ជាតិ
លោក ស សុខា ជំរុញឱ្យអភិបាលខេត្តសៀមរាបថ្មីអភិវឌ្ឍន៍ការងារតាមបែបឌីជីថល
06, Sep 2023 , 11:25 am        
រូបភាព
លោក ស សុខា ក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តសៀមរាបថ្មី នៅរដ្ឋបាលខេត្តសៀមរាបនារសៀលថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
លោក ស សុខា ក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តសៀមរាបថ្មី នៅរដ្ឋបាលខេត្តសៀមរាបនារសៀលថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តសៀមរាបថ្មី ត្រូវអភិវឌ្ឍន៍ការងារតាមបែបឌីជីថល ដោយក្នុងនោះត្រូវជ្រើសរើសមន្រ្តីឌីជីថល និងមានសម្ភារការងារ​គ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការងារនេះ។

 
សម្រាប់លោក ស សុខា ការងារឌីជីថលអាចធ្វើទៅបាន គឺត្រូវមានធាតុពីរបញ្ចូលគ្នា ទាំងសម្ភារ និងធនធានមនុស្ស។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្របពេលដែលគណៈរដ្ឋមន្រ្តីអាណត្តិ ទី៧នេះ មានគោលដៅចង់ឱ្យកម្ពុជាក្លាយជាប្រទេសឌីជីថល និងរដ្ឋាភិបាលឌីជីថល ពិសេសពន្លឿន​ការងារ​ដូចបណ្ដាប្រទេសជិតខាង។ 
 
លោក ស សុខា បានលើកឡើង​ដូច្នេះថា៖«ទទួលស្គាល់ថាការងារ​រាល់ថ្ងៃនេះ យើងធ្វើលឿនមែន ប៉ុន្តែបើយើងប្រៀបធៀប​នឹងប្រទេស​ជិតខាង ការងារមួយចំនួនយើង​ធ្លាប់​ធ្វើមួយអាទិត្យ ឥឡូវយើងធ្វើតែ៣-៤ថ្ងៃ ប៉ុន្តែការងារដូចគ្នាប្រៀបធៀបនឹងប្រទេសជិតខាងយើង គេធ្វើតែ៣-៤ម៉ោងក៏ថាបាន»។
 
ជាមួយគ្នានេះដែរ លោក ស សុខា បានឱ្យលោក ប្រាក់ សោភ័ណ គិតគូរពង្រឹងកិច្ចការងារនេះ ដោយត្រូវផ្តល់អាទិភាពជ្រើសរើសមន្រ្តីរាជការចេះប្រព័ន្ធឌីជីថល​ តាមដែលអាចធ្វើទៅបាន។ លោកបន្តថា៖« ដោយសារពួកគាត់មួយចំនួនធំ​​ឱ្យទៅប្រឡងបាក់ឌុបមិនជាប់ក៏ថាបាន ប៉ុន្តែឱ្យ​ទៅសរសេរកូដ ប្រហែលយើងមិនអាចធ្វើដូចគាត់ទេ»។ 
 
លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តសៀមរាបជាផ្លូវការ ជំនួសលោក ទៀ សីហា ដែលឡើងទៅកាន់តំណែងថ្មីជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ។ ក្នុងពិធីប្រកាសនា​ថ្ងៃទី៥ កញ្ញា​ នៅរដ្ឋបាលខេត្តសៀមរាប លោក ស សុខា ក៏បានលើកឡើងពីជំរុញផ្នែក​ប្រព័ន្ធឌីជីថលនេះដែរ​ ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានជជែកជាមួយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ដោយចង់ឱ្យមានការផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយទៅកូន តាមប្រព័ន្ធឌីជីថល ដោយចំណាយពេលត្រឹម៥នាទី និងមិនអស់ថវិកាអ្វីទាំងអស់។ 
 
ចំពោះអភិបាលខេត្តសៀមរាបថ្មី លោក ស សុខា ក៏បានផ្តល់អនុសាសន៍មួយចំនួនទៀតសម្រាប់ការ អនុវត្តន៍ការងារ រួមមាន ត្រូវបន្តថែរក្សា និងពង្រឹងសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ។ ពង្រឹងការអប់រំ ណែនាំឱ្យពលរដ្ឋយល់ពីច្បាប់ចរាចរណ៍ ដើម្បីរុញឱ្យមូលដ្ឋានគ្រប់ថ្នាក់​​​ពិសេសពី​ប្រជាពលរដ្ឋ​​ចូលរួមសហការជាមួយអាជ្ញាធរ នូវបញ្ហាសន្ដិសុខ ល្បែងស៊ីសង ចោរកម្ម។ល។ ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក ត្រូវមានភាពសកម្ម ដោយសំដៅកាត់បន្ថយអាយុជីវិត និងកាត់បន្ថយថវិកា។ 
 
ការពង្រឹងសេវាសាធារណជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់ ក៏លោក ស សុខា រំឭកទៅអភិបាលខេត្តថ្មី ឱ្យយកចិត្តទុកដាក់ផងដែរ។ លោកផ្ដាំថា ត្រូវយកចិត្តទុកដាក់រាល់សំណើរ សំណូមពរ ការតវ៉ា ពាក្យបណ្ដឹងរបស់ពលរដ្ឋ ដោយត្រូវចាត់តាំងមន្រ្តី​ដើម្បីសហការរៀបចំ​វេទិ​ការ​សាធារណៈ។ លោក ស សុខា ផ្តាំមន្រ្តីទៀតថា កុំមើលរំលងរឿងតូចៗ ព្រោះរឿងតូចៗអាច​បង្កើត​ជារឿងធំបាន៕
 
 

Tag:
 ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com