ជាតិ
សម្តេច ហេង សំរិន៖ គ្មានទ្រព្យឯណា ដោះដូរជាមួយសុខភាពបានទេ
17, Sep 2023 , 8:12 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា តាមរយៈហ្វេសប៊ុករបស់ខ្លួន បានលើកឡើងពីសារប្រយោជន៍នៃការហាត់ប្រាណ លេងកីឡាដើម្បីសុខភាព។ ទើបប្រារព្ធខួបកំណើតឈានចូលវ័យ៩០ឆ្នាំកាលពីថ្ងៃទី២៥ ខែឧសភា សម្តេចបានទូន្មានថា គ្មានទ្រព្យឯណាអាចដោះដូរជាមួយសុខភាពបានទេ។

 
«សួស្តីបងប្អូន ក្មួយៗ ចៅៗ! ឆ្លៀតពេលទំនេរខ្លះហាត់ប្រាណ លេងកីឡាដើម្បីសុខភាព»។ នេះជាសារលើកទឹកចិត្តរបស់សម្តេច ហេង សំរិន លើហ្វេសប៊ុកនាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ជាមួយឃ្លីបវីដេអូ និងរូបភាពនៃសកម្មភាពសម្តេចនៅលើទីលានវាយកូនគោល ដែលក្នុងនោះក៏ឃើញវត្តមាន លោក ចម ប្រសិទ្ធ អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
 
«គ្មានទ្រព្យឯណា អាចដោះដូរជាមួយសុខភាពបានទេ»។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះ ដោយជំរុញឲ្យមនុស្សគ្រប់រូប ចូលរួមក្នុងសកម្មភាពហាត់ប្រាណ លេងកីឡាដើម្បីខ្លួនឯង គ្រួសារ និងប្រទេសជាតិ។
 
នេះជាសារដែលបង្ហោះនៅលើហ្វេសប៊ុកលើកដំបូងរបស់សម្តេច ហេង សំរិន បើគិតចាប់តាំងពីសម្តេច ត្រូវបានតែងតាំងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើនាយករដ្ឋមន្ត្រី ដោយសម្តេច ឃួន សុដារី ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី៧។
 
 
ជាញឹកញាប់ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជារូបនេះ តែងតែលើកទឹកចិត្ត និងជំរុញយុវជន ក៏ដូចជាពលរដ្ឋខ្មែរទូទៅឲ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព។ ក្រៅពីការហាត់ប្រាណ លេងកីឡា សម្តេចក៏ធ្លាប់បានលើកឡើងពីរបបអាហារផងដែរ។
 
កាលពីខែធ្នូ ឆ្នាំ២០២០ ហ្វេសប៊ុកផ្លូវការរបស់សម្តេច បានបង្ហោះវីដេអូពីសកម្មភាពដែលសម្តេចអាចវាយកូនគោល និងលើកដុំប៊ូលបោះចំៗគោលដៅ។ កត្តាដែលធ្វើឲ្យសម្តេច មានសុខភាពល្អរឹងមាំនោះ គឺការកំណត់របបអាហារត្រឹមត្រូវ និងការហាត់ប្រាណ ហើយកីឡាវាយកូនគោល និងប៉េតង់ជាកីឡាចំណង់ចំណូលចិត្ត ដែល សម្តេច តែងលេងរៀងរាល់ពេលសម្រាក និងទំនេរពីការងារ។  
 
សម្តេច ហេង សំរិន ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖«របបអាហារ និងការហាត់ប្រាណ ជាកត្តានាំមកនូវសុខភាពរឹងមាំ។ វេជ្ជបណ្ឌិតខាងចំណីអាហារ និងសុខភាពណែនាំថា ចូរអ្នកបរិភោគអាហារឲ្យដូចជាការប្រើថ្នាំពេទ្យ បើមិនដូច្នោះទេ អ្នកនឹងហូបថ្នាំពេទ្យដូចបរិភោគអាហារ។ ពាក្យចាស់បូរាណខ្មែរពោលថា កុំស៊ីតាមឃ្លាន»។
 
 
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងតំណែងជាប្រធានរដ្ឋសភា សម្តេច ហេង សំរិន ក៏បានបង្ហាញសមត្ថភាពវាយកូនគោលរបស់ខ្លួនក្នុងកម្មវិធីរឹតចំណងមិត្តភាពជាមួយបណ្តាប្រទេសសមាជិកអន្តរសភាអាស៊ាន (AIPA) ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com