ជាតិ
ក្រសួងកសិកម្ម ចង់ប្រើប្រាស់ដ្រូនឈ្លបយកការណ៍បទល្មើសព្រៃឈើ និងនេសាទ
01, Sep 2023 , 1:55 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងកសិកម្ម ត្រូវការដ្រូន (Drone) ដែលមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីឈ្លបយកការណ៍បទល្មើសព្រៃឈើ និងនេសាទ។ នេះជាការបញ្ជាក់របស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយតំណាងក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី៣១ ខែសីហា។



លោក ឌិត ទីណា បានប្រាប់ទៅកាន់ក្រុមហ៊ុន​មិត្តហ្វូនថា អាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល។ លើសពីនេះ ក្រសួង ក៏កំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ។ 
 
ពាក់ព័ន្ធនឹងការងារនេះ ក្រសួងកសិកម្ម ត្រូវការសហការពីវិស័យឯកជន ។ សម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) ដែលមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីឈ្លបយកការណ៍ និងការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ ចំណែក ផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យកសិកម្ម៕ 
 

Tag:
 កសិកម្ម
  បទល្មើសព្រៃឈើ
  បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com