អន្តរជាតិ
ក្រោយជោគជ័យនៅឋានព្រះចន្ទ ឥណ្ឌាបាញ់យានមួយទៀតទៅសិក្សាស្រទាប់ព្រះអាទិត្យ
03, Sep 2023 , 3:39 pm        
រូបភាព
មួយសប្ដាហ៍បន្ទាប់ពីចន្ទ្រយានចុះចតនៅប៉ូលខាងត្បូងដោយជោគជ័យ ឥណ្ឌាក៏ចាប់ផ្ដើមបេសកកម្មមួយទៀតនៅទីលំហ ជាមួយផែនការសិក្សាស្រទាប់ខាងក្រៅរបស់ប្រព័ន្ធព្រះអាទិត្យ និងឥទ្ធិពលរបស់វា។

-
យានអាទិត្យ (Aditya-L1) ត្រូវបានបាញ់ចេញស្ថានីយ៍មួយនៅមុនថ្ងៃត្រង់ថ្ងៃទី២ ខែកញ្ញា ក្នុងបេសកកម្មទៅប្រព័ន្ធព្រះអាទិត្យរបស់ផែនដី។ យាននេះ ធ្វើដំណើរលើរ៉ុក្កែត PSLV XL ទម្ងន់៣២០តោនដែលរចនាឡើងដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO)។ យានដែលយកឈ្មោះតាមអាទិទេពព្រះអាទិត្យរបស់ហិណ្ឌូ នឹងធ្វើដំណើរចម្ងាយ១,៥លានគីឡូម៉ែត្រដើម្បីទៅដល់គោលដៅបេសកម្ម ដែលនៅចម្ងាយ១ភាគរយនៃចម្ងាយសរុបរវាងផែនដី និងព្រះអាទិត្យ។
 
បេសកកម្ម​នេះ​ នឹងសង្កេត​មើល​ស្រទាប់​ខាងក្រៅ​បំផុត​របស់​ព្រះអាទិត្យ​ក្នុង​ដំណើរ​រយៈពេល​៤​ខែ។
 
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ក៏បង្ហោះសារអបអរតាមបណ្ដាញសង្គម X ដែរ។ លោកសរសេរថា៖ «កិច្ចខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្ត្រដ៏មិនចេះនឿយហត់របស់យើង នឹងបន្តដើម្បីអភិវឌ្ឍការយល់ដឹងកាន់តែប្រសើរឡើងអំពីសកលលោក»។
 
ទីភ្នាក់ងារអវកាសអាម៉េរិក និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ក៏ធ្លាប់បានបញ្ជូនយានអវកាសជាច្រើនទៅកាន់ចំណុចចំណុចប្រព័ន្ធព្រះអាទិត្យ។ កម្មវិធី Pioneer របស់ NASA ចាប់ផ្ដើមទាំងពីទសវត្សរ៍ឆ្នាំ ១៩៦០មក។ ឯជប៉ុន និងចិន បានចាប់ផ្តើមបេសកកម្មសង្កេតមើលព្រះអាទិត្យរៀងៗខ្លួនដែរ។ ប៉ុន្តែប្រសិនបើទទួលបានជោគជ័យ ឥណ្ឌា ក្លាយជាប្រទេសដំបូងគេនៅអាស៊ីដែលមានយានចូលក្នុងគន្លងជុំវិញព្រះអាទិត្យ។
 
អ្នកវិទ្យាសាស្រ្តឥណ្ឌា Somak Raychaudhury បានប្រាប់ទូរទស្សន៍ NDTV មុនការបាញ់ថា វាជាបេសកកម្មដ៏លំបាកមួយសម្រាប់ប្រទេសឥណ្ឌា។
 
លោក Raychaudhury បាននិយាយថា បេសកកម្មនេះនឹងសិក្សាពីការបញ្ចេញកូរ៉ូណារបស់ព្រះអាទិត្យ ដែលជាបាតុភូតនៃការបញ្ចេញប្លាស្មា និងថាមពលម៉ាញេទិចចេញពីបរិយាកាសរបស់ព្រះអាទិត្យ។ សកម្មភាពនេះ មានថាមពលខ្លាំងដែលអាចជះឥទ្ធិពលទៅដល់ផែនដី និងអាចរំខានដល់ប្រតិបត្តិការរបស់ផ្កាយរណប។ លោកបន្តថា យានអាទិត្យ អាចជួយប៉ាន់ស្មានបាតុភូតនេះ និងផ្ដល់ដំណឹងជាមុនដើម្បីបិទដំណើការថាមពលផ្កាយរណប ហើយក៏អាចសិក្សាពីដំណើការរបស់បាតុភូតនេះ ដែលនៅថ្ងៃអនាគត មិនតម្រូវឱ្យមានប្រព័ន្ធព្រមានទុកមុនទៀតឡើយ
 
លើសពីនេះ បេសកកម្មនេះក៏មានគោលបំណងសិក្សាទៅលើបម្រែបម្រួលនៃបាតុភូតព្រះអាទិត្យផ្សេងទៀត តាមរយៈការថតរូបភាព និងវាស់ស្ទង់ភាគល្អិតនៅក្នុងបរិយាកាសខាងក្រៅបំផុតរបស់ព្រះអាទិត្យ៕
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com