ជាតិ
នាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យពលរដ្ឋបង្កើតកូនច្រើន ដោយមិនត្រូវចាំដល់ឆ្នាំ២០៥០នោះឡើយ
19, Sep 2023 , 8:51 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ បានអះអាងពីការយកចិត្តទុកដាក់លើគោលនយោបាយប្រជាសាស្ត្រ ដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងប្រជាជន នាឆ្នាំ២០៥០។



របាយការណ៍ដែលទទួលបានពីក្រសួងផែនការ បង្ហាញថា កម្ពុជានឹងក្លាយជាប្រទេសមនុស្សចាស់នាឆ្នាំ២០៥០។ ថ្លែងនាជំនួបជាមួយកម្មករ នយោជិតជាង១៨០០០នាក់នៅស្រុកបាទី ខេត្តតាកែវ ប្រមុខរដ្ឋាភិបាល បានស្នើឱ្យពិនិត្យទិន្នន័យនេះឡើយវិញ។ សម្តេចគូសបញ្ជាក់ថា ពីនេះ ដល់២០៥០ គឺមានរយៈពេលដែល២៧ឆ្នាំប៉ុណ្ណោះ ហើយកម្ពុជានឹងត្រូវការកម្លាំងពលកម្ម ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

«ត្រូវគិតគូអំពីគោលនយោបាយប្រជាសាស្ត្រឡើងវិញ»។ នេះជាការណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដើម្បីទប់ស្កាត់ករណីមនុស្សកើតថ្មី មានចំនួនតិចជាងអ្នកដែលត្រូវចូលសោធននិវត្តន៍ ខណៈបច្ចុប្បន្នគ្រួសារកម្ពុជា មានអត្រាបង្កើតកូនដែល១,៥ប៉ុណ្ណោះ ជាមធ្យម។

សម្តេចបានលើកឡើងថា បើចង់បានកម្លាំងប្រជាជន ត្រូវតែគិតគូលើការបង្កើនកូនពីពេលឥឡូវ ដោយមិនចាំបាច់រង់ចាំដល់ឆ្នាំ២០៥០នោះឡើយ ព្រោះដល់ពេលនោះ ពលរដ្ឋនឹងមិនចង់បង្កើនកូនច្រើនទេ។ សម្តេចបានលើកឡើងពីករណីនៃបណ្តាប្រទេសមួយចំនួន ជាពិសេសចិន សិង្ហបុរី ជប៉ុន ក៏ដូចជាបារាំង ជាដើម ដែលបច្ចុប្បន្ន កម្លាំងមនុស្សចាស់ក្នុងការងារ មានច្រើនជាងក្មេង។

«ដីយើងនៅសល់ច្រើន»។ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ ជាមួយក្នុងការជំរុញលើកទឹកចិត្តចំពោះការបង្កើតកូន ប៉ុន្តែសម្តេចរំលឹកផងដែរអំពីការគិតគូរវាងតុល្យភាពកំនើនសេដ្ឋកិច្ច និងចំនួនប្រជាជន៕




© រក្សាសិទ្ធិដោយ thmeythmey.com