អន្តរជាតិ
ឥណ្ឌូណេស៊ី ដាក់ចេញទិដ្ឋាការមាសដើម្បីទាក់ទាញវិនិយោគិនបរទេស
03, Sep 2023 , 5:59 pm        
រូបភាព
ឥណ្ឌូណេស៊ី សម្រេចដាក់ចេញគម្រោងទិដ្ឋាការមាស ដើម្បីទាក់ទាញជនបរទេស និងវិនិយោគិនទៅរកស៊ីក្នុងប្រទេស សំដៅជំរុញសេដ្ឋកិច្ចជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ីដែលបានចែកចាយនៅថ្ងៃទី៣ ខែកញ្ញា។

ក្នុងសេចក្ដីប្រកាស អគ្គនាយកអន្តោប្រវេសន៍  Silmy Karim លើកឡើងថា គម្រោងទិដ្ឋាការមាស អនុញ្ញាតឱ្យជនបរទេសស្នាក់នៅឥណ្ឌូណេស៊ីសម្រាប់រយៈពេលបន្ថែមពី៥ទៅ១០ឆ្នាំ។ ទិដ្ឋាការរយៈពេលប្រាំឆ្នាំតម្រូវឱ្យវិនិយោគិនបង្កើតក្រុមហ៊ុនដែលមានតម្លៃ២,៥លានដុល្លារ ខណៈដែលទិដ្ឋាការ១០ឆ្នាំតម្រូវឱ្យវិនិយោគ៥លានដុល្លារ។
 
ឥណ្ឌូណេស៊ី មិនមែនជាប្រទេសដំបូងដែលដាក់ចេញគម្រោងនេះឡើយ។ ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក រួមទាំងអាម៉េរិក អៀរឡង់ នូវែលហ្សេឡង់ និងអេស្ប៉ាញ សុទ្ធតែមានទិដ្ឋាការមាសស្រដៀងគ្នាសម្រាប់អ្នកវិនិយោគ ដើម្បីទាក់ទាញអ្នកមានពីបរទេស។
 
ទន្ទឹមនឹងនេះ បុគ្គលដែលមិនចង់បង្កើតក្រុមហ៊ុននៅឥណ្ឌូណេស៊ី តែចង់បានទិដ្ឋាការបែបនេះ ត្រូវចំណាយច្រើនដែរ ដោយត្រូវវិនិយោគ២៥លានដុល្លារដើម្បីទទួលបានទិដ្ឋាការ៥ឆ្នាំដែលចេញឱ្យបុគ្គលជាតំណែងអ្នកចាត់ការរបស់ក្រុមហ៊ុន។ ពួកគេត្រូវការ៥០លានដុល្លារដើម្បីទទួលបានទិដ្ឋាការ១០ឆ្នាំ។
 
បើតាមលោក Silmy Karim នៅពេលទៅដល់ឥណ្ឌូណេស៊ី អ្នកកាន់ទិដ្ឋាការមាសលែងត្រូវការស្នើសុំការអនុញ្ញាតទៀតហើយ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com