អន្តរជាតិ
ក្រុង​ប៉េកាំង​រិះគន់​ការ​ស៊ើប​អង្កេត​របស់​សហភាព​អឺរ៉ុប​ថា​ ជា​ការ​រារាំង​ការប្រកួត​ប្រជែង​ ខណៈ​ដែល​ភាគហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ធ្លាក់​ចុះ
18, Sep 2023 , 8:29 am        
រូបភាព
រូប​ឯកសារ៖ រថយន្ត​ប្រភេទ​ NIO ET7 របស់​​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ត្រូវ​បាន​បង្ហាញ​នៅ​ទី​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ រថយន្ត​ប្រភេទ​ NIO ET7 របស់​​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ត្រូវ​បាន​បង្ហាញ​នៅ​ទី​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។
ដោយ: VOA
សៀងហៃ/ប៉េកាំង  រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​រិះគន់​ការ​ចាប់ផ្តើម​ស៊ើបអង្កេត​របស់​គណៈកម្មការ​អឺរ៉ុប​មួយ ​លើ​ជំនួយ​ថវិកា​សម្រាប់​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​របស់​ចិន​ ថា​ជា​ការរារាំង​ការប្រកួត​ប្រជែង ​ហើយ​បាន​ព្រមាន​ថា​ការស៊ើបអង្កេត​នេះ ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​ស្រប​ពេល​ដែល​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ចិន​ធ្លាក់​ចុះ។

 
ប្រធាន​គណៈកម្មការ​អឺរ៉ុប ​អ្នកស្រី ​Ursula von der Leyen ​បាន​ប្រកាស​អំពី​ការ​ស៊ើប​អង្កេត ​កាលពី​ថ្ងៃពុធ ​ដោយ​ចោទ​ប្រទេស​ចិន ​ថា​បាន​នាំ​យក​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​របស់​ចិន មក​លក់​ក្នុង​ទីផ្សារ​ពិភពលោក ​ដោយ​បញ្ចុះ​តម្លៃ​ថោក ​ដោយសារ​មាន​ការ​ឧបត្ថម្ភ​ធនរបស់​រដ្ឋាភិបាល​ចិន​យ៉ាង​ច្រើន។
 
ការស៊ើបអង្កេត​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ពិន័យ​ពន្ធគយ​យ៉ាង​ធ្ងន់ធ្ងរ​នោះ ​បាន​នាំ​ឱ្យ​អ្នកវិភាគ​ព្រមាន​អំពី​វិធានការ​សងសឹក​ពី​សំណាក់​ទីក្រុង​ប៉េកាំង ​និង​ការ​ប្រឆាំង​តវ៉ា​ពី​សំណាក់​មេដឹកនាំ​ឧស្សាហកម្ម​ចិន ​ដែល​និយាយ​ថា​ការ​មាន​ប្រៀប​ជាង​នេះ​ មិនមែន​ដោយសារ​ជំនួយ​ថវិកា​របស់​រដ្ឋាភិបាល​ចិន​ទេ។
 
ការស៊ើបអង្កេត​នេះ‍ ​«ជា​ការរារាំង​យ៉ាង​ច្បាស់ក្រឡែត ​ដល់​ការប្រកួត​ប្រជែង​ដែល​នឹង​បន្ទុចបង្អាក់​ព្រមទាំង​ធ្វើ​ឲ្យ​ខូច​ដល់ឧស្សាហកម្ម​ផលិត​រថយន្ត​ពិភពលោក ​និង​សង្វាក់​ផ្គត់ផ្គង់ ​ក្នុង​នោះ​រួមមាន​សហភាព​អឺរ៉ុប​ផង​ដែរ ​ហើយ​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ លើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​រវាង​ចិន​និង​សហភាព​អឺរ៉ុប‍»។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន។
 
ក្រុម​អ្នក​វិភាគ​អឺរ៉ុប​អាស៊ី ​បាន​ព្រមាន​ថា​បើសិនជា​សហភាព​អឺរ៉ុប ​នៅ​ទី​បញ្ចប់​ដាក់​ពន្ធគយ​យ៉ាង​ច្រើន​លើ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​របស់​ចិន ​ដែល​ទទួល​បាន​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​ចិន​នោះ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​ប្រហែលជា​នឹង​ចាត់វិធានការ​ដូចគ្នា ​ដើម្បី​ធ្វើ​ឱ្យ​ឧស្សាហកម្ម​អឺរ៉ុប​ រងគ្រោះ។
 
អ្នកវិភាគ​ឯទៀត​បាន​និយាយ​ថា ​ការស៊ើបអង្កេត​នេះ ​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាគុយ​របស់​ចិន ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការពង្រីក​សមត្ថភាព​របស់​ពួកគេ ​តែ​មិន​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ធំដុំ ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​ទេ ​ពីព្រោះ​ពួកគេ​អាច​ងាក​ទៅ​រក​ទីផ្សារ​ឯទៀត​ដែល​កំពុង​លូតលាស់​ ដូចជា​តំបន់​អាស៊ីអាគ្នេយ៍​ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com