អន្តរជាតិ
អាមេរិក វៀតណាម និង​តៃវ៉ាន់​ប្រឆាំង​នឹង​ការសាងសង់​របស់​ចិន​នៅ​លើ​កោះ Triton
30, Aug 2023 , 7:39 pm        
រូបភាព
ដោយ: VOA
រូបភាព​ផ្កាយ​រណប​នៃ​កោះ Triton បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​រចនាសម្ព័ន្ធ​ថ្មី​មួយ​ដែល​អ្នក​ជំនាញ​នានា​ជឿ​ថា ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​យោធា​របស់​ចិន​ដែល​មាន​បំណង​គាំទ្រ​ដល់​ការ​អះអាង​ទាមទារ​ដែន​សមុទ្រ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ រូបភាព​ទាំង​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ពី​សហរដ្ឋ​អាមេរិក វៀតណាម និង​កោះ​តៃវ៉ាន់។

 
កោះ Triton ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ Paracel បាន​ក្លាយជា​ចំណុច​ដ៏​ក្ដៅ​គគុក​ថ្មី​ចុងក្រោយ​បង្អស់​មួយ​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ។
 
ប្រទេស​ចិន​បាន​អះអាង​ទាមទារ​ប្រជុំ​កោះ Paracel និង​ប្រជុំ​កោះ Spratly ដែល​នៅ​ក្បែរ​នោះ​ថា​ជា​ដែន​សមុទ្រ​របស់​ខ្លួន និង​បាន​ពង្រីក​ទីតាំង​យោធា​របស់​ខ្លួន​នៅ​លើ​ប្រជុំ​កោះ​ទាំង​នោះ។
 
ប្រទេស​វៀតណាម​និង​កោះ​តៃវ៉ាន់​ក៏​អះអាង​ទាមទារ​ប្រជុំ​កោះ Paracel និង​ប្រជុំ​កោះ Spratlys ថា​ជា​របស់​ខ្លួន​ផង​ដែរ។ វៀតណាម តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក​កំពុង​ប្រឆាំង​នឹង​ការ​ពង្រីក​ដែន​សមុទ្រ​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ​ដែល​ឥឡូវ​នេះ​គេ​ឃើញ​មាន​ការ​សាងសង់​យ៉ាង​ឆាប់​រហ័ស​នូវ​រចនាសម្ព័ន្ធ​ថ្មី​មួយ​នៅ​លើ​កោះ Triton។
 
រូបភាព​ផ្កាយរណប​អំពី​កោះ Triton ដែល​បាន​ថត​នៅ​ខែ​សីហា​នេះ​ដោយ​ក្រុមហ៊ុន Planet Labs PBC ដែល VOA ផ្នែក​ភាសា​កូរ៉េ​ទទួល​បាន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​អ្វី​ដែល​ទំនងជា​ផ្លូវ​រត់​ដ៏​វែង​សម្រាប់​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​កើត។ គេ​មិន​ឃើញ​រចនាសម្ព័ន្ធ​នេះ​នៅ​ក្នុង​រូបភាព​ដែល​បាន​ថត​កាលពី​ខែ​មីនា​នោះ​ទេ។
 
រចនាសម្ព័ន្ធ​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន AP រាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ​ជា​ទី​សម្រាប់​យន្តហោះ​ចុះ​ចត បន្ទាប់ពី​ទីភ្នាក់ងារ​នេះ​បាន​វិភាគ​លើ​រូបភាព​ផ្កាយរណប​ដែល​ខ្លួន​ទទួល​បាន​ពី​ក្រុមហ៊ុន Planet Labs PBC ដែល​បាន​បង្ហាញ​អំពី​ទង់​ជាតិ​ពណ៌​ក្រហម​របស់​ចិន។
 
កោះ Triton នេះ​មាន​ប្រវែង​ប្រហែល ១.២២០ ម៉ែត្រ​និង​ទទឹង​ប្រវែង​ប្រហែល ៦១០ ម៉ែត្រ ហើយ​មក​ទល់​នឹង​ពេល​នេះ​គ្មាន​មនុស្ស​រស់នៅ​ទេ។
 
បើ​យោង​តាម​ការ​វិភាគ​របស់​លោក Bill Conroy អ្នក​ជំនាញ​ជាន់​ខ្ពស់​ខាង​ដំណោះស្រាយ​ដែន​សមុទ្រ​នៃ​ក្រុមហ៊ុន URSA Space ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ការ​វិភាគ​ផ្នែក​ស៊ើបការណ៍​សម្ងាត់ រចនាសម្ព័ន្ធ​នេះ​គឺ​ប្រហែល​ជា​ទំនប់​ទប់​រលក​ធំៗ ដោយសារតែ​រលក​ដែល​បោក​ផ្ទប់​នឹង​កោះ​នេះ​អាច​មាន​កម្ពស់​រហូត​ដល់​ទៅ​ជាង​មួយ​ម៉ែត្រ។
 
លោក Conroy បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ថា៖ «អ្វី​ដែល​មនុស្ស​គិត​ថា​ជា​ផ្លូវ​រត់​របស់​យន្តហោះ​នោះ​គឺ​ជា​ទំនប់​សម្រាប់​ទប់​តំបន់​នោះ​ឱ្យ​នៅ​ស្ងួត ដោយ​ការពារ​ពី​ទឹក​សមុទ្រ។ យើង​ប៉ាន់ស្មាន​ថា​ផ្ទៃដី​ប្រហែល ៧០.០០០ ម៉ែត្រ​ការ៉េ​អាច​ត្រូវ​ការពារ​បាន​ពី​សមុទ្រ [ដោយសារ​ទំនប់​នេះ]»។
 
លោក​បាន​បន្ថែម​ថា នៅ​ផ្នែក​ខាង​ត្បូង​នៃ​អ្វី​ដែល​លោក​ជឿ​ថា​ជា​ទំនប់​ទប់​រលក​សមុទ្រ​នេះ​គឺ​ទំនង​ជា​មាន​សំណង់​បន្ថែម​ទៀត​ដែល​កំពុង​សាងសង់​ឡើង។
 
អ្នក​វិភាគ​ម្នាក់​ទៀត​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS) ក៏​បាន​និយាយ​ផង​ដែរ​ថា រចនាសម្ព័ន្ធ​នេះ​អាច​ជា​ទំនប់​ទប់​រលក​សមុទ្រ​ឬ​ក៏​អាច​ជា​ផ្លូវ​រត់​យន្តហោះ​ដែល​គេ​លើក​ឱ្យ​ខ្ពស់។
 
លោក Ray Powell ប្រធាន​កម្មវិធី SeaLight ដែល​ជា​កម្មវិធី​វិភាគ​លើ​យុទ្ធវិធី​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ដែន​សមុទ្រ​របស់​ចិន នៃ​មជ្ឈមណ្ឌល Gordian Knot សម្រាប់​នវានុវត្តន៍​សន្តិសុខ​ជាតិ​នៃ​សាកលវិទ្យាល័យ Stanford បាន​និយាយ​ថា រចនាសម្ព័ន្ធ​ថ្មី​នៅ​លើ​កោះ Triton នេះ​អាច​ត្រូវ​ប្រើ​សម្រាប់​ជា​ទំនប់​ទប់​រលក​សមុទ្រ​ផង​និង​ជា​ផ្លូវ​រត់​របស់​យន្តហោះ​ផង​នៅ​ពេល​ដែល​សាងសង់​ចប់​រួចរាល់។
 
លោក Powell បាន​បញ្ជាក់​តាម​អ៊ីមែល​ថា រចនាសម្ព័ន្ធ​នេះ​អាច «ធ្វើ​ឱ្យ​ប៉ុស្តិ៍​យោធា​ជួរ​មុខ​ដ៏​តូច​មួយ​របស់​ចិន​នៅ​ទីនោះ​កាន់តែ​ឋិតថេរ​ជាង​មុន​សម្រាប់​រយៈពេល​វែង»។
 
លោក Hoang Viet អ្នក​ជំនាញ​ផ្នែក​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នៃ​សាកលវិទ្យាល័យ​ជាតិ​ទីក្រុង​ហូជីមិញ (National University of Ho Chi Minh City) បាន​ថ្លែង​ថា ប្រសិនបើ​រចនាសម្ព័ន្ធ​នោះ​ជា​ផ្លូវ​រត់​របស់​យន្តហោះ ប្រទេស​ចិន​អាច​ប្រើ​កោះ​នោះ​ជា​ស្ថានីយ៍​ចាក់​សាំង​សម្រាប់​យន្តហោះ​របស់​ខ្លួន​ក្នុង​អំឡុង​បេសកកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង «ជា​ពិសេស​សម្រាប់​ការ​ហោះហើរ​រយៈពេល​យូរ​ពី​កោះ Hainan ទៅ​ប្រជុំ​កោះ Spratly»។
 
កោះ Triton ស្ថិត​នៅ​ចម្ងាយ​ស្មើ​គ្នា​រវាង​ប្រទេស​វៀតណាម​និង​កោះ Hainan របស់​ចិន។ វា​គឺ​ជា​គម្រោង​កែ​លម្អ​កោះ​អចិន្ត្រៃយ៍​ឡើង​វិញ​ថ្មី​ចុងក្រោយ​បង្អស់​មួយ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ការ​ជំរុញ​មួយ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ ២០១៣។ នេះ​បើ​យោង​តាម​គណៈកម្មការ​ត្រួត​ពិនិត្យ​សេដ្ឋកិច្ច​និង​សន្តិសុខ​សហរដ្ឋ​អាមេរិក-ចិន (US-China Economic and Security Review Commission) ដែល​ជា​ទីភ្នាក់ងារ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក។
 
សំណង់​នៃ​គម្រោង​របស់​ចិន​ទាំង​នេះ​ឥឡូវ​នេះ​រួម​មាន​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​មួយ​ចំនួន​ដូចជា​ជញ្ជាំង​ទប់​ទឹក​សមុទ្រ វាល​យន្តហោះ និង​អគារ​នានា​នៅ​ទូទាំង​កោះ​ជាច្រើន។ បើ​ទោះបីជា​ប្រទេស​ចិន​បាន​អះអាង​ពី​ដំបូង​ថា​គម្រោង​សំណង់​នៅ​លើ​កោះ​ទាំង​នេះ​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ក៏ដោយ ក៏​រូបភាព​ផ្កាយរណប​បាន​បង្ហាញ​ថា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​លើ​កោះ​ទាំង​នោះ។
 
មិន​ថា​ចិន​កំពុង​សាងសង់​ទី​សម្រាប់​យន្តហោះ​ចុះ​ចត ទំនប់​ទប់​រលក​សមុទ្រ ឬ​ក៏​ផ្លូវ​អ្វី​នោះ​ទេ អ្នក​ជំនាញ​នានា​យល់ស្រប​ថា រចនាសម្ព័ន្ធ​នៅ​លើ​កោះ Triton នោះ​អាច​ជា​ការ​ពង្រីក​នូវ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ចិន​នៅ​លើ​ប្រជុំ​កោះ Paracel និង​ប្រជុំ​កោះ Spratly។
 
លោក Prashanth Parameswaran ដែល​ជា​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល Wilson និង​ជា​ស្ថាបនិក​ព្រឹត្តិប័ត្រ​ប្រចាំ​សប្ដាហ៍ ASEAN Wonk បាន​ប្រាប់ VOA តាម​អ៊ីមែល​កាលពី​ថ្ងៃ​ទី ២១ ខែ​សីហា​ថា «សំណង់​នីមួយៗ​ដែល​មាន​នៅ​លើ​កោះ Triton នឹង​មាន​តួនាទី​ផ្លាស់ប្ដូរ​ទៅ​តាម​សមត្ថភាព​របស់​សំណង់​ទាំង​នោះ»។
 
លោក​បាន​បន្ត​ថា៖ «ប៉ុន្តែ ទិដ្ឋភាព​ធំ​ជាង​នេះ​គឺ​ថា​សំណង់​ទាំង​នេះ​ជា​រួម​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ពង្រីក​វត្តមាន​និង​សមត្ថភាព​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​វិធី​ផ្សេងៗ​ដូចជា​ការ​គ្រប់គ្រង ការ​បង្ហាញ​វត្តមាន ការ​តាមដាន និង​ការ​បង្ខិតបង្ខំ​ទាំងស្រុង ដោយសារ​មាន​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ​មូលដ្ឋាន​និង​កន្លែង​ចុះ​ចត​ដ៏​ធំ​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​នានា»។
 
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA ផ្នែក​ភាសា​កូរ៉េ​កាលពី​ថ្ងៃ​ទី ២១ ខែ​សីហា​ថា ខ្លួន​ប្រឆាំង​ទៅ​នឹង​ការ​អះអាង​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចិន​គោរព​តាម​ច្បាប់​អន្តរជាតិ។ ដោយសារតែ​ភាព​រសើប​នៃ​ប្រធានបទ​នេះ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​សុំ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។
 
អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ច្រានចោល​ទាំងស្រុង​នូវ​ការ​អះអាង​ទាមទារ​ដែន​សមុទ្រ​ដ៏​ខុស​ច្បាប់​របស់​ចិន​និង​ការ​ជ្រៀតជ្រែក​ណាមួយបែបនេះ»។
 
អ្នក​នាំពាក្យ​រូប​នោះ​បាន​បន្ត​ថា៖ «ការ​អះអាង​ទាមទារ​និង​យោធានីយកម្ម​របស់​ចិន​លើ​ប៉ុស្តិ៍​ជួរ​មុខ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឆន្ទៈរបស់​ចិន​នៅ​ក្នុង​ការ​ប្រើ​ការ​បង្ខិតបង្ខំ​និង​ការ​គំរាម​កំហែង រួម​ជាមួយ​នឹង​វិធានការ​បង្កហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​អះអាង​ទាមទារ​ដែន​សមុទ្រ​ដ៏​ធំ​និង​ខុស​ច្បាប់​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់»។
 
សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​សេរីភាព​នៃ​ប្រតិបត្តិការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ប្រឆាំង​នឹង​វិធានការ​ដ៏​គឃ្លើន​កើនឡើង​របស់​ចិន។ ប្រតិបត្តិការ​របស់​នាវា​ទាហាន​ជើង​ទឹក​និង​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​គឺ​រៀបចំ​ឡើង​ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ប្រឆាំង​នឹង​អ្វី​ដែល​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ហៅ​ថា​ជា «ការ​អះអាង​ទាមទារ​ដែន​សមុទ្រ​ជ្រុល​ហួសហេតុ» របស់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក។
 
ការ​បន្ថែម​ថ្មី​នៅ​លើ​កោះ Triton នេះ «នឹង​ទំនងជា​ធ្វើ​ឱ្យ​វៀតណាម​ខឹង​សម្បា»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Powell។ កោះ Triton នេះ​មាន​ចម្ងាយ​ជិត​ប្រទេស​វៀតណាម​ជាង​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។
 
ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​ចំនួន ៩០% ដែលជា​ដែន​ទឹកមាន​ចរាចរណ៍​ដ៏​មមាញឹក​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយ​ការ​ដឹក​ជញ្ជូន​ចំនួន​មួយ​ភាគ​បី​នៅ​លើ​ពិភពលោក​ឆ្លងកាត់​តាម​ដែន​ទឹក​មួយ​នេះ។ កូន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​កោះ​ដែល​មាន​ទឹក​នៅ​កណ្ដាល​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ដែល​នៅ​ក្បែរ​នោះ​ស្ទើរតែ​ទាំង​អស់​ដូចជា​ប្រទេស​ចិន កោះ​តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន និង​វៀតណាម។
 
អ្នកស្រី Juo-yu Lin សាស្ត្រាចារ្យ​រង​ដេប៉ាតឺម៉ង់​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «ប្រទេស​វៀតណាម ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២៥០ គីឡូម៉ែត្រ​ពី​កោះ​នោះ គឺ​ជា​គោលដៅ​ចម្បង»។
 
អ្នកស្រី Lin បាន​បញ្ជាក់​បន្ថែម​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «យោធា​ចិន​អាច​តាមដាន​មើល​សកម្មភាព​យោធា​របស់​វៀតណាម​ជា​ទៀងទាត់​បាន»។
 
នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ពេល​ថ្មីៗ​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​អ្នកស្រី Pham Thu Hang បាន​និយាយ​ថា៖ «រាល់​សកម្មភាព​ទាំង​អស់​នៅ​ប្រជុំ​កោះ Paracel ដែល​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​វៀតណាម​គឺ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​វៀតណាម»។
 
អ្នកស្រី​បាន​បន្ត​ថា៖ «សកម្មភាព​បែបនេះ​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​ថែមទៀត​និង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ដល់​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ការ​ហោះហើរ [នៅ​ក្នុង​តំបន់]»។
ប្រទេស​ចិន​មាន​យន្តហោះ​ចម្បាំង មីស៊ីល​ស្វ័យ​នាំ​ផ្លូវ និង​ប្រព័ន្ធ​រ៉ាដា​នៅ​លើ​កោះ Woody ដែល​ជា​មូលដ្ឋាន​ចម្បង​របស់​ខ្លួន​នៅ​ក្នុង​ប្រជុំ​កោះ Paracel និង​មាន​ចំណត​ឧទ្ធម្ភាគចក្រ​នៅ​លើ​កោះ​ជួរ​មុខ​ចំនួន ៥ ដូចជា​កោះ Triton កោះ Money និង​កោះ Pattle ដោយ​កោះ Duncan ដើរ​តួ​ជា​មូលដ្ឋាន​របស់​ឧទ្ធាម្ភាគចក្រ។
 
ប្រទេស​ចិន​បាន​បញ្ចប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​លើ​កោះ​ចំនួន ៣ នៅ​ក្នុង​ប្រជុំ​កោះ Spratly ដើម្បី​ពង្រឹង​ការ​អះអាង​ទាមទារ​ដែនទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និងដើម្បី​គាំទ្រ​ដល់​មហិច្ឆតា​របស់​ខ្លួន​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ «ការ​បង្រួបបង្រួម​ឡើង​វិញ​ដោយ​សន្តិវិធី» ជាមួយ​នឹង​កោះ​តៃវ៉ាន់ ដែល​ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន។
 
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​តៃវ៉ាន់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត Taiwan News កាលពី​ថ្ងៃ​ទី ២១ ខែ​សីហា​ថា «សិទ្ធិ» របស់​តៃវ៉ាន់ «លើ​ដែន​ដី​និង​ដែន​ទឹក​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​តំបន់​គឺ​ពិត​ប្រាកដ​ដោយ​មិន​អាច​មាន​ការ​សង្ស័យ​ណា​មួយ​ឡើយ»។
 
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ២១ ខែ​សីហា​ថា «ប្រទេស​ចិន​មាន​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន​លើ «Nanhai Zhudao» [ដែល​ជា​បណ្ដា​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង] និង «ដែន​ទឹក​ដែល​នៅ​ក្បែរ​នោះ»។
 
ពាក្យ «Nanhai Zhudao» នេះ​សំដៅ​លើ​ក្រុម​កោះ​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កោះ Pratas ប្រជុំ​កោះ Paracel និង​ប្រជុំ​កោះ Spratly ផង​ដែរ។
 
លោក Wang បាន​បន្ត​ថា៖ «ការ​សាងសង់​របស់​ចិន​នៅ​លើ​ដែនដី​របស់​ខ្លួន​និង​សកម្មភាព​របស់​ឆ្មាំ​ល្បាត​សមុទ្រ​របស់​ចិន​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ចិន​និង​ជំរុញ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ចិន​គឺ​ស្រប​ច្បាប់​និង​មិន​អាច​រិះគន់​បាន»។
 
កាលពី​ពេល​ថ្មីៗ​នេះ នាវា​របស់​ឆ្មាំ​ល្បាត​សមុទ្រ​ចិន​បាន​ប្រើ​កាណុង​ទឹក​បាញ់​លើ​នាវា​ហ្វីលីពីន​មួយគ្រឿង​ដែល​ផ្ដល់​ស្បៀង​អាហារ​ដល់​កងទ័ព​ម៉ារីន​របស់​ខ្លួន​ដែល​ឈរ​ជើង​នៅ​លើ​នាវា​ចម្បាំង BRP Sierra Madre ដែល​ចត​នៅ​ស្ងៀម ដែល​ខ្លួន​រក្សា​ទុក​ដើម្បី​គាំទ្រ​ដល់​ការ​អះអាង​ទាមទារ​របស់​ខ្លួន​លើ​ថ្ម​ប៉ប្រះ​ទឹក Second Thomas នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com