ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ ទទួលបានប្រាក់បំណាច់ប្រចាំខែប៉ុន្មាន?
29, Aug 2023 , 6:32 pm        
រូបភាព
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីខែធ្នូ ឆ្នាំ២០១៤ បានចេញព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើ។ ព្រះរាជក្រឹត្យនៅតែមានប្រសិទ្ធភាពអនុវត្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

 
 ព្រះរាជក្រឹត្យ មានគោលដៅរៀបចំគ្រប់គ្រងកំណត់ឲ្យមានក្របខណ្ឌគតិយុត្តរួម និងការកំណត់ប្រាក់បំណាច់ និងការបើកផ្ដល់ប្រាក់បំណាច់សម្រាប់ទីប្រឹក្សា ជំនួយការលេខាធិការ និងមន្ត្រីដែលមានឋានៈស្មើគ្រប់ប្រភេទ ចាប់ពីឋានៈស្មើនាយករដ្ឋមន្ត្រី ចុះទៅដល់ឋានៈស្មើអនុប្រធានការិយាល័យ។
 
តាមការកំណត់ក្នុងតារាង ប្រាក់បំណាច់ប្រចាំខែសម្រាប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ រួមមាន ឋានៈស្មើនាយរដ្ឋមន្ត្រី ទទួលបាន ៣,៦៧៥លានរៀល, ឋានៈស្មើឧបនាយករដ្ឋមន្ត្រី បាន ២,៨លានរៀល, ស្មើទេសរដ្ឋមន្ត្រី បាន ២,៤៥លានរៀល, ស្មើរដ្ឋមន្ត្រី បាន ២,១លានរៀល។
 
រីឯអ្នកមានឋានៈស្មើរដ្ឋលេខាធិការ ទទួលបានប្រាក់បំណាច់ប្រចាំខែ ១,៧៥លានរៀល, ស្មើអនុរដ្ឋលេខាធិការ បាន១,៤លានរៀល, ស្មើអគ្គនាយក បាន៧៣,៥ម៉ឺនរៀល, ស្មើអគ្គនាយករង បាន ៦៤,៥ម៉ឺនរៀល, ស្មើប្រធាននាយកដ្ឋាន បាន៦២ម៉ឺនរៀល, ស្មើអនុប្រធាននាយកដ្ឋាន បាន៥៤ម៉ឺនរៀល, ស្មើប្រធានការិយាល័យបាន ៧៨ ១០០រៀល និងស្មើអនុប្រធានការិយាល័យ បាន៦១ ៤០០រៀល។
 
ព្រះរាជក្រឹត្យបានចែងថា ការតែងតាំងទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើ ក្រៅពីមុខតំណែងបានកំណត់ គឺមិនត្រូវបានអនុញ្ញាតិឡើយ។ ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ នឹងមុខតំណែងចាប់ពីអនុរដ្ឋលេខាធិការ ដល់នាយករដ្ឋមន្ត្រីមិនទទួលបាននូវបុព្វសិទ្ធិ និងសិទ្ធិអំណាចឋានានុក្រម ក្នុងរាជរដ្ឋាភិបាលឡើយ។ រដ្ឋបាលថ្នាក់ក្រោមជាតិ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើឡើយ។ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើមិនត្រូវបានអនុញ្ញាតឲ្យមានទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើសម្រាប់ខ្លួនឡើយ។
 
ការតែងតាំងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ នៅអមថ្នាក់ដឹកនាំកម្រិតនយោបាយរបស់ក្រសួង ស្ថាប័ន ដែលមានអាណត្តិអាស្រ័យតាមការបោះឆ្នោត ត្រូវអស់សុពលភាពជាស្វ័យប្រវត្តិ នៅពេលដែលមុខតំណែងរបស់ថ្នាក់ដឹកនាំត្រូវបានបញ្ចប់។
 
ព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់ចំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ គ្រប់ប្រភេទនេះមានប្រសិទ្ធិភាពអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៥ មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com