ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រីការបរទេសណែនាំទូតថ្មីទាំង​​៧រូបឱ្យជំរុញកិច្ចការការទូតសេដ្ឋកិច្ច, ម្ហូបអាហារ, កីឡា និងសិល្បៈ
30, Aug 2023 , 9:29 pm        
រូបភាព
ដោយ: រួបរួម
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី​២៨ ខែ​សីហា បាន​ទទួល​ជួប​ឯកអគ្គ​រាជទូតតែងតាំង​ថ្មីទាំង​៧​រូប នៅទីស្តីការក្រសួង មុន​ពេល​មន្ត្រីទាំងនោះ ចេញទៅ​បំពេញ​បេសកកម្ម​នៅ​បណ្តាប្រទេសគោល​ដៅ​រៀងៗខ្លួន។

 
ជាមួយ​នឹង​ការផ្តាំផ្ញើ​ឱ្យ​ខិតខំ​បំពេញ​ការងារ​ប្រកបដោយការទទួល​ខុសត្រូវខ្ពស់ លោក សុខ ចិន្តាសោភា ដែលទើប​កាន់តំណែង​បានជាងមួយសប្តាហ៍​ បាន​ផ្តល់អនុសាសន៍​ណែនាំ​ដល់​ទូត​ទាំងអស់​ខិតខំជំរុញ កិច្ច​ការការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ការទូតកីឡា និងការទូតសិល្បៈ។
 
បើតាម​​រដ្ឋមន្ត្រីកា​របរទេស ទាំងនេះ ​ជាវិស័យអាទិភាពចម្បងនៃការងារការបរទេសក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសនានា។ 



ជាមួយ​គ្នានេះ លោក​សន្យា​ខិតខំធ្វើយ៉ាងណានឹងជួយស្វះស្វែងផ្តល់លទ្ធភាពដល់បណ្តាស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រៅប្រទេស ដើម្បី​សម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។
មន្ត្រីទូត​ទាំង​៧ ត្រូវបាន​តែងតាំង​កាលពី​ចុងអណត្តិ​ទី៦ ក្រោម​ការ​ដឹកនាំ​របស់លោក ប្រាក់ សុខុន។ ឥស្សរជន​ទាំងនោះ មាន លោក លុយ ដាវីត ដែលត្រូវជំនួស​លោក កេត សាផាន់ ជាឯកអគ្គ​រាជទូតខ្មែរ​ប្រចាំប្រទេសបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា អេស្ប៉ាញ បូរីក្សត្រអង់ជ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។
 
លោក ឡាយ សំកុល ជំនួស​លោក កាន់ ផារិទ្ធ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំ​ចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវេស និង​ហ្វាំងឡាំង ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៏។ លោក សុក ជា ជំនួស​លោក មាស គឹមហេង ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំតួកគី តាហ្ស៊ីគីស្ថាន អាសៃបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន និងរដ្ឋអ៊ីស្រាអែល ដែលមាននិវសេនដ្ឋាននៅទីក្រុងអង់ការ៉ា។
 


លោក ទាន សំណាង ជំនួស​លោក អ៊ីវ ហ៊ាង ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា។ លោក ហ៊ុលក្រង ផាណង ជំនួ​ស​លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ។
 
លោក ឈាង ធីរ៉ា ជំនួស​លោកស្រី ផែន សាវនី ជាឯកអគ្គរាជកម្ពុជា ប្រចាំអាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋឆែក ក្រូអាត ហុងគ្រី ស្លូវ៉ាគី ស្លូវ៉ានី និងអ៊ុយក្រែន ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង។ លោក តាន់ ប៊ុនប៉ា ជំនួសលោក តាន់ វុដ្ឋា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារដ្ឋស៊ែប៊ី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែលក្រាត។
 
មុននឹង​ចេញទៅបំពេញបេសកកម្ម​រៀងៗខ្លួន ឯកអគ្គ​រាជទូតតែងតាំងថ្មីទាំង​៧រូប ក៏បាន​ចូល​ក្រាបថ្វាយ​បង្គំលា ព្រះ​ករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុន, ជម្រាបលាសម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា ផងដែរ។
 
នៅចំពោះមុខ​រដ្ឋមន្ត្រី លោក លុយ ដាវីត តំណាងឱ្យ​ឯកអគ្គ​រាជទូតទើបតែងតាំងថ្មីទាំងអស់ បានបង្ហាញពី​ការ​ប្តេជ្ញាចិត្ត​បំពេញការងារជូនពលរដ្ឋខ្មែរ ឱ្យទាន់ពេលវេលា និងទទួលបាន​សេវាល្អ ព្រមទាំងលើកកម្ពស់វិស័យការទូតសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគបរទេសឱ្យបានច្រើនដើម្បីមកវិនិយោគនៅកម្ពុជា៕
 

Tag:
 ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com