អន្តរជាតិ
រុស្ស៊ី​សង្ឃឹម​ថា​នឹង​បង្កើន​ការនាំ​ចេញ​ត្រី ​និង​គ្រឿង​សមុទ្រ​ទៅ​​ចិន ក្រោយ​ចិន​ហាមការនាំចូលពី​ជប៉ុន
31, Aug 2023 , 6:59 pm        
រូបភាព
រូបឯកសារ៖ រូបថត​នេះ​បង្ហាញ​ពី​ផ្នែក​មួយ​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima Daiichi ដែល​បាន​បំផ្លាញ​ដោយ​រលក​យក្សស៊ូណាមិ នៅក្នុង​ទីក្រុង Okuma ភាគឦសាន​ប្រទេសជប៉ុន នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ រូបថត​នេះ​បង្ហាញ​ពី​ផ្នែក​មួយ​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima Daiichi ដែល​បាន​បំផ្លាញ​ដោយ​រលក​យក្សស៊ូណាមិ នៅក្នុង​ទីក្រុង Okuma ភាគឦសាន​ប្រទេសជប៉ុន នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣។
ដោយ: VOA
ប្រទេស​រុស្ស៊ី​សង្ឃឹម​ថា​នឹង​បង្កើន​ការ​នាំ​ចេញ​ផលិតផល​សមុទ្រ​របស់​ខ្លួន​ទៅកាន់​ប្រទេស​ចិន​ បន្ទាប់​ពី​ការ​ហាមឃាត់​របស់​ចិន​លើ​ការនាំចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន បន្ទាប់​ពី​ការ​បញ្ចេញ​ទឹក​មាន​សារធាតុ​វិទ្យុសកម្ម ​ដែល​ត្រូវ​បាន​ចម្រោះ​រួច​ហើយ ​ពី​រោងចក្រ​នុយក្លែអ៊ែរ​មិន​ដំណើរការ Fukushima ចូល​ទៅ​ក្នុង​សមុទ្រ។

 
រុស្ស៊ី​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​សមុទ្រ​ដ៏​ធំ​បង្អស់​មួយ​ដល់​ប្រទេស​ចិន ដោយ​មាន​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន៨៩៤​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចេញ​ម្ហូប​អាហារ​សមុទ្រ។ នេះ​បើ​តាម Rosselkhoznadzor ដែល​ជា​ទីភ្នាក់ងារ​ឃ្លាំមើល​សុវត្ថិភាព​ម្ហូបអាហារ​របស់​រដ្ឋាភិបាល​រុស្ស៊ី ដែល​បាន​បញ្ជាក់​កាល​ពី​ខែ​កក្កដា។
 
ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃ ទី​២៥ ខែ​សីហា ទីភ្នាក់ងារ Rosselkhoznadzor បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ស្វះស្វែង​បង្កើន​ចំនួន​ក្រុមហ៊ុន​នាំ​ចេញ។
 
សេចក្តី​ថ្លែងការណ៍​របស់​ទីភ្នាក់ងារ Rosselkhoznadzor បាន​បញ្ជាក់​ទៀត​ថា៖ «ទីផ្សារ​ចិន​ជា​ទូទៅ​កំពុង​មាន​តម្រូវការ​ខ្ពស់ សង្ឃឹម​ដល់​ផលិតផល​ត្រី​របស់​រុស្ស៊ី។ យើង​សង្ឃឹម​នឹង​បង្កើន​ចំនួន​ក្រុមហ៊ុននិង​កប៉ាល់​រុស្ស៊ី​ដែល​មាន​ការបញ្ជាក់ចំនួន​នៃ​ផលិតផល​និង​តម្លៃ​របស់​វា»។
 
ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​នេះ ទីភ្នាក់ងារ Rosselkhoznadzor មាន​គម្រោង​បន្ត​ការពិភាក្សា​ជាមួយ​ចិន​ស្តីពី​បញ្ហា​សុវត្ថិភាព​ម្ហូប​អាហារ​សមុទ្រ​និង​បញ្ចាប់​ការ​ចរចា​ជាមួយ​ចិន​ស្តីពី​បទបញ្ញត្តិ​សម្រាប់​ការផ្គត់ផ្គង់​ផលិតផល​សមុទ្រ​រុស្ស៊ី​ទៅ​កាន់​ប្រទេស​ចិន។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​នោះ។
 
ចិន​បាន​ហាមឃាត់​រួចហើយ​នូវ​ការនាំចូល​ម្ហូប​អាហារ​សមុទ្រ​ខ្លះ​មក​ពី​ប្រទេស​ជប៉ុន ក៏ប៉ុន្តែ ការ​ហាមឃាត់​ទាំង​ស្រុង​កាលពី​ថ្ងៃទី​២៤ ខែ​សីហា ​សប្តាហ៍​មុន ​បណ្តាល​មក​ពី​ការ​ព្រួយ​កង្វល់​អំពី​ «ហានិភ័យ​នៃ​សារធាតុ​កខ្វក់​វិទ្យុសកម្ម» បន្ទាប់​ពី​ជប៉ុន​បាន​ចាប់ ផ្តើម​បញ្ចេញ​ទឹក​ដែល​ត្រូវ​បាន​សម្អាត​វិទ្យុសកម្ម​ចេញ​រួច។
 
ចិន​ជា​គោលដៅ​សម្រាប់​ការនាំចេញ​ផលិតផល​សមុទ្រជាង​ពាក់​កណ្តាល​របស់រុស្ស៊ី​រវាង​ខែ​មករា​និង​ខែ​សីហា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ ​ដែល​មិន​បាន​ផ្តល់​តួលេខ​លម្អិត។
 
រុស្ស៊ី​បាន​នាំចេញ​ផលិតផល​សមុទ្រ​ចំនួន​២លាន៣សែន​តោន​ កាលពី​ឆ្នាំ​ទៅ ​ដោយ​មាន​តម្លៃ​ប្រហែល​៦ពាន់១រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ប្រហែល​ពាក់​កណ្តាល​នៃ​ទិន្នផលនេសាទ​ទាំង​អស់​របស់​ខ្លួន ដោយ​មាន ចិន កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន ​ជា​ប្រទេស​នាំ​ចូល​ដ៏​ធំ​បង្អស់។ នេះ​បើ​តាម​រដ្ឋបាល​នេសាទ​របស់​រុស្ស៊ី។
 
ជប៉ុន​បាន​និយាយ​ថា​ ការរិះគន់​មក​ពី​ប្រទេស​រុស្ស៊ី​និង​ចិន​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​ភ័ស្តុតាង​វិទ្យាសាស្ត្រ ​ហើយ​កម្រិត​ជាតិ​កខ្វក់​ក្នុង​ទឹក​នោះ​នឹង​ត្រូវ​ស្ថិតក្រោម​កម្រិតសុវត្ថិភាព​សម្រាប់​ទឹក​បរិភោគ​ នៅ​ក្រោម​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក។
 
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទីភ្នាក់ងារ Rosselkhoznadzor បាន​បញ្ជាក់​ថា ​ខ្លួន​បាន​រឹត​បន្តឹង​ការពិនិត្យ​ឆែកឆេរ​ការ​នាំ​ចូល​ម្ហូប​អាហារ​សមុទ្រ​ជប៉ុន ថ្វី​បើ​បរិមាណ​មាន​តិចតួច​ក៏ដោយ។
 
និយ័តករ​នោះ​ក៏​បាន​និយាយ​ដែរ​ថា ​ទិសដៅ​នៃ​ចរន្ត​ទឹក​សមុទ្រ​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុងតំបន់​ភាគ​ខាង​កើត​បំផុត​របស់​រុស្ស៊ី​ ជា​ទីកន្លែង​ដែល​ផលិតផល​គ្រឿងសមុទ្រ​រុស្ស៊ី​ត្រូវប្រមាណ​៧០%​ត្រូវ​បាន​នេសាទនៅ​ទីនោះ «នឹង​រារាំង​មិន​ឱ្យ​មាន​ផលិតផលសមុទ្រ​កខ្វក់​‍» ដែល​កប៉ាល់​រុស្ស៊ី​នេសាទ​បាន។
 
ទីភ្នាក់ងារ Rosselkhoznadzor ក៏​បាន​រឹតបន្តឹង​ការត្រួត​ពិនិត្យ​សារធាតុ​វិទ្យុសកម្ម​ម្ហូប​អាហារ​សមុទ្រ​ដែល​ចាប់បាន​នៅ​ក្នុង​ដែន​ទឹក​រុស្ស៊ី​ ដែល​នៅមិន​ឆ្ងាយ​ពីតំបន់ Fukushima របស់​ជប៉ុន ហើយ​នឹង​ធ្វើ​តេស្ត​សំណាក​កម្រិត​នៃ​សារធាតុ​វិទ្យុសកម្ម។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Interfax របស់​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ ខែ​សីហា ​ដែល​បាន​ដកស្រង់​សម្តី​ពី​ការិយាល័យ​របស់​ទី​ភ្នាក់ងារ​ Rosselkhoznadzor៕
 

© រក្សាសិទ្ធិដោយ thmeythmey.com