ជាតិ
សេដ្ឋកិច្ចអន្តរជាតិ
ក្រុមហ៊ុនចិនកំពុងសិក្សាសង់ផ្លូវរថភ្លើងភ្ជាប់ពីព្រលានថ្មីមកក្រុងសៀមរាប
02, Sep 2023 , 9:59 am        
រូបភាព
 លោក លី វណ្ណៈ (ឆ្វេង) នាយករដ្ឋបាលសាលាខេត្តសៀមរាប និងលោក ឌុច សារ៉េត (ស្ដាំ) អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប
លោក លី វណ្ណៈ (ឆ្វេង) នាយករដ្ឋបាលសាលាខេត្តសៀមរាប និងលោក ឌុច សារ៉េត (ស្ដាំ) អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប
សៀមរាប៖  ក្រុមហ៊ុន China Metro កំពុងសិក្សានិងស្វែងរកកិច្ចសហការជាមួយអាជ្ញាធរខេត្ត ដើម្បីសាងសង់ផ្លូវរថភ្លើងមួយខ្សែភ្ជាប់ពីព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ ស្រុកសូទ្រនិគម មកកាន់ក្រុងសៀមរាប។

 
នាយករដ្ឋបាលសាលាខេត្តសៀមរាបលោក លី វណ្ណៈ បានប្រាប់សារព័ត៌មានថ្មីៗថា ភាគីក្រុមហ៊ុនបាន មកជួបអាជ្ញាធរខេត្តនៅចុងខែ សីហា កន្លងទៅ ដើម្បីបង្ហាញគម្រោងសិក្សាសង់ផ្លូវរថភ្លើង​ពីព្រលានយន្តហោះ មកកាន់ក្រុងសៀមរាប។ លោកបញ្ជាក់ថា គម្រោងនេះមានប្រវែងប្រមាណ​៣០គីឡូម៉ែត្រ ដោយខ្សែរថភ្លើងចេញពីព្រលាន ហើយមកដល់ក្រុងសៀមរាបបែងចែកជាពីរ គឺខ្សែទីមួយ​ឆ្ពោះ​ទៅ​តំបន់អង្គរ និងមួយទៀតមកកាន់ចំណតក្នុងក្រុងសៀមរាប។ 
 
តាមការអះអាងរបស់លោក លី វណ្ណៈ គម្រោងនេះស្ថិតក្នុងដំណាកការសិក្សាប៉ុណ្ណោះ ដោយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាព័ត៌មានពីភាគីពាក់ព័ន្ធទាំងផ្នែកអគ្គិសនី ទឹក ផ្លូវ បរិស្ថានជាដើម ដើម្បីធានាថា ខ្សែរថភ្លើងធុនស្រាលនេះ អាចសាងសង់ទៅរួចក្នុងកម្រិតច្បាស់លាស់។ លោកបន្ថែមថា៖«​គម្រោងនេះ​សិ្ថតក្នុង​​ការសិក្សានៅឡើយទេ អត់ទាន់ចេញជាផ្លូវការទេ»។ 
 
កិច្ចប្រជុំថ្ងៃទី២៣ សីហា ពីគម្រោងសិក្សាផ្លូវរថភ្លើងធុនស្រាលពីព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ នៅសាលាខេត្តសៀមរាប។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប

ដោយសារគម្រោងត្រូវឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ ដូច្នេះភាគីក្រុមហ៊ុនក៏កំពុងសិក្សាជាមួយ អាជ្ញាធរជាតិអប្សរាផងដែរ ទៅលើទីតាំង និងតំបន់បុរាណដ្ឋានដែលត្រូវប៉ះពាល់ឬបញ្ជៀស។ 
 
ជាមួយនឹងគម្រោងថ្មីនេះ ក្នុងនាមរដ្ឋបាលខេត្តលោក លី វណ្ណៈមានក្ដីជឿជាក់ថា នឹងបង្កើតការងារជូន ប្រជាពលរដ្ឋមួយផ្នែកទៀត។ ក្រៅពីនោះទេសចរក៏នឹងចំណេញពេលវេលា និងថវិកាផងដែរ ពេលមកកម្សាន្តខេត្តសៀមរាប។ លោក លី វណ្ណៈ ប្រាប់ដូច្នេះថា៖« នេះជាគម្រោងថ្មីសម្រាប់សៀមរាប បើអាចដំណើរការបានបង្កើតការងារជូនពលរដ្ឋ ជួយកាត់បន្ថយពេលវេលា និងថវិការបស់ទេសចរ​ពីព្រលានយន្តហោះមកក្រុង និងពីក្រុងទៅព្រលាន»។ 
 
គម្រោងនេះ ក៏មានការសាទរពីសមាគមទេសចរណ៍ផងដែរ។ អនុប្រធានសមាគមទេសចរណ៍​កម្ពុជាខេត្តសៀមរាប លោក ឌុច សារ៉េត យល់ថានេះជាភាពវិជ្ជមាននៃការអភិវឌ្ឍក្នុងខេត្តសៀមរាប។ លោក សារ៉េត លើកឡើងថា៖« យើងពិតជារីករាយ និងជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលរាជរដ្ឋាភិបាល អាជ្ញាធរ និងក្រុមហ៊ុនពាក់ព័ន្ធកំពុងរៀបចំ»។ 
 
យ៉ាងណា គម្រោងសាងសង់ផ្លូវរថភ្លើងនេះ ចង់មិនចង់វាបានប៉ះពាល់ដល់ប្រតិបត្តិករដឹកជញ្ជូនមួយផ្នែក ផងដែរ។ តែលោក ឌុច សារ៉េត យល់ថា គេត្រូវយល់ពីការអភិវឌ្ឍនានាដើម្បីឆ្លើយតបតាមតម្រូវការ ដូច្នេះការបង្កើតរថភ្លើងនេះ ក៏ជួយសេវាដឹកជញ្ជូនក្នុងខេត្តសៀមរាបឱ្យមានភាពសម្បូរបែបដូចប្រទេស ជិតខាងដែលគេបានធ្វើរួចហើយដែរ។ លោក សារ៉េត បន្ថែមថា៖«​ខ្ញុំគិតថាក្នុងដំណាក់កាល​មួយ​ដែលប្រទេសត្រូវការអភិវឌ្ឍន៍អ្វីៗវាមានការវិវឌ្ឍន៍ជានិច្ច ពេលយើងមានអ្វីៗទំនើប មានអ្វីៗកាន់​តែ​ប្រែប្រួល ជាពិសេសព្រលានយន្តហោះថ្មីដែលមានវិសាលភាពធំ ចំនួនទេសចរ​ដែលចូលមកសៀមរាប​ក៏កាន់តែច្រើន ដើម្បីសម្រួលតាមបរិបទនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវតែមាន»៕
 

Tag:
 រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com