អន្តរជាតិ
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​ឆ្នាំ​នេះ បន្ទាប់​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ«រីកចម្រើន»
12, Sep 2023 , 7:59 am        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងនៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក នៅរដ្ឋធានីហ្សាការតា ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣។ (Adek Berry/Pool Photo via AP)
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងនៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក នៅរដ្ឋធានីហ្សាការតា ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣។ (Adek Berry/Pool Photo via AP)
ដោយ: VOA
ប្រទេស​អូស្ត្រាលី​និង​ចិន​ បាន​ធ្វើ​ឱ្យមាន​ភាព​ប្រសើរ​ឡើង​ ក្នុង​ការ​វិល​ត្រឡប់​ «ទៅ​រក​ការ​ធ្វើ​ពាណិជ្ជកម្មដែល​គ្មាន​ការ​រាំង​ស្ទះ»​ ហើយការចម្រើន​ទៅ​មុខ​នេះត្រូវ​បន្ត។​ នេះ​បើ​តាម​ការបញ្ជាក់​របស់នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ Anthony Albanese​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​លោក​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang នៅកិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។​ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។



«ភាពចម្រើន​ទៅ​មុខ​ដែល​យើងបាន​ធ្វើ​ក្នុងការ​វិល​ត្រឡប់​ទៅរក​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​គ្មាន​ការ​រាំងស្ទះនោះ គឺ​ជា​ការ​ល្អ​ប្រសើរសម្រាប់​ប្រទេស​ទាំង​២​ ហើយ​យើង​ចង់​ឃើញ​ភាពប្រសើរនោះបន្ត​ទៅ​មុខ​ទៀត»។​
 
លោក​ Albanese​ បាន​ថ្លែងដូច​នេះ​ក្នុង​ការ​បើក​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន។ លោក​បន្ត​ទៀត​ថា​ ការយល់ឃើញ​របស់​អូស្ត្រាលីមិនតែង​តែ​ស្រប​ជាមួយ​ចិន​នោះ​ទេ​ «​ប៉ុន្តែ​យើង​យល់​ថា​ ការ​សន្ទនា​គ្នា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង»។
 
នាយករដ្ឋមន្ត្រី​ចិន​លោកLi ​និយាយ​ថា លោក​ស្វាគមន៍លោក​ Albanese ​ទៅ​ទស្សនកិច្ច​ប្រទេស​ចិនក្នុង​ឆ្នាំនេះ​ ហើយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ​ឆ្លើយ​តប​ថា​ លោក​នឹង​ទៅ។​
 
ការ​ទទួល​យក​ការ​អញ្ជើញ​ឱ្យ​ទៅ​ទស្សនកិច្ចរដ្ឋធានី​ប៉េកាំងប្រទេស​ចិននេះ​ ដែល​ជា​លើក​ទី​ ១​ ហើយ​សម្រាប់​មេដឹកនាំអូស្ត្រាលី​ ទៅកាន់ប្រទេស​ចិន​ ដែលជា​ដៃគូ​ពាណិជ្ជកម្មដ៏​ធំ​បំផុត​របស់​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​ មក គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ក្នុង​ការ​ធ្វើ​ឱ្យមាន​ស្ថិរភាព​ក្នុង​ទំនាក់​ទំនងជា​មួយ​ចិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com