របស់​អង្គការ​សហប្រជាជាតិ​ និយាយ​ថា ​គិត​មក​ទល់​ឆ្នាំ​នេះ បុគ្គលិក​ផ្នែក​ជំនួយ​មនុស្សធម៌៦២​នាក់ ត្រូវ​បាន​សម្លាប់ ​នៅ​ក្នុង​វិបត្តិ​នានា​ជុំវិញ​ពិភពលោក ​ដែល​នេះជា​ការកើនឡើង៤០ភាគរយ ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២២។ បុគ្គលិក​ផ្នែក​ជំនួយ​សង្រ្គោះ៨៤​នាក់​ទៀត​ បាន​រងរបួស ​និង៣៤នាក់​ត្រូវ​បាន​ចាប់​ជម្រិត។
 
លោក Ramesh Rajasingham ប្រធាន​ការិយាល័យការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​ នៅ​ក្រុង​ហ្សឺណែវ​ បាន​និយាយ​ថា៖ «ស្ថិតិ ​គឺ​មិនល្អ»។ រៀងរាល់​ឆ្នាំ បុគ្គលិក​ផ្នែក​ជំនួយ​សង្រ្គោះ​ត្រូវ​បាន​សម្លាប់​ ក្នុង​ពេល​បំពេញ​កាតព្វកិច្ច​ចំនួន​ជិត៦ដង ​ច្រើន​ជាងចំនួន​អ្នកដែល​ត្រូវ​បាន​សម្លាប់ ​នៅ​ក្រុង​បាកដាដ​ នា​ថ្ងៃ​ដ៏​សោកសង្រេងនោះ»។
 
លោក​បាន​ថ្លែង​ថា៖ «ច្បាប់​អន្តរជាតិ​បាន​បញ្ជាក់​ច្បាស់។ បុគ្គលិក​ផ្នែក​ផ្តល់​ជំនួយ ​មិន​មែន​ជា​គោលដៅវាយប្រហារ​នោះទេ។ ជន​ប្រព្រឹត្ត ​ត្រូវតែ​យក​មក​ទទួល​ខុសត្រូវ។ និទណ្ឌភាព​ចំពោះ​បទឧក្រិដ្ឋ​ទាំង​នេះ ​គឺ​ជា​ស្នាមរបួស ​ដិត​ជាប់​លើ​មនសិការ​រួម​របស់​យើង»។
 
ការិយាល័យសម្រួបសម្រួល​កិច្ចការ​មនុស្សធម៌​និយាយ​ថា ចំនួននៃ​ការវាយប្រហារ​ដ៏​ច្រើន​មក​លើ​បុគ្គលិក​ផ្នែក​ជំនួយ​សង្រ្គោះ ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ គឺប្រកៀកប្រកិត​ និង​ចំនួនវាយប្រហារ​នៅ​ប្រទេស​ស៊ូដង់។ ចំនួន​បុគ្គលិកបាត់បង់​ជីវិត​ ក៏​ត្រូវបាន​កត់ត្រា​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល ម៉ាលី សូម៉ាលី និង​អ៊ុយក្រែន​ផងដែរ។ ទិវា​មនុស្ស​ធម៌​ពិភពលោក ​ត្រូវ​បាន​បង្កើត​ឡើង ​ជា​ការ​ឆ្លើយតប​នឹង​សោកនាដកម្ម​ ការ​វាយប្រហារ​នៅ​អ៊ីរ៉ាក់​កាល​ពី២០​ឆ្នាំ​មុន។
 
ពួក​អ្នក​នៅ​រស់រាន​មាន​ជីវិត សមាជិក​គ្រួសារ​ជនរងគ្រោះ ក៏ដូចជា​មន្រ្តី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ ប្រតិភូ​និង​សាធារណជន​ បាន​ចូលរួម​ក្នុង​ពិធី​ដ៏​ពិសេស​នេះ ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល ​អង្គការ​សហប្រជាជាតិ ​ក្នុង​ក្រុង​ហ្សឺណែវ​ ដើម្បី​គោរពវិញ្ញាណក្ខន្ធ​បុគ្គលិក​ផ្នែក​ជំនួយ​សង្រ្គោះ​ដែល​បាន​បាត់បង់ជីវិត ​អំឡុង​ពេល​បំពេញ​ការងារ​មនុស្សធម៌។
 
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បាន​និយាយ​ថា៖ «ដោយ​មិន​ទទួល​បាន​ការយកចិត្តទុកដាក់​ បុគ្គលិក​ជំនួយ​មនុស្សធម៌​ធ្វើការ​ គ្រប់ពេលវេលា​ដើម្បី​ធ្វើ​ឱ្យ​ពិភពលោក​ក្លាយ​ជា​កន្លែង​ប្រសើរជាងមុន»។
 
លោក​បន្ត​ថា៖ «ដោយ​ប្រឈម ​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​ខ្លួន​ឯង​ ពួកគេជួយសម្រាល​ការរងទុក្ខ ​នៅ​ក្នុង​កាលៈទេសៈ​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត»។
 
លោក Ahmad Fawzi ដែល​បាន​ធ្វើ​ជា​ពិធីករ​នៃ​ពិធី​នេះ ជា​អ្នកនាំពាក្យ​លោក Sergio Vieiro di Mello នៅ​ពេលការ​វាយប្រហារ​ភេរវកម្ម​ នៅ​សណ្ឋាគារ Canal Hotel នៅ​ក្រុង​បាកដាដ​បាន​កើតឡើង។ លោក​បាន​គេច​ផុត​ពី​ការស្លាប់​ ដោយសារ​តែ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅ។ ប៉ុន្តែ​ស្លាកស្នាម​ នៅ​ដិតជាប់​រហូត​មក​ដល់​ពេល​នេះ។
 
លោក Fawzi បាន​ថ្លែង​ថា៖«តែងមាន​ការ​និយាយ​ថា ពេលវេលា​នឹង​ជួយ​ព្យាបាល​ស្នាម​របួស។ ខ្ញុំ​មិន​យល់​ស្រប​នោះ​ទេ»។
 
ដោយ​ដកស្រង់​សម្តី​អ្នកស្រី Rose Fitzgerald Kennedy ដែល​បានបាត់បង់​កូន​ពីរ​នាក់ ​ដោយសារ​គ្រាប់​ភ្លើង​របស់​ឃាតករ លោក​ Fawzi បាន​និយាយ​ថាស្រប​ពេល «ការ​ឈឺចាប់​មាន​តិច​ជាង​មុន ​វា​មិនសាប​រលាបបាត់​នោះ​ទេ»។
 
ក្នុង​សម្តី​អ៊ួលដើម​ក លោក Fawzi បាន​ចែករំលែក​ការ​ចងចាំ​ប្រកប​ដោយ​ការ​ឈឺចាប់ ​ពី​ការ​ត្រូវ​នាំ​យក​សាកសព​មិត្តភក្តិ​របស់​លោក​ឈ្មោះ Nadia Younus ដែល​ត្រូវ​បាន​សម្លាប់​ដោយសារ​ការវាយប្រហារ​ភេរវកម្ម នៅ​ក្រុង​បាកដាដ​ ទៅ​កាន់​កន្លែង​បញ្ចុះសព​នៅ​រដ្ឋធានី​គែរ​ នៃ​ប្រទេស​អេហ្ស៊ីប។
 
លោក​បាន​ថ្លែង​ថា៖ «មាន​អារម្មណ៍​ថា ខ្ញុំ និង​ Nadia ទើប​តែ​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​គ្នា​ នៅ​ក្រុង​បាកដាដ កាល​ពី​ម្សិលមិញ​សោះ»។
 
ការចងចាំ​ប្រកបដោយ​ការ​រំជួលចិត្ត​មួយ​ទៀត ​ត្រូវ​បាន​ចែករំលែក​ដោយ​ លោក Mujahed Mohammed Hasan ដែល​ជា​អ្នករួច​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០០៣។
 
លោក​បាន​និយាយ​ថា លោក​កំពុង​មាន​ភាព​សប្បាយរីករាយ ​ក្នុង​ការ​រៀបចំ​ពិធី​រៀបការ​របស់​លោក​នៅ ​ចំ​ថ្ងៃ​ដែល​លោក​បាន​រងរបួស។ លោក​បាន​រំឭក​ពី​ការ​ព្យាបាល​ប្រកប​ដោយ​ការ​ឈឺចាប់​អស់​ពេល​រាប់​ឆ្នាំ​ ការ​បាត់បង់​ក្តីស្រមៃ​ និងការ​ព្យាយាម​រស់​របស់​លោក។
 
លោក​បាន​ថ្លែង​ប្រាប់​ទៅ​បន្ទប់​ពោរពេញ​ដោយ​ភ្ញៀវកត្តិយស​ថា ការ​គាំទ្រ​ពីសំណាក់​គ្រួសារ​របស់​លោក​ បាន​ជួយ​ផ្តល់​ជា​កម្លាំង និង​ជំរុញ ​ឱ្យ​លោក​អាច​ឈរ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​គ្នា​នា​ពេល​នេះ​ ហើយ​លាតត្រដាង​ប្រកប​ដោយ​មោទកភាព ​ពី​ដំណើរ​រយៈពេល​ ២០​ឆ្នាំ​ ក្នុង​ជីវិត​របស់​លោក​ ដែល​បាន​ប្រែផ្លាស់​រូប​លោក ​ឱ្យ​ក្លាយ​ជា​បុគ្គល​ម្នាក់​ប្រកប​ដោយ​មហិច្ឆតា ក្តី​រីករាយ និង​មោទកភាព ដែលប្តេជ្ញា​ជួយ​ដល់​ជីវិត​ក្រុម​មនុស្ស​ត្រូវ​ការ​ជំនួយចាំបាច់។
 
លោក Mujahed Mohammed Hasan ដែល​ជា​អ្នក​រស់រាន​មាន​ជីវិត​បាន​និយាយ​ថា៖ «ដំណើរ​របស់​ខ្ញុំ​នៅ​តែ​បន្ត​ទៅ​មុខ ហើយ​ខ្ញុំ​នៅ​តែ​បន្ត​ព្យាបាល​និង​រីកចម្រើន​ជា​រៀងរាល់​ថ្ងៃ ដោយសារ​តែ​ខ្ញុំ​ជ្រើស​មិន​ក្លាយ​ជា​ជនរងគ្រោះ»។
 
អង្គការ​សហប្រជាជាតិ ​និយាយ​ថាមនុស្ស៣៦២លាន​នាក់ ​នៅ​ជុំវិញ​ពិភពលោក ​ត្រូវការ​ជំនួយ​មនុស្សធម៌។ ដោយ​ប្រឈម​នឹង​ការ​កើនឡើង​យ៉ាង​ខ្លាំង ​ចំពោះ​តម្រូវ​ការ​ជំនួយ​មនុស្សធម៌ ហើយ​ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ និង​បញ្ហា​ដទៃ​ទៀត ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្ស​ធម៌​ប្តេជ្ញា​ថា៖ «អង្គការ​សហប្រជាតិ​ និង​ដៃ​គូ​មាន​គោលដៅ​ជួយ​មនុស្ស​ជិត ២៥០​លាន​នាក់​ ជាប់​ក្នុង​វិបត្តិ​ផ្សេងៗ​លើ​សាកលលោក ដែលចំនួន​នេះ ​មាន ១០​ដង​ច្រើន​ ជាង​នៅ​ឆ្នាំ ២០០៣»៕
 
ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា 

© រក្សាសិទ្ធិដោយ thmeythmey.com