ជាតិ
អាហារូបករណ៍៧០កន្លែងដល់សិស្សដែលរៀ​ននៅសាលាឈ្មោះ «សម្តេច ហ៊ុន សែន» ក្នុង​ប្រទេសម៉ាលី
01, Sep 2023 , 3:39 pm        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាន​សម្រេច​ផ្តល់អាហារូបករណ៍​ចំនួន​៧០​កន្លែងសម្រាប់រយៈពេល​១០ឆ្នាំ (២០២៣-២០៣៣) ដល់សិស្ស​រៀន​នៅ​គ្រឹះស្ថាន​ពហុសិក្សា សម្តេច ហ៊ុន សែន (Complexe Scolaire SAMDECH HUN SEN) ក្នុង​ក្រុងបាម៉ាកូ ប្រទេស​ម៉ាលី។

 
ជាការ​លើក​ទឹក​ចិត្តដល់គណៈគ្រប់គ្រង​សាលា និង​សម្រាប់​ការ​អភិវឌ្ឍន៍គ្រឹះស្ថាន សម្តេច ហ៊ុន សែន បាន​បញ្ជាក់ពីការ​ផ្តល់​អាហារូបករណ៍នេះ នាពេល​ទទួល​ជួប​លោកស្រី អេវ៉ា មីស្លីវីក នាយិកា​ប្រតិបត្តិ និង​លោក មហាម៉ាត់ ឌៀរ៉ា នាយក​គ្រប់គ្រង​ថ្មី​នៃគ្រឹះស្ថាន​ពហុសិក្សា សម្តេច ហ៊ុន សែន នាព្រឹក​ថ្ងៃទី​១ ខែកញ្ញា។ ក្នុង​ចំណោម​អាហារូបករណ៍​៧០​កន្លែង មាន​៤០​កន្លែង​សម្រាប់​សិស្ស​កម្រិត​បឋម និង​៣០​កន្លែង​សម្រាប់​កម្រិត​មធ្យម។
 
គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន (Complexe Scolaire SAMDECH HUN SEN) នៅទីក្រុងបាម៉ាកូ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ និង​ដាក់ឱ្យ​ដំណើរការនៅ​ខែមករា ឆ្នាំ​២០១៤ ក្រោមជំនួយឧបត្ថម្ភរបស់ សម្តេច ហ៊ុន សែន​ និងលោក​ស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខណ្ឌនៃការពង្រឹងនូវសាមគ្គីភាពរវាងប្រទេសទាំងពីរនៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិង កិច្ចសហប្រតិបត្តិការភាពជាដៃគូ ត្បូង - ត្បូង។
 


នៅក្នុងជំនួប សម្តេច ហ៊ុន សែន បានសំដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថានដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី ។ 
 
​លោកស្រី អេវ៉ា មីស្លីវីក និង លោក មហាម៉ាត់ ឌៀររ៉ា បាន​ចាត់ទុក​អំណោយ និង​ការបន្តជ្រោម​ជ្រែង​របស់សម្តេច ហ៊ុន សែន ជាការ​រួម​ចំណែក​ដល់​វិស័យ​សិក្សា​ធិការនៅម៉ាលី និង​កុមារម៉ាលី ដែល​រៀន​គ្រឹះ​ស្ថាន​ពហុសិក្សានេះ៕
 


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com