ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គី តិច បន្តធ្វើជាប្រធានក្រុមមេធាវីរដ្ឋាភិបាល ដោយសមាជិកកើនដល់១៤នាក់
28, Aug 2023 , 10:42 am        
រូបភាព
ដោយ: រួបរួម
លោក គី តិច ដែលក្លាយជាទេសរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអណត្តិទី៧ ត្រូវបានតែងតាំងឱ្យបន្តដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែសីហា ដោយព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។



តាមពិតទៅតំណែងរបស់លោក គី តិច ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ត្រូវបានអះអាងរួចទៅហើយ ដោយសម្តេច ហ៊ុន សែន តាំងពីមុនពេលប្រកាសសមាសភាពគណៈរដ្ឋមន្ត្រី។ ក្នុងឋានៈជាទេសរដ្ឋមន្ត្រី លោក គី តិច មានភារកិច្ចជួយនាយករដ្ឋមន្ត្រីលើការដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរដ្ឋាភិបាល។

សមាជិកមេធាវីរាជរដ្ឋាភិបាល កើនឡើងពី៧រូប ឡើងដល់១៤រូប។ នេះបើតាមការប្រៀបធៀបការតែងតាំងដំបូងដូចគ្នា កាលពីអាណត្តិទី៦។ ដូចអណត្តិមុនដែរ លោក ឈិត បូរ៉ាវុធ និងលោក សួង ចាន់ថន ជាសមាជិកដែលមានឋានៈស្មើរដ្ឋមន្ត្រី ដូចលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នាពេលបច្ចុប្បន្ន។

លោក ឡុង ដារ៉ា នៅតែជាសមាជិកដែលមានឋានៈស្មើរដ្ឋលេខាធិការ ខណៈ លោក វិច សុវាចា, លោក អេន សុភាព និងលោក គូន សារឿន ឡើងពីឋានៈស្មើអនុរដ្ឋលេខាធិការ ទៅជាឋានៈស្មើរដ្ឋលេខាធិការវិញ។ សមាជិកផ្សេងទៀតដែលមានឋានៈស្មើរដ្ឋលេខាធិការ មាន លោក ចេង ប៉េងហាប់ និងលោក សាន់ ជួយ។

លោក ដូង លឿង រក្សាតំណែងជាសមាជិកដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ ហើយសមាជិកផ្សេងទៀតដែលមានឋានៈស្មើគ្នារួមមាន លោក ម៉ម ចាន់ណែត,លោក ផូ សុធាផល, លោក អ៊ឹង កិរិយា និងលោក ស៊ុន សំណាង៕



© រក្សាសិទ្ធិដោយ thmeythmey.com