ជាតិ
សង្គមជាតិ
អ្នក​លក់​បុកល្ហុង​មួយ​រូប​ ស្នើរដ្ឋាភិបាលបង្កើត​ច្បាប់​ឱ្យ​ក្មេង​ទំនើង ទៅ​ធ្វើ​ការ​ងារ​សង្គម​
15, Sep 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ លោក ថាច់ សុថុន គឺ​ជា​អ្នក​លក់​បុកល្ហុង តាម​រ៉ឺម៉ក​ម៉ូតូចល័ត បាន​ស្នើ​រដ្ឋាភិបាល​ បង្កើត​ច្បាប់​មួយ​ បញ្ជូន​ក្មេង​ទំនើង​​ ដែល​ប្រព្រឹត្តិ​ខុស ទៅ​ធ្វើ​ការ​ងារ​សង្គម​។ លោក​ថា ការ​ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ពួក​គេ​កែខ្លួន​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ចំណេញ​ដល់​ជាតិ​ថែម​ទៀត​ផង​។



ត្រឹម​ជា​អ្នក​លក់​បុកល្ហុង​ ប៉ុន្តែ​លោក ថាច់ សុថុន គឺ​ជា​ពល​​រដ្ឋដែល​​សកម្ម ​ក្នុង​ការ​តាម​ដាន​ព័ត៌​មាន​ក្នុង​សង្គម​។ លោក សុថុន ថា ប្រសិន​រដ្ឋាភិបាល​បង្កើត​ច្បាប់​ ឱ្យ​ក្មេង​ទំនើង​ទៅ​ធ្វើ​ការ​ងារ​សង្គម​ ដូច​ជា​បោស​សំរាម​តាម​ផ្លូវ ជួស​ជុល​ផ្លូវ​ដែល​ខូច​ខាត ស្ដារ​លូ ទៅ​ធ្វើ​ការ​ងារ​ក្នុង​មណ្ឌលចាស់ជរា ឬ​មណ្ឌល​ក្មេង​កំព្រា​ជា​ដើម នោះ​ពួក​គេ​នឹង​កែ​ខ្លួន​បាន​ឆាប់​រហ័ស​។ 
 
បុរស​ខ្មែរ​កម្ពុជា​ក្រោម​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ ​ជឿជាក់​ថា​​ការ​អនុវត្តិខាង​លើ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ក្មេង​ទំនើង​កែ​ប្រែ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ច្បាប់​នោះ​នឹង​​ជួយ​សម្រួល​ដល់​កម្លាំង​ខណ្ឌ និង​ជួយ​ដល់​ថវិកា​ជាតិថែម​ទៀត​​ផង​​​។
 
លោក សុថុន ពន្យល់​៖«យើ​ង​ធ្វើ​អាវ​ឱ្យ​ពួក​គាត់​ពាក់ ពេលពួក​គាត់​​ចុះ​ទៅ​ធ្វើ​ការ​ងារ​សង្គម​ និង​មាន​សរសេរ​ពាក្យ​ដែល​បញ្ជាក់​ថា ថ្ងៃ​ក្រោយ​គាត់​នឹង​មិន​ប្រព្រឹត្តអំពើ​បែ​ប​នោះ​ទៀត​ទេ​។ ខ្ញុំ​ជឿថា ធ្វើ​បែប​នេះ​ពួក​គាត់​និង​ខ្មាស​គេ ហើយ​គាត់​នឹងឈប់​ធ្វើ​ខុស​ទៀត​»។
 
ទោះ​ជា​យ៉ាង​ណា​ លោក​កោត​សរសើរ​ដល់​ កម្លាំង​សមត្ថកិច្ច ដែល​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​របស់​ខ្លួន ក្នុង​ការ​តាម​ស្រាវ​ជ្រាវ​ចាប់​ក្មេង​ទំនើង​កន្លង​មក​​។
 
ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ករណី​ក្មេង​ទំនើង​ និង​ចាស់​ទំនើង​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ពេញ​បណ្ដាញ​សង្គម​ ដូច​ជា​ករណី​សិស្ស​ស្រីមួយ​ក្រុម ​នៅ​សាលា​រៀន​មួយ​ វាយ​ធ្វើ​បាប​សិស្ស​ស្រី​២​នាក់ រហូត​សិស្ស​ស្រី​ទាំង​២​នាក់​នោះ​ មិន​ហាន​​ទៅ​សាលា​រៀន​អស់​ជា​ច្រើន​ថ្ងៃ​។ ករណី​​ក្មេង​ប្រុស​មួយ​ក្រុម​ ជិះ​ម៉ូតូ​បង្ហោះ​នៅ​តាម​ដង​​ផ្លូវ​ បង្ក​ការ​រំខាន​ដល់​អ្នក​ដំណើរ​ផ្សេង​ៗ​។ 
 
ករណី​បុរស​ចំណាស់​ម្នាក់ បាញ់​គ្រាប់​ចម្ពាមត្រូវ​មុខ​កុមារីមួយ​រូប ដែល​កំពុង​ជិះ​កង់​អគ្គិសនី​ លេង​នៅ​តាម​ដង​ផ្លូវតូច​មួយ​។ និង​ករណី​បុរសវ័យ​កណ្ដាល​​ម្នាក់ បត់​ម៉ូតូ​ខុស​គន្លង​ផ្លូវ​ ទៅ​បុក​ម៉ូតូ​ដែល​គេ​ចត​ចោលនៅ​ចិញ្ចើម​ផ្លូវ​ឱ្យ​ខូច​ខាត ដោយ​បុរស​បង្កហេតុ ថែម​ទាំង​ប្រើកិរិយា​ចង់​បង្ក​ជា​ហិង្សា​​ ដល់​ជន​រង​គ្រោះ​ថែម​ទៀត​។ នៅ​មាន​ច្រើន​ករណី​ទៀត ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​​។
 
រដ្ឋាភិបាល​គួរ​តែ​ត្រួត​ពិនិត្យ​ និង​រៀប​ចំ​យុទ្ធសាស្ត្រ​យ៉ាង​ណា ដោះ​ស្រាយ​បញ្ហា​សង្គម​មួយ​នេះ បើ​បន្តទុក​វា​នឹង​ក្លាយ​ជា​ជំងឺរ៉ាំរ៉ៃ ​ដែល​កាន់​តែ​ពិបាក​ព្យាបាល​។
 
កន្លង​ទៅ​លោក ប៉ា ច័ន្ទ​រឿន អ្នក​ជំនាញ​ផ្នែកទស្សនវិជ្ជា អប់រំ និង​ជា​ប្រធាន​​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​គួរ​តែ​បង្កើត​ច្បាប់​មួយ​ ដែល​តម្រូវ​ឱ្យ​​អ្នក​ប្រព្រិត្ត​ខុស ពិសេស​ខុស​ផ្នែក​សីលធម៌​សង្គម​ ដូច​ជា​ក្មេង​ទំនើង​ជា​ដើម ទៅ​ធ្វើ​ការ​ងារ​សង្គម​ ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ ដូច​ជា​រយៈ​ពេល​មួយ​ខែ សម្រាប់​អ្នក​ប្រព្រឹត្ត​កំហុស​ស្រាល។ ៣​ខែ​សម្រាប់​អ្នក​ធ្វើ​ខុស​​មធ្យម និង​ពី​កន្លះ​ឆ្នាំ​ឡើង​ទៅ​ សម្រាប់​អ្នក​ធ្វើ​ខុស​ធ្ងន់​។ 
 
លោក​ថា​ការធ្វើ​បែប​នេះ និង​ធ្វើ​ឱ្យ​មនុស្ស​កែ​ប្រែ មាន​សេច​ក្ដី​អៀន​ខ្មាស ហើ​យ​ពួក​គេ​ថែម​ទាំង​យល់​តម្លៃ​ នៃ​ការ​ធ្វើ​អំពើ​ល្អ​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ណា លោក​ថា​រដ្ឋ​ត្រូវ​តែ​រៀ​ប​ចំ ​ប្រព័ន្ធ​តាម​ដាន​សកម្មភាព ​របស់​​ក្រុម​អ្នក​ប្រព្រឹត្ត​ខុស​ទាំង​នោះ​ ឱ្យ​បាន​ហ្មត់​ចត់​ ដើម្បី​ប្រាកដ​ថា​ពួក​គេ​ ពិត​ជា​បាន​ទៅធ្វើ​ការ​ងារ​សង្គម​ ដែល​រដ្ឋ​បាន​កំណត់​ និង​មាន​ការ​កែ​ប្រែ​ចិត្ត​គំនិត​មែន​។

បន្ថែម​ពី​នោះ​លោក​ថា ប្រសិន​បុគ្គល​ណា នៅ​តែ​ប្រព្រឹត្ត​​កំហុស​ដដែលៗ ឬ​មិន​រាង​ចាល​ ច្បាប់​ត្រូវ​តែ​ដាក់​ទាន់​កម្ម​ពួក​គេ ​ឱ្យ​ធ្ងន់​ជាង​មុន ដូច​ជាទៅ​បម្រើ​សង្គម​ ក្នុង​រយៈ​ពេល​យូរ​ជាង​មុន ឬ​កំណត់​ច្បាប់​ផ្សេង​ទៀត​​ជា​ដើម​៕
 

Tag:
 សង្គម​
  ក្មេង​ទំនើង​
  រដ្ឋាភិបាល​
  ច្បាប់​
 
© រក្សាសិទ្ធិដោយ thmeythmey.com