អន្តរជាតិ
រដ្ឋាភិបាល​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​រុករក​រ៉ែ​ក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ
03, Sep 2023 , 8:39 am        
រូបភាព
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ប្រេង​តាលីបង់​ លោក​ Shahabuddin Dilawar ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគទុនចិន នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣។ (Taliban information office via VOA)
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ប្រេង​តាលីបង់​ លោក​ Shahabuddin Dilawar ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគទុនចិន នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣។ (Taliban information office via VOA)
ដោយ: VOA
ក្រុម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ប្រកាសនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួក​គេបាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យារុករក​រ៉ែ​ ដែល​មាន​តម្លៃ​ជាង​ ៦.៥០០ ​លាន​ដុល្លារ​អាមេរិក​ ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​ ​មក​ពី​ប្រទេស​ចិន​ អ៊ីរ៉ង់​ តួកគី​ និង​ចក្រភពអង់គ្លេស។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ប្រេង​តាលីបង់​ លោក​ Shahabuddin Dilawar បាន​និយាយ​ថា​ កិច្ចសន្យា​ទាំង​នោះ​គ្រប​ដណ្តប់​លើ​ការរុករក​ និង​ចម្រាញ់​រ៉ែ​មាស​ ទង់ដែង​ ដែក​ សំណ​ និង​រ៉ែ​ស័ង្កសី​ ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​រួម​មាន​ខេត្ត​ Takhar ខេត្ត Ghor ខេត្ត Herat និង​ខេត្ត Logar។
 
ពិធី​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​ទាំង​នេះ​ ​ដែល​ត្រូវផ្សាយ​បន្ត​ផ្ទាល់​តាមទូរទស្សន៍​ជាតិ​ អាហ្វហ្គានីស្ថាន​កើត​ឡើង​ ខណៈ​ពេល​ដែល​ក្រុម​អាជ្ញាធរ​តាលីបង់​បានកត់សម្គាល់​ខួប​ឆ្នាំ​ទី​ ២​នៃ​ការ​ដក​កងទ័ព​ក្រុម​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ដែល​ដឹកនាំដោយអាមេរិក​ចេញពី​ប្រទេស​នេះ ​ដោយ​ភាព​ច្របូកច្របល់​ ក្រោយ​ធ្វើ​សង្គ្រាម​នៅទី​នោះ​អស់​ពេល​ជិត​ ២០ ឆ្នាំជាមួយ​ក្រុម​បះបោរ​តាលីបង់នៅ​ពេល​នោះ។
 
លោក Dilawar និយាយ​ថា​ កិច្ច​សន្យា​ចំនួន​ ៧​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នឹង​ផ្តល់​ប្រាក់​វិនិយោគ​ប្រមាណ ​៦.៥៥៧​ លានដុល្លារ​អាមេរិក​ និង​ការងារ​រាប់ពាន់កន្លែងនៅ​ក្នុងប្រទេសមួយ​នេះ។
 
រដ្ឋមន្ត្រី​តាលីបង់​រូប​នេះក៏​បាន​ពន្យល់​ផង​ដែរ​ថា​ កិច្ចព្រមព្រៀង​មួយ​ ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ចិនសម្រាប់​ការរុករក​រ៉ែ​មាស​ ក្នុង​ខេត្ត​ Takhar របស់​អាហ្វហ្គានីស្ថាន​ នឹង​ផ្តល់​កម្រៃ​ភាគហ៊ុន​នៃ​ប្រាក់​ចំណេញ​ចំនួន​ ៦៥ភាគរយ​ ដល់​រដ្ឋាភិបាល​តាលីបង់​ ក្នុង​រយៈពេល ៥ ​ឆ្នាំ។
 
លោក ​Dilawar ក៏​បាន​និយាយផង​ដែរ​ថា​ កិច្ចសន្យា​ផ្សេងៗ​ទៀត​ជាមួយ​រដ្ឋាភិបាល​ប្រទេស តួកគី ​អ៊ីរ៉ង់​ និង​រដ្ឋាភិបាល​ចក្រភពអង់គ្លេស ក្នុង​ការ​ជីករកនិង​ចម្រាញ់​រ៉ែ​ដែក​និង​រ៉ែមាស​ ក្នុង​ខេត្ត​ Herat ​របស់​អាហ្វហ្គានីស្ថាន​ នឹង​ផ្តល់​កម្រៃ​ភាគហ៊ុន​ចំនួន​ ១៣ ​ភាគរយ​ក្នុង​រយៈពេល​ ៣០​ ឆ្នាំ។​ ​
 
«កិច្ចសន្យា​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្លាយទៅ​ប្រទេស​នាំ​ចេញ​រ៉ែដែក នៅ​ពេល​ណា​មួយ»។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ប្រេង​របស់​អាហ្វហ្គានីស្ថាន​រូប​នេះ។
អ្នក​មន្ទិលសង្ស័យ​ខ្លះ​បាន​ចោទជា​សំណួរ​ពីចិរភាព​នៃកិច្ចសន្យា​ទាំង​នេះ​ ដោយ​សារ​តែ​ប្រទេស​អាហ្វហ្គានីស្ថាននៅ​ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ឡើយ ក្រោយ​ពី​ក្រុម​តាលីបង់​បានដណ្តើម​គ្រប់គ្រង​អំណាច​ឡើង​វិញ​ នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ខែ​សីហា​ ឆ្នាំ​ ២០២១។​
 
ក្រុម​តាលីបង់​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថានមាន​ស្ថិរភាព​ និង​បង្កើន​ពាណិជ្ជកម្ម​ជា​មួយប្រទេស​ក្បែរខាង​និង​ប្រទេស​ដទៃ​ទៀតផង​ដែរ។​ នេះ​បើ​យោងទៅ​លើក្រុមអ្នក​តាមដាន​ឯករាជ្យ​និង​មន្ត្រីក្នុង​តំបន់​មួយ​ចំនួន។​
 
​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​រដ្ឋាភិបាល​ក្រុង​កាប៊ុល​របស់​តាលីបង់​ ដែលមាន​សុទ្ធ​តែ​ក្រុម​បុរសៗ​នោះ នៅ​តែ​ស្ថិត​ក្រោម​ការរិះគន់ពី​ពិភពលោក​ ​ចំពោះ​ការ​រឹត​បន្តឹង​មិន​ឱ្យ​ស្ត្រីធ្វើការ​និងចូលរៀន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com