អន្តរជាតិ
ក្រុម​អ្នក​អភិរក្ស​អូស្ត្រាលី​ថា ត្រី​បបែល​ដែល​មាន​វត្តមាន​តាំង​ពី​សម័យ​ដាយណូស័រ​កំពុង​ជិត​ផុត​ពូជ
17, Sep 2023 , 9:39 pm        
រូបភាព
ត្រីបាឡែនជាច្រើនក្បាលជាប់គាំងនៅឆ្នេរសមុទ្រ Ocean Beach នៅកំពង់ផែ Macquarie នៅតំបន់ Tasmania នៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។
ត្រីបាឡែនជាច្រើនក្បាលជាប់គាំងនៅឆ្នេរសមុទ្រ Ocean Beach នៅកំពង់ផែ Macquarie នៅតំបន់ Tasmania នៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។
ដោយ: VOA
ត្រី​បបែល​ Maugean ជាប្រភេទ​ត្រីដែល​មាន​តាំង​ពី​បុរាណ​មក​ ហើយ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​តែ​មួយ​គត់​ក្នុង​ពិភពលោ​ក គឺ​នៅ​កំពង់ផែ Macquarie នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​នៃ​រដ្ឋ Tasmania ដែល​ជា​រដ្ឋ​កោះ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អូស្ត្រាលី។



ដែន​ជម្រក​របស់​ត្រី​នេះ​មាន​ទំហំប្រហែល ១០០ គីឡូម៉ែត្រ​ការ៉េ​ ប៉ុន្តែ​ចំនួន​របស់​វា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​កម្រិត​អុកស៊ីសែន​ទាប និង​គុណភាព​ទឹក​មិន​ល្អ។ គេ​បាន​ប៉ាន់ស្មាន​ថា ចំនួន​ត្រី​បបែល​ Maugean បាន​ថយ​ចុះ​ពី​ប្រហែល​ ៣.០០០ ​ទៅ​ ១.៥០០ ក្បាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។
 
កំពង់ផែ​ Macquarie ​បាន​ក្លាយ​ទៅ​ជា​តំបន់​ឧស្សាហកម្ម​កាន់​តែ​ខ្លាំង​ ដោយ​មាន​ការ​ចិញ្ចឹម​ត្រី​សាលម៉ុន​ និង​ការ​ផលិត​វារីអគ្គិសនីផង​ដែរ។ កំពង់ផែ​នេះ​មាន​ច្រក​ចូល​តូច​ចង្អៀត​ រាក់​ និង​មិន​មាន​ទឹក​ហូរ​ចេញ​ចូលពីមហាសមុទ្រ​ទៀងទាត់​នោះ​ទេ។
 
អ្នកស្រី​ Alexia Wellbelove ​អ្នក​គ្រប់គ្រង​យុទ្ធនាការ​អំបូរ​សត្វ​ដែល​រង​ការ​គំរាមកំហែង​នៅ​សមាគម​អភិរក្ស​សមុទ្រ​អូស្ត្រាលី​ បានប្រាប់​វីអូអេ​ថា​ កាក​សំណល់​ដែលកើត​ចេញពី​ការ​ចិញ្ចឹម​ត្រី​សាលម៉ុន​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់នៅ​តំបន់​នោះ។
 
អ្នកស្រី​ថ្លែង​ដូចនេះ​ថា៖ «កាក​សំណល់​ត្រី​ធ្វើ​ឱ្យ​អុកស៊ីសែន​ពី​កំពង់ផែ​ត្រូវ​បាត់បង់​ ដូច្នេះ​ត្រី​បបែល Maugean មាន​ជម្រកកាន់​តែ​តិច​ទៅៗ​ ហើយ​នៅ​ពេល​ដែល​វា​ពង​នៅ​បាត​ភក់​ ពង​ត្រីទាំង​នោះ​មិន​មាន​អុកស៊ីសែន​គ្រប់គ្រាន់ដើម្បី​បង្ក​កំណើតបាន​នោះ​ទេ។ រឿង​នេះ​កំពុង​ឈាន​ដល់​ចំណុច​ធ្ងន់ធ្ងរ​មួយ។ យើង​ត្រូវ​ឈ្វេង​យល់​ពី​របៀប​ដែល​យើង​អាច​នាំយក​អុកស៊ីសែន​ចូល​ក្នុង​តំបន់​ផែ​នេះ»។
ត្រី​បបែលមាន​រាង​សំប៉ែត​រាបស្មើ​ និង​មាន​ទ្រវែង​៤​ជ្រុងដូច​ចតុកោណកែង​ស្រដៀង​នឹង​ពន្លឺ​កាំ​រស្មី ប៉ុន្តែ​មាន​កន្ទុយក្រាស់​ខ្លី​ ហើយ​វា​ពង​នៅ​ក្នុង​ភក់។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​បារម្ភ​ថា​ ពួកវា​អាច​ផុត​ពូជ​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ​នេះ​ ឬ​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​អាកាស​ធាតុ​ធ្ងន់ធ្ងរ។
 
អ្នកស្រី​ Wellbelove បាន​ថ្លែង​ថា អូស្ត្រាលី​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ការពារ​អំបូរ​សត្វ​ងាយ​រងគ្រោះ​។ អ្នក​ស្រី​បន្ថែម​ដូច​នេះ​ទៀត​ថា៖ «ប្រសិនបើ​យើង​បាត់បង់​អំបូរ​សត្វកម្រ​ទាំង​នោះ វា​មាន​ន័យ​ថា​ សមុទ្រ​និង​ដី​របស់​យើង​មិន​មាន​គុណភាពល្អ​នោះ​ទេ ដូច​នេះយើង​ត្រូវ​ឈ្វេងយល់ថា​ ​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឱ្យ​ប្រសើរ​ឡើង​ ដើម្បី​អាច​មាន​បរិស្ថាន​រស់​នៅ​ប្រកប​ដោយ​ភាពល្អ​បំផុត​បាននោះ»។
 
ខណៈ​ដែល​ត្រី​បបែល Maugean បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​សត្វ​ជិត​ផុត​ពូជ​នោះ​ ស្ថានភាព​អភិរក្ស​របស់​ត្រី​នេះ​កំពុង​ត្រូវ​បាន​វាយតម្លៃ​ឡើង​វិញ។
លោក​ Tanya Plibersek រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និង​ធនធាន​ទឹក​អូស្ត្រាលី​ ​បាននិយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ០៧ ខែកញ្ញាកន្លង​ទៅ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ «ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​បញ្ចៀស​ពី​ការ​ផុត​ពូជ[​នៃ​ប្រភេទ​អម្បូរ​សត្វកម្រ​ទាំង​នោះ]»។
 
ត្រី​បបែល​ជា​អម្បូរ​សត្វ​ត្រីមួយ​ក្នុង​ចំណោម​អម្បូរ​សត្វ​ចំនួន​ ១១០ ​ប្រភេទ​ ដែល​ត្រូវ​បាន​ផ្តល់​អាទិភាព​សម្រាប់​ការ​ស្តារ​ឡើង​វិញ ​ក្រោម​ផែនការ​សកម្មភាព​សម្រាប់​ពពួក​អម្បូរសត្វ​ដែល​រង​ការ​គំរាមកំហែង​ជិត​ផុត​ពូជ​ក្នុងប្រទេស​អូស្ត្រាលី។ លោក Plibersek ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ រដ្ឋាភិបាល​នឹង​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ជាង​ ១លាន​ ៣សែន​ដុល្លារ​អាមេរិក​ ​ដើម្បី​បង្កើត​កម្មវិធី​បង្កាត់​ពូជ​ជួយ​សង្រ្គោះ​ត្រី​បបែល Maugean។
 
ទិវា​ជាតិ​ស្តី​ពីប្រភេទ​សត្វរង​ការ​គំរាមកំហែងជិត​ផុត​ពូជ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី៧​ខែ​កញ្ញា​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​ជា​ខួប​នៃ​ការ​ស្លាប់​របស់​សត្វ​ខ្លា​ពូជ​ Tasmaniaចុង​ក្រោយ​បង្អស់​ក្នុង​ឆ្នាំ ១៩៣៦៕
 

© រក្សាសិទ្ធិដោយ thmeythmey.com