អន្តរជាតិ
ហ្វីលីពីន​ តៃវ៉ាន់​ ម៉ាឡេស៊ី​ និង​វៀតណាម ​ច្រាន​​​ចោល​​ផែនទី​​ចិន​ថ្មី​បំផុត​អំពី​សមុទ្រ​ចិនខាងត្បូង
02, Sep 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ រូបភាពពីអាកាសបង្ហាញនាវារបស់ចិនធ្វើដំណើរនៅតំបន់កោះ Thitu ដែលហ្វីលីពីនកាន់កាប់ក្នុងតំបន់កោះ Spratly នៃសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។
រូបឯកសារ៖ រូបភាពពីអាកាសបង្ហាញនាវារបស់ចិនធ្វើដំណើរនៅតំបន់កោះ Thitu ដែលហ្វីលីពីនកាន់កាប់ក្នុងតំបន់កោះ Spratly នៃសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។
ដោយ: VOA

ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀតណាមបាន​ច្រាន​ចោល​ថាគ្មាន​មូលដ្ឋាន​នូវ​ផែនទីចេញផ្សាយដោយ​ប្រទេស​ចិន ដែល​បង្ហាញតំបន់​មួយ​ចំនួន​ដែល​ចិន​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន រួម​ទាំងក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ផែនទី​នេះ​គួរ​ត្រូវ​គេ​ពិនិត្យ​មើល​ដោយសម​ហេតុផលនិង​គ្មាន​បុរេវិនិច្ឆ័យ។

ប្រទេស​ចិន​បាន​ចេញផ្សាយ​ផែនទីនៃ​ខ្សែ​បន្ទាត់​រាង​អក្សរ​ U ​គ្រប​ដណ្តប់​លើតំបន់​ប្រមាណ​ ៩០% នៃ​សមុទ្រ​ចិនខាង​ត្បូង ដែល​តំបន់ជា​ប្រភព​មួយ​នៃ​បណ្តាជម្លោះ​ជា​ច្រើននៅ​ក្នុង​ផ្លូវ​សមុទ្រ​មួយ​មាន​ការ​ដណ្តើម​គ្នាខ្លាំង​ក្នុង​ពិភពលោក ដែល​នៅ​ទី​នោះនាវាចរណ៍​ពាណិជ្ជកម្ម​ជាង​ ៣ លានលាន​ដុល្លារបាន​ឆ្លងកាត់​រៀងរាល់​ឆ្នាំ។
 
​ក្រោយការចុះផ្សាយនេះ ប្រទេស​ហ្វីលីពីន​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឱ្យ​ «មាន​ការទទួល​ខុស​ត្រូវ​និង​គោរព​តាមកាតព្វកិច្ច​របស់​ខ្លួន‍»​ តាម​រយៈ​ច្បាប់​អន្តរជាតិ​និង​សេចក្តី​សម្រេច​មួយ​របស់​តុលាការ​អាជ្ញាកណ្តាលកាលពី​ឆ្នាំ ២០១៦​ ដែល​បាន​ប្រកាស​ថាខ្សែ​បន្ទាត់​នោះ​គ្មានមូលដ្ឋាន​ផ្លូវ​ច្បាប់​ទេ។
 
ប្រទេស​ម៉ាឡេស៊ីបាន​និយាយ​ថា ​ខ្លួន​បាន​ដាក់ពាក្យតវ៉ា​ខាង​ការទូត​មួយអំពី​ផែនទី​នេះ​ហើយ។
 
ប្រទេស​ចិនបាន​និយាយ​ថា ​ខ្សែបន្ទាត់​នេះ​ផ្អែកលើ​ផែនទី​ប្រវត្តិសាស្ត្ររបស់​ផង​ខ្លួន។ គេ​មិន​បាន​ដឹង​ភ្លាមៗទេ​ថា តើ​ផែនទី​ថ្មី​បំផុត​នេះ​មានសញ្ញា​បង្ហាញការ​ទាមទារ​ដែនទឹក​ថ្មីណា​មួយ​ឬ​បែប​ណា​ទេ។
 
ដោយឡែក​ក្រសួង​ការបរទេស​វៀតណាមបាន​និយាយ​ថា ​ការ​ទាមទាររបស់​ចិន​ផ្អែកលើ​ផែនទី​នេះ​គ្មានតម្លៃ​ ហើយរំលោភ​លើ​ច្បាប់​នៃប្រទេស​វៀតណាម​និង​ច្បាប់​អន្តរជាតិ។
ខ្សែបន្ទាត់រាង​ដូចអក្សរ U របស់​ប្រទេស​ចិន​ លាត​សន្ធឹងរហូត​ដល់​ចម្ងាយ​ ១ពាន់ ៥រយ​គ.ម.​ខាង​ត្បូង​កោះ Hainan ​របស់​ចិន​ ហើយបាន​កាត់​ចូល​ក្នុងតំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ EEZs ​របស់​ប្រទេស​វៀតណាម​ ​ហ្វ៊ីលីពីន ម៉ាឡេស៊ី​ ព្រុយណេ​ និង​ប្រទេស​ឥណ្ឌូណេស៊ី។​
 
នៅ​ពេល​ត្រូវ​សួរ​ថាហេតុ​ដូច​ម្តេច​បានជាប្រទេស​ចិនចេញផ្សាយផែនទី​ថ្មី​បំផុត​របស់​ផងខ្លួន​មាន​ចំណុច​ ១០ ​ប្រៀបធៀប​នឹងផែនទី​មួយ ​ដែល​មាន​ចំណុច​ ៩ ​កន្លង​មក អ្នក​នាំពាក្យក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានការ​ជាក់​ច្បាស់អំពី​ដែន​ដី​ខ្លួន។
 
លោក Wang Wenbin បាន​ថ្លែង​ប្រាប់​សន្និសីទកាសែត​ជា​ប្រចាំ​មួយ​ថា៖ «គោលជំហររបស់​ប្រទេស​ចិនអំពី​បញ្ហាសមុទ្រ​ចិន​ខាងត្បូងតែងតែ​ច្បាស់លាស់ជានិច្ច។ អាជ្ញាធរ​មាន​សមត្ថកិច្ចនៃ​ប្រទេស​ចិនតែងតែ​ធ្វើ​បច្ចុប្បន្នភាពជាទៀងទាត់​និង​ចេញ​ផ្សាយ​ផែនទី​ជា​ស្តង់ដារៀងរាល់​ឆ្នាំ»។
 
ចំណែក ប្រទេស​ឥណ្ឌាបាន​និយាយថា ​ខ្លួន​បាន​ដាក់​ពាក្យតវ៉ា​ខ្លាំង​មួយជា​មួយ​ប្រទេស​ចិនអំពី​ផែនទី​ថ្មី​មួយ​ដែល​ទាមទារយក​ដែនដីរបស់​ឥណ្ឌា​ ដែល​ជាការ​រកាំ​រកូសថ្មី​បំផុតក្នុង​ចំណង​ទាក់ទងរអាក់រអួល​រវាង​មហាប្រទេស​ទាំង​ពីរ​នេះ​នៅ​អាស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com