អន្តរជាតិ
រដ្ឋអាជ្ញា​ស្វះស្វែង​រក​ការ​ចោទ​ប្រកាន់​ថ្មី​លើ​លោក Hunter Biden មុន​ដំណាច់​ខែ​កញ្ញា
11, Sep 2023 , 6:59 pm        
រូបភាព
រូបឯកសារ៖ លោក Hunter Biden កូនប្រុសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដើរចេញពីតុលាការ នៅក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក Hunter Biden កូនប្រុសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដើរចេញពីតុលាការ នៅក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។
ដោយ: VOA
រដ្ឋអាជ្ញា​សហព័ន្ធ​គ្រោង​នឹង​ស្វះស្វែង​រក​ការ​ចោទ​ប្រកាន់​ពី​មហា​គណៈវិនិច្ឆ័យ​លើ​កូន​ប្រុស​លោក​ប្រធានាធិបតី​ Joe Biden គឺ​លោក Hunter Biden មុន​ដំណាច់​ខែ​នេះ។ នេះ​បើ​យោង​តាម​ឯកសារ​ក្នុង​សំណុំ​រឿង​ក្តី​ ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP។



ការ​ដាក់​ឯកសារ​នេះ ធ្វើ​ឡើង​ក្នុង​សំណុំ​រឿង​កាន់កាប់​កាំភ្លើង ដែល​លោក Hunter Biden ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​កាំភ្លើង​ក្នុង​អំឡុង​ពេល​លោកប្រើប្រាស់​គ្រឿងញៀន ទោះបី​ជា​ក្រុម​រដ្ឋអាជ្ញា​មិន​បាន​និយាយ​ចំ​ថា ​តើ​ពួកគេ​នឹង​ស្វែងរក​បទ​ចោទ​ណាមួយ​ឱ្យ​ពិតប្រាកដ​ក៏ដោយ។ លោក Hunter កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ​ចំពោះ​ការ​ធ្វើ​ជំនួញ​របស់​លោក។
 
ក្រុម​រដ្ឋអាជ្ញា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋអាជ្ញា​អម​សាលា​ដំបូង​ថ្នាក់​ជាតិ​ប្រចាំ​រដ្ឋ Delaware លោក David Weiss ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស ឱ្យ​កាន់​សំណុំ​រឿង​ក្តី​នេះ បាន​និយាយ​ថា ​ពួកគេ​រំពឹង​ថា ​នឹង​មាន​ការ​ចោទប្រកាន់​មួយ​នៅ​មុន​ថ្ងៃ​ទី ២៩ ​ខែ​កញ្ញា​នេះ។
 
តែ​ក្រុម​មេធាវី​របស់​លោក Hunter Biden បាន​លើក​ទឡ្ហីករណ៍​ថា ​រដ្ឋអាជ្ញា​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចោទប្រកាន់​បន្ថែម ដោយសារ​តែ​មាន​ការព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​ពីរ​ក្នុង​សំណុំ​រឿង​ក្តី​ទាក់ទង​នឹង​កាំភ្លើង​នេះ។ ការ​ព្រមព្រៀងគ្នា​នេះ មាន​លក្ខខណ្ឌ​មួយ​ឱ្យរួច​ផុត​ពី​ការ​ចោទប្រកាន់​សហព័ន្ធ​ចំពោះ​លទ្ធភាព​នៃ​បទឧក្រិដ្ឋ​ផ្សេងទៀត។
 
មេធាវី​ការពារ​ក្តី​គឺ​លោក Abbe Lowell និយាយ​ថា ​លោក Hunter Biden បាន​គោរព​លក្ខខណ្ឌ​នៃ​ការ​ព្រមព្រៀង​គ្នា​នោះ រួម​ទាំង​ការ​ចុះ​មក​ពិនិត្យ​ជា​ទៀងទាត់​ពី​ការិយាល័យ​ព្យួរទោស​សាកល្បង​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com