អន្តរជាតិ
លោក​ Trump បដិសេធ​ថា​គ្មាន​កំហុស​ចំពោះ​បទ​ចោទ​​ប្រកាន់​ពី​ការ​ជ្រៀតជ្រែក​ការបោះឆ្នោត​ក្នុង​រដ្ឋ Georgia
02, Sep 2023 , 5:59 pm        
រូបភាព
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងនៅក្នុងក្លិបវាយកូនហ្គោល Trump ថ្នាក់ជាតិ នៅក្រុង Bedminster រដ្ឋ New Jersey កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងនៅក្នុងក្លិបវាយកូនហ្គោល Trump ថ្នាក់ជាតិ នៅក្រុង Bedminster រដ្ឋ New Jersey កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣។
ដោយ: VOA
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Donald Trump​ បាន​បដិសេធមិន​ទទួល​កំហុសចំពោះ​រាល់​ការ​ចោទ​ប្រកាន់ ដែលថា​ លោក​ព្យាយាម​ផ្លាស់​ប្តូរ​លទ្ធផល​ចាញ់​ឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ​ ២០២០ នៅ​ក្នុង​រដ្ឋ​ Georgia ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។ លោក​ក៏​បាន​សម្រេច​មិនបង្ហាញ​ខ្លួន​នៅតុលាការ​នៅ​ក្នុង​សំណុំ​រឿង​នេះ ​ដែល​ត្រូវបាន​កំណត់​ធ្វើ​ឡើងនៅ​សប្តាហ៍​ក្រោយ។

ការណ៍​នេះ​មាន​ន័យ​ថា​ លោក Trump ដែល​ជា​ចុងចោទ​មួយ​ក្នុង​ចំណោម​ចុងចោទ​ទាំង​ ១៩​ នាក់ នៅ​ក្នុងសំណុំ​រឿង​ទុច្ចរិត​និង​ការ​ជ្រៀតជ្រែក​ការបោះឆ្នោតនេះ​ នឹង​មិនត្រូវបង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​តុលាការ ​លោក Scott McAfee ក្នុង​ស្រុក ​Fulton​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្នុង​ទីក្រុង Atlanta ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ឡើយ។​ ថ្ងៃ​សវនាការលើ​សំណុំ​រឿង​នេះ​ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​នៅ​ឡើយ​ទេ ប៉ុន្តែទំនង​ជា​អាចកើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែខែ​ទៀត។​
 
សហ​ចុងចោទ​របស់​លោក Trump ជា​ច្រើន​នាក់​ទៀត​ ក៏​បាន​បដិសេធ​មិន​ទទួល​កំហុស និងលះបង់​សិទ្ធិ​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​នៅ​តុលាការនេះ​ដែរ។
 
លោក ​Trump កាល​ពី​សប្តាហ៍​មុន​ បានជិះ​យន្តហោះពី​ភូមិ​គ្រឹះ​របស់​លោកក្នុង​រដ្ឋ New Jersey ទៅ​កាន់ទីក្រុង Atlanta ដើម្បីប្រគល់​ខ្លួនដល់​អាជ្ញាធរ​ពន្ធនាគារស្រុក Fulton ​ហើយ​ត្រូវ​បាន​ចាប់​ខ្លួននិង​រង​ការ​ចោទ​ប្រកាន់​ចំនួន​ ១៣​ ករណី។​ នៅ​ទីនោះ​ លោក​ក៏​ត្រូវ​បាន​គេឱ្យ​ផ្តិត​មេដៃ​ ហើយ​ក៏​បាន​ក្លាយ​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ១ ដែល​ត្រូវ​បាន​ថតរូប​ពាក់​កណ្តាល​ខ្លួន​ សម្រាប់​កំណត់​ត្រា​ប៉ូលិស។​
 
លោក Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​ ២០២៤ ​នាំមុខ​គេ​ ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​ប្រើប្រាស់​រូប​ថត​មួយ​កំណាត់​ខ្លួន​ដែលមាន​ទឹក​មុខ​ក្រញូវ​របស់​លោក​នោះ​ ដាក់​លើ​អាវយឺត កែវ​កាហ្វេ​ និង​របស់របរផ្សេងៗ​ទៀត​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ដើម្បីរៃអង្គាស​ប្រាក់។​ លោក​បាន​ដាក់​ចំណង​ជើង​រូប​ថត​ពាក់​កណ្តាល​ខ្លួន​នោះ​ថា​ «មិន​ត្រូវ​ប្រគល់​ខ្លួន»​ ​បើ​ទោះ​បី​ជា​រហូត​មក​ដល់​ពេល​នេះ​ លោក​បាន​ចូល​ប្រគល់​ខ្លួន​ លើ​ករណី​បទឧក្រិដ្ឋ​ចំនួន​ ៤​ ដែល​លោក​កំពុង​ប្រឈម​រួច​ហើយក៏​ដោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com