ជាតិ
គណៈកម្មការ​ចំពោះ​កិច្ច​ ដោះស្រាយ​បញ្ហា​ចេញ-ចូលពលករតាមព្រំដែន និង​លុបបំបាត់​សេវាក្រៅផ្លូវ​ការ
14, Sep 2023 , 9:29 pm        
រូបភាព
ច្រកព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត ។ ថតដោយ អ៊ូ សុខមាន
ច្រកព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត ។ ថតដោយ អ៊ូ សុខមាន
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣ ខែកញ្ញា បានចេញ​សេចក្តីសម្រេច​ស្តីពីការ​បង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ 
 
គណៈកម្មការចំពោះកិច្ចនេះ ​ដឹកនាំដោយ​លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដោយមាន​លោក គៀត ច័ន្ទ​ថារិទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃជាអនុប្រធានប្រចាំ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន។
 
សមាជិ​ក​ផ្សេងទៀត​របស់គណៈកម្មការ មាន លោក ថោង សំអាត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី, លោក ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច, បណ្តាអភិបាល​ខេត្តជាប់ព្រំដែន, អគ្គនាយកគយ និងរដ្ឋាករ, អគ្គនាយកអន្តោប្រវេសន៍, អគ្គស្នងការ​រងទទួលបន្ទុក​ព្រំដែន, ប្រធាននាយក​ដ្ឋានកណ្តាលនគរបាល​ព្រំដែន, ប្រធាននាយក​ដ្ឋាន​នគរបាលការពារព្រំដែនគោក និង​នាយកទីចាត់ការការងារព្រំដែន។
 
គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ច តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន។
 
គណៈ​កម្ម​ការ​មាន​សិទ្ធិ​ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ, ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន, សិក្សាស្រាវជ្រាវលើប្រភពបញ្ហា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន, ​រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់មិនប្រក្រតី, ត្រួតពិនិត្យដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពតាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ។ 
 
ការយក​កម្រៃក្រៅផ្លូវការ ក៏ត្រូវ​លុប​បំបាត់ផងដែរ ដោយគណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ច​ ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការ, ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន និង​ធ្វើរបាយការណ៍ជូនប្រមុខរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ។
 
គណៈកម្មការអាច​បង្កើ​តក្រុម​ការងារមួយចំនួន​តាមការចាំបាច់ រួមទាំងមានសិទ្ធិ​ប្រើ​ត្រា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ដំណើរការងារ​របស់ខ្លួន​ផងដែរ ដោយ​ថវិកា​ចំណាយ មធ្យោបាយ និងសម្ភារបរិក្ខារសម្រាប់បេសកកម្ម​ ជាបន្ទុក​របស់ក្រសួង ស្ថាប័ន​សាមី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com