ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំណត់របៀបរបបការងារ និងភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមទាំង២៩រូប
28, Aug 2023 , 12:15 pm        
រូបភាព
ដោយ: រួបរួម
តាមរយៈសេចក្តីសម្រេចមួយចុះថ្ងៃទី២៨ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំង២៩រូប។

 
សេចក្តីសម្រេចបានកំណត់ថា លោក ម៉ម សារិន ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីក្នុងកិច្ចការសម្របសម្រួល ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការនីតិប្បញ្ញត្តិ រីឯការសម្របសម្រួលកិច្ចការទំនាក់ទំនងអន្តរជាតិ ជាបន្ទុករបស់លោក ស្រ៊ី ថាមរុង្គ។
 
លោក យូ ស៊ុនឡុង ជួយប្រមុខរដ្ឋាភិបាលលើកិច្ចការសន្តិសុខ ខណៈលោក សៀម សឿន ជួយក្នុងការសម្របសម្រួលទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយនឹងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។
 
លោក ឡុង វិសាលា, លោក សារ៉ាក់ ខាន់, លោក កែវ បាភ្នំ, លោក ហ៊ុន ស៊ីថា និង លោក អ៊ុង ស៊ាន ទទួលបន្ទុកជួយលើកិច្ចការនានាដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
 
លោក ឯក ស៊ុនចាន់ ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក គង់ វិបុល បន្តទទួលបន្ទុកជាប្រតិភូរាជរដ្ឋាភិបាលក្នុងតួនាទីជាអគ្គនាយកនៃអគ្គនាយកពន្ធដារ ហើយដូចគ្នាផងដែរ លោក គុណ ញឹម ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
 
លោក សុន គន្ធរ ទទួលបន្ទុកជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក ផៃ ស៊ីផាន ជួយនាយករដ្ឋមន្ត្រីលើកិច្ចការសាធារណៈមតិ, លោក ឈឹម ផលវរុណ ជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
 
លោក ង៉ោ សុវណ្ណ និងលោក ឡាំ ហេងហួត ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ, លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រីឯលោក សូ ណារ៉ូ ជួយនាយករដ្ឋមន្ត្រីលើកិច្ចការអាស៊ាន។
 
ជួយលើកិច្ចការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាល និងអន្តរជាតិ ជាភារកិច្ចរបស់លោក ព្រាប កុល។  លោក សំហេង បុរស ជួយកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម, លោក ឈួន ដារ៉ា ជួយលើកិច្ចការពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។
 
វិស័យការពារជាតិ ជាបន្ទុកដែលលោក គីម ប៊ុនថាន ទៅជួយនាយករដ្ឋមន្ត្រី, កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានលោក ជួន សុវណ្ណ ជួយរ៉ាប់រង ខណៈកិច្ចការសេដ្ឋកិច្ច និងសង្គម មានលោក សុខ សារ៉ាវុឌ្ឍ ជាអ្នកទទួលបន្ទុកជួយ។
 
លោក ប៉ែន បូណា ទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោកស្រី កុយ ពិសី ជួយនាយករដ្ឋមន្ត្រីលើកកិច្ចការព្រំដែន និងទេសចរណ៍។
 
លោក តាន់ហ្សង់ហ្វ្រង់ស័រ ជួយលើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោក រ័ត្ន សណ្តាប់ ជួយលើកិច្ចការប្រវត្តិសាស្ត្រ និងវប្បធម៌។
 
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១រូបៗ មានជំនួយការ៤រូប ក្នុងនោះ១រូបឋានៈស្មើអគ្គនាយក, ១រូបឋានៈស្មើអគ្គនាយករង និង២រូបឋានៈស្មើប្រធាននាយកដ្ឋាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com