ភ្នំពេញ៖ លោក ថាច់ សុថុន គឺជាអ្នកលក់បុកល្ហុង តាមរ៉ឺម៉កម៉ូតូចល័ត បានស្នើរដ្ឋាភិបាល បង្កើតច្បាប់មួយ បញ្ជូនក្មេងទំនើង ដែលប្រព្រឹត្តិខុស ទៅធ្វើការងារសង្គម។ លោកថា ការធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យពួកគេកែខ្លួនប៉ុណ្ណោះទេ ហើយថែមទាំងចំណេញដល់ជាតិថែមទៀតផង។
ត្រឹមជាអ្នកលក់បុកល្ហុង ប៉ុន្តែលោក ថាច់ សុថុន គឺជាពលរដ្ឋដែលសកម្ម ក្នុងការតាមដានព័ត៌មានក្នុងសង្គម។ លោក សុថុន ថា ប្រសិនរដ្ឋាភិបាលបង្កើតច្បាប់ ឱ្យក្មេងទំនើងទៅធ្វើការងារសង្គម ដូចជាបោសសំរាមតាមផ្លូវ ជួសជុលផ្លូវដែលខូចខាត ស្ដារលូ ទៅធ្វើការងារក្នុងមណ្ឌលចាស់ជរា ឬមណ្ឌលក្មេងកំព្រាជាដើម នោះពួកគេនឹងកែខ្លួនបានឆាប់រហ័ស។
បុរសខ្មែរកម្ពុជាក្រោមវ័យជាង៤០ឆ្នាំរូបនេះ ជឿជាក់ថាការអនុវត្តិខាងលើ មិនត្រឹមតែធ្វើឱ្យក្មេងទំនើងកែប្រែខ្លួនប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នោះនឹងជួយសម្រួលដល់កម្លាំងខណ្ឌ និងជួយដល់ថវិកាជាតិថែមទៀតផង។
លោក សុថុន ពន្យល់៖«យើងធ្វើអាវឱ្យពួកគាត់ពាក់ ពេលពួកគាត់ចុះទៅធ្វើការងារសង្គម និងមានសរសេរពាក្យដែលបញ្ជាក់ថា ថ្ងៃក្រោយគាត់នឹងមិនប្រព្រឹត្តអំពើបែបនោះទៀតទេ។ ខ្ញុំជឿថា ធ្វើបែបនេះពួកគាត់និងខ្មាសគេ ហើយគាត់នឹងឈប់ធ្វើខុសទៀត»។
ទោះជាយ៉ាងណា លោកកោតសរសើរដល់ កម្លាំងសមត្ថកិច្ច ដែលប្រឹងប្រែងធ្វើការងាររបស់ខ្លួន ក្នុងការតាមស្រាវជ្រាវចាប់ក្មេងទំនើងកន្លងមក។
ក្នុងមួយរយៈចុងក្រោយនេះ ករណីក្មេងទំនើង និងចាស់ទំនើង ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតពេញបណ្ដាញសង្គម ដូចជាករណីសិស្សស្រីមួយក្រុម នៅសាលារៀនមួយ វាយធ្វើបាបសិស្សស្រី២នាក់ រហូតសិស្សស្រីទាំង២នាក់នោះ មិនហានទៅសាលារៀនអស់ជាច្រើនថ្ងៃ។ ករណីក្មេងប្រុសមួយក្រុម ជិះម៉ូតូបង្ហោះនៅតាមដងផ្លូវ បង្កការរំខានដល់អ្នកដំណើរផ្សេងៗ។
ករណីបុរសចំណាស់ម្នាក់ បាញ់គ្រាប់ចម្ពាមត្រូវមុខកុមារីមួយរូប ដែលកំពុងជិះកង់អគ្គិសនី លេងនៅតាមដងផ្លូវតូចមួយ។ និងករណីបុរសវ័យកណ្ដាលម្នាក់ បត់ម៉ូតូខុសគន្លងផ្លូវ ទៅបុកម៉ូតូដែលគេចតចោលនៅចិញ្ចើមផ្លូវឱ្យខូចខាត ដោយបុរសបង្កហេតុ ថែមទាំងប្រើកិរិយាចង់បង្កជាហិង្សា ដល់ជនរងគ្រោះថែមទៀត។ នៅមានច្រើនករណីទៀត ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលគួរតែត្រួតពិនិត្យ និងរៀបចំយុទ្ធសាស្ត្រយ៉ាងណា ដោះស្រាយបញ្ហាសង្គមមួយនេះ បើបន្តទុកវានឹងក្លាយជាជំងឺរ៉ាំរ៉ៃ ដែលកាន់តែពិបាកព្យាបាល។
កន្លងទៅលោក ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាគួរតែបង្កើតច្បាប់មួយ ដែលតម្រូវឱ្យអ្នកប្រព្រិត្តខុស ពិសេសខុសផ្នែកសីលធម៌សង្គម ដូចជាក្មេងទំនើងជាដើម ទៅធ្វើការងារសង្គម ក្នុងរយៈពេលកំណត់ណាមួយ ដូចជារយៈពេលមួយខែ សម្រាប់អ្នកប្រព្រឹត្តកំហុសស្រាល។ ៣ខែសម្រាប់អ្នកធ្វើខុសមធ្យម និងពីកន្លះឆ្នាំឡើងទៅ សម្រាប់អ្នកធ្វើខុសធ្ងន់។
លោកថាការធ្វើបែបនេះ និងធ្វើឱ្យមនុស្សកែប្រែ មានសេចក្ដីអៀនខ្មាស ហើយពួកគេថែមទាំងយល់តម្លៃ នៃការធ្វើអំពើល្អផងដែរ។ ទោះជាយ៉ាងណា លោកថារដ្ឋត្រូវតែរៀបចំ ប្រព័ន្ធតាមដានសកម្មភាព របស់ក្រុមអ្នកប្រព្រឹត្តខុសទាំងនោះ ឱ្យបានហ្មត់ចត់ ដើម្បីប្រាកដថាពួកគេ ពិតជាបានទៅធ្វើការងារសង្គម ដែលរដ្ឋបានកំណត់ និងមានការកែប្រែចិត្តគំនិតមែន។
បន្ថែមពីនោះលោកថា ប្រសិនបុគ្គលណា នៅតែប្រព្រឹត្តកំហុសដដែលៗ ឬមិនរាងចាល ច្បាប់ត្រូវតែដាក់ទាន់កម្មពួកគេ ឱ្យធ្ងន់ជាងមុន ដូចជាទៅបម្រើសង្គម ក្នុងរយៈពេលយូរជាងមុន ឬកំណត់ច្បាប់ផ្សេងទៀតជាដើម៕