ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ នាយករដ្ឋមន្ត្រីថ្មី ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត
14, Sep 2023 , 6:37 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត​ ក្នុង​ដំណើ​រទស្សនកិច្ច​ផ្លូវការនៅ​ប្រទេស​ចិន
សម្តេច ហ៊ុន ម៉ាណែត​ ក្នុង​ដំណើ​រទស្សនកិច្ច​ផ្លូវការនៅ​ប្រទេស​ចិន
ដោយ: រួបរួម
សម្តេច ហ៊ុន សែន តាមរយៈតេឡេក្រាមផ្លូវការរបស់ខ្លួន បានកោតសរសើរពីសកម្មភាពដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី បន្តពីសម្តេច។

 
«ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក»។ សម្តេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ ដោយបន្ថែមថា សម្តេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីទាំងការងារក្នុងប្រទេស និងក្រៅប្រទេស។
 
សម្តេចបានវាយតម្លៃថា៖ «ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត»។
 
សម្តេច ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេច មិនមែននិយាយដើម្បីលើកសរសើរកូនខ្លួនឯងនោះឡើយ ប៉ុន្តែដំបូងឡើយសម្តេចគិតថា នាយករដ្ឋមន្ត្រីថ្មី ត្រូវការពេលប្រមាណ៣ខែទើបអាចគ្រប់គ្រងលើការងារទាំងស្រុងបាន។
 
សម្តេចលើកឡើងថា៖ «ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ»។
 
«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន ដោយភ្ជាប់ជាមួយនឹងកម្រងរូបភាពរបស់សម្តេច ហ៊ុន ម៉ាណែត និងភរិយា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក្រោយចូលកាន់តំណែងចាប់ពីថ្ងៃទី២២ ខែសីហា មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com