ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បង្កើតគណៈកម្មការសិក្សាលើការកំណត់ចំនួនស្នងការរង និងនាយរងប៉ុស្តិ៍ច្រកទ្វារ
14, Sep 2023 , 9:25 am        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលប្រជុំជាមួយអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំង២៥ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែកញ្ញា
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលប្រជុំជាមួយអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំង២៥ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែកញ្ញា
ដោយ: រួបរួម
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកញ្ញា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងរាជធានី-ខេត្ត ចំណុះអង្គស្នងការដ្ឋាននគរបាលជាតិ និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។



គណៈកម្មការដែលដឹកនាំដោយរដ្ឋលេខាធិការប្រចាំការ លោក ម៉ៅ ច័ន្ទតារា មានអនុប្រធាន៣នាក់ ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃដូចគ្នា រួមមាន លោក ចាន់ អ៊ាន, លោក ប៊ុន ហុន និងលោក គៀត ច័ន្ទថារិទ្ធ។ លោក ឈាង កាន់ឌី នាយរងខុទ្ទកាល័យ, លោក ស ថេត អគ្គស្នងការ, លោក ឆាយ គឹមឃឿន អគ្គស្នងការរង និងបណ្តាស្នងការរាជធានី-ខេត្ត គឺជាសមាជិក រួមជាមួយអគ្គនាយក,ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យជំនាញ ៨រូបទៀត។


រដ្ឋលេខាធិការប្រចាំការ លោក ម៉ៅ ច័ន្ទតារា ជាប្រធានគណៈកម្មការ​ដែលសិក្សា និងកំណត់ចំនួនស្នងការរង និង​នាយរងប៉ុស្តិ៍ច្រកទ្វារ

តាមសេចក្តីសម្រេច គណៈកម្មការនេះ មានតួនាទីសិក្សាអំពីចំនួនអតិបរមានៃមុខដំណែងស្នងការរង និងមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ និងផ្តើមយោបល់កំណត់ចំនួនជាក់លាក់។

«ផ្តើមយោបល់ និងរកដំណោះស្រាយក្នុងការបែងចែកភារកិច្ច និងផ្ទេរសម្រួលភារកិច្ច, ដោះស្រាយលើបញ្ហាចំនួនស្នងការរង, នាយរងប៉ុស្តិ៍ ដែលមានចំនួនលើសក្រោយពីការកំណត់របស់គណៈកម្មការ..»។ ទាំងនេះ ជាតួនាទីរបស់គណៈកម្មការដែលលោក ស សុខា តែងតាំងលោក ម៉ៅ ច័ន្ទតារា ជាប្រធាន៕




© រក្សាសិទ្ធិដោយ thmeythmey.com