អន្តរជាតិ
សត្វស្លាប​តំបន់​វាលស្មៅ​នៅ​អាមេរិក​ខាង​ជើង​ស្ថិត​ក្នុង​មហន្តរាយ​ដែល​នាំឱ្យ​មាន​កិច្ចប្រឹងប្រែង​ជួយ​សង្គ្រោះ
17, Sep 2023 , 8:39 am        
រូបភាព
រូបឯកសារ៖ សត្វ​ចាប​មួយ​ក្បាល​ទំ​នៅ​លើ​របង​លួស​បន្លា​នៅ​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ ២០២៣ ក្នុង​ក្រុង Denton រដ្ឋ Nebraska សហរដ្ឋអាមេរិក។
រូបឯកសារ៖ សត្វ​ចាប​មួយ​ក្បាល​ទំ​នៅ​លើ​របង​លួស​បន្លា​នៅ​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ ២០២៣ ក្នុង​ក្រុង Denton រដ្ឋ Nebraska សហរដ្ឋអាមេរិក។
ដោយ: VOA
សត្វ​ស្លាប​នៅ​តំបន់​វាលស្មៅ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​កំពុង​ស្ថិត​ក្នុង​មហន្តរាយ​ក្នុង​ពេល ៥០ ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​មាន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ប្រភេទ​សត្វ​ជិត​ផុត​ពូជ (Endangered Species Act) ដោយសារ​ការ​បាត់បង់​ជម្រក​សត្វ ការ​សឹក​រេចរឹល​ដី និង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​គំរាម​ប៉ះពាល់​ដល់​អ្វី​ដែល​នៅ​សេសសល់​ពី​តំបន់​មួយ​ដែល​ធ្លាប់​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ធំ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

 
ចំនួន​សត្វ​ស្លាប​នៅ​តំបន់​វាលស្មៅ​ទាំង​នេះ​បាន​ធ្លាក់ចុះ​ជាង​ពាក់​កណ្តាល​តាំង​ពី​ឆ្នាំ ១៩៧០ មក គឺ​ច្រើន​ជាង​ប្រភេទ​សត្វ​ស្លាប​ផ្សេង​ទៀត ដោយ​ប្រភេទ​សត្វ​ស្លាប​ខ្លះ​បាន​ថយចុះ​ចំនួន ៧៥% ឬ​ច្រើន​ជាង​នេះ។ អ្នក​វិទ្យាសាស្ត្រ ទីភ្នាក់ងារ​រដ្ឋាភិបាល កសិករ និង​អ្នក​ចិញ្ចឹម​សត្វ​កំពុង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​កុំ​ឱ្យ​មាន​ការ​បាត់បង់​ទាំង​នេះ។
 
អ្នក​ស្រាវជ្រាវ​ប្រើ​ប្រព័ន្ធ​គំរូ​ទំនើប​តាម​កុំព្យូទ័រ​ដើម្បី​កំណត់​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​នេះ។
 
ពួកគេ​បាន​ដំឡើង​ប៉ម​ចាប់​សញ្ញា​ទូរមាត្រ​ដើម្បី​តាមដាន​សត្វស្លាប​ទាំង​នេះ។ ម្ចាស់​ដី​ធ្លី​នានា​បាន​អនុវត្ត​វិធី​មួយ​ចំនួន​សម្រាប់​ជួយ​ដល់​ជីវភាព​របស់​ពួកគេ​និង​សត្វ​ស្លាប។
 
នៅ​ពេល​លោក Reed Cammack ឮ​សំឡេង​ដំបូង​នៃ​សត្វ​ស្លាប meadowlark នៅ​រដូវ​ផ្ការីក លោក​ដឹង​ថា​គ្រួសារ​របស់​លោក​បាន​ឆ្លង​ផុត​រដូវ​រងា​ធ្លាក់​ទឹកកក​មួយ​លើក​ទៀត​នៅ​ប៉ែក​ខាង​លិច​នៃ​តំបន់​វាលស្មៅ​ក្នុង​រដ្ឋ South Dakota សហរដ្ឋ​អាមេរិក។
 
លោក​បាន​និយាយ​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ងើប​ពី​ដំណេក​នៅ​ពេល​ថ្ងៃ​រះ​នៅ​ពេល​ដែល​សត្វ​ស្លាប​បន្លឺ​សំឡេង​ឡើង​ធ្វើ​ឱ្យ​តំបន់​នោះ​កាន់តែ​ស្រស់​បំព្រង​នោះ​ឡើយ។
 
លោក Cammack អាយុ ៤២ ឆ្នាំ ដែល​ជា​អ្នក​ចិញ្ចឹម​សត្វ​គោ​លើ​ផ្ទៃ​ដី ៤.០៤៧ ហិកតា​នៃ​តំបន់​វាលស្មៅ​ធម្មជាតិ​ដែល​ភាគ​ច្រើន​នៅ​រក្សា​សភាព​ដើម បាន​និយាយ​ថា៖ «នេះ​ជា​ផ្នែក​មួយ​នៃ​ពពួក​សត្វ​និង​រុក្ខជាតិ​នៃ​តំបន់ Great Plains របស់​សហរដ្ឋ​អាមេរិក ហើយ​សំឡេង​សត្វ​ស្លាប​ទាំង​នេះ​ពីរោះ‍»។
 
ប៉ុន្តែ ចំនួន​សត្វ​ស្លាប​ដែល​វិល​មក​វិញ​បាន​ធ្លាក់ចុះ​ច្រើន បើ​ទោះបីជា​មាន​ជម្រក​រស់នៅ​ដ៏​ល្អ​ក៏ដោយ។
 
ជីតា​របស់​លោក Cammack ឈ្មោះ Floyd អាយុ ៩២ ឆ្នាំ​បាន​និយាយ​ថា៖ «មាន​សត្វ​ស្លាប​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ឃើញ​មាន​ច្រើន​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ជាក់លាក់​ថា​ដោយសារ​ហេតុអ្វី​ដែរ‍»។
 
គ្រួសារ​របស់​លោក Floyd បាន​អនុញ្ញាត​ឱ្យ​ក្រុម​អភិរក្ស​សត្វ​ស្លាប​ដំឡើង​ប៉ម​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​តាមដាន​និង​ស្ទង់​មើល​សត្វ​ទាំង​នោះ។
 
អ្នក​វិទ្យាសាស្ត្រ​បាន​ចែក​រំលែក​ទិន្នន័យ​នៃ​ការ​ស្ទង់មើល​និង​ការ​តាមដាន​សត្វ​ស្លាប​ទាំង​នេះ និង​ប្រើ​ប្រព័ន្ធ​គំរូ​ទំនើប​តាម​កុំព្យូទ័រ​ដើម្បី​កំណត់​អំពី​ការ​គំរាមកំហែង​ធំៗ​ចំពោះ​សត្វ​ស្លាប​ទាំង​នេះ។
 
ពួកគេ​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ដាក់​ស្លាក​ឱ្យ​សត្វ​ស្លាប​និង​ដំឡើង​ប៉ម​ចាប់​សញ្ញា​ទូរមាត្រ​ដើម្បី​តាមដាន​បក្សា​បក្សី​ទាំង​នោះ។ ជាង​នេះ​ទៀត ពួកគេ​បាន​ធ្វើការ​ជាមួយ​កសិករ​និង​អ្នក​ចិញ្ចឹម​សត្វ​ដើម្បី​អនុវត្ត​វិធី​ល្អ​បំផុត​ដែល​ធានា​ដល់​ការ​បន្ត​ទៅ​មុខ​នៃ​ជីវភាព​រស់នៅ​របស់​ពួកគេ​និង​សត្វ​ស្លាប​ក្នុង​ស្រុក ដែល​ពឹងពាក់​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​គ្មាន​ការ​ខូចខាត។
 
អ្នកស្រី Amanda Rodewald ដែល​ជា​នាយិកា​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​ហ្វូង​សត្វ​ស្លាប​នៅ​មន្ទីរ​ពិសោធន៍​បសុវិទ្យា​នៃ​សាកលវិទ្យាល័យ Cornell បាន​និយាយ​ថា៖ «សត្វ​ស្លាប​គឺ​ជា​សញ្ញាណ​ដំបូង​នៃ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង។ សត្វ​ស្លាប​គឺ​ជា​សញ្ញាណ​ព្រមាន​មុន​គេ​អំពី​ការ​ប្រែប្រួល​បរិស្ថាន​ដែល​អាច​មាន​ផលប៉ះពាល់​ដល់​យើង»។
 
លោក Cammack បាន​និយាយ​ថា ម្ចាស់​ដី​ធ្លី​នានា​បាន​ដឹង​ច្បាស់​អំពី​មុខនាទី​ដ៏​ធំ​របស់​ពួកគេ។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «វា​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង...ក្នុង​ការ​ថែ​រក្សា​ឱ្យ​បាន​ល្អ​នូវ​អ្វី​ដែល​យើង​មាន។ វា​ជា​ការចាំបាច់​ដែល​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​នៅ​ពេល​នេះ‍​ដើម្បី​ឱ្យ​មាន​អ្វី​ដែល​អាច​នៅ​សល់​សម្រាប់​ឱ្យ​ចៅៗ​របស់​យើង​បាន​ឃើញ »៕
 

© រក្សាសិទ្ធិដោយ thmeythmey.com