ជាតិ
លោក ស៊ី ទូលព្រះមហាក្សត្រថា ចិនគាំទ្រកម្ពុជាដើរលើផ្លូវអភិវឌ្ឍដែលស្របតាមលក្ខខណ្ឌរបស់ខ្លួន ព្រះមហាក្សត្រកម្ពុជា យាងជួបប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី២៣_ ខែកញ្ញា។ រូបថត Xinhua
× ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ថា ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីសម្រេចបានវឌ្ឍនភាពដ៏រឹងមាំក្នុងការកសាងសហគមន៍រួមគ្នាចិន-កម្ពុជា ហើយចិនគាំទ្រកម្ពុជាដើរលើផ្លូវអភិវឌ្ឍដែលស្របតាមលក្ខខណ្ឌរបស់ខ្លួន។
ប្រមុខរដ្ឋចិន ស៊ី ជិនភីង បានជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ដែលគង់នៅក្រុងហាងចូវ ខេត្តជឺជាំង ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីលើកទី១៩។
នាជំនួបថ្ងៃទី២៣ ខែកញ្ញា លោក ស៊ី កត់សម្គាល់ថា ឆ្នាំ២០២៣ ជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំនៃមិត្តភាពចិន-កម្ពុជា ហើយថា ចិនគោរពចំណងមិត្តភាពជាមួយរាជវង្សកម្ពុជា ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី និយាយថា ទំនាក់ទំនងរវាងចិន និងកម្ពុជា បង្ហាញពីគោលការណ៍ការទូតនៃមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន។ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ចិនគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រក្សាស្ថិរភាព និងការអភិវឌ្ឍ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ និងតំបន់។
បើតាមលោក ស៊ី ប្រទេសទាំងពីរគួរតែរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ។
ជាមួយការកត់សម្គាល់ថា ចិនបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ី២ដងមកហើយនោះ ព្រះមហាក្សត្រកម្ពុជាមានបន្ទូលថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ចិននឹងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីដ៏អស្ចារ្យម្តងទៀត និងរួមចំណែកថ្មីក្នុងការលើកកម្ពស់សាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជនអាស៊ី។
បន្ថែមពីលើនេះ ព្រះប្រមុខរដ្ឋកម្ពុជា ក៏បញ្ជាក់ពីការចងចាំជានិច្ចទំនាក់ទំនងជាបងប្អូនដែលពូនជ្រំឡើងដោយអតីតមហាក្សត្រ នរោត្តម សីហនុ ជាមួយមេដឹកនាំចិន ហើយកម្ពុជាក៏ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយចិនលើកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងកសាងសហគមន៍វាសនារួម៕
© រក្សាសិទ្ធិដោយ thmeythmey.com