ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ មិនបដិសេធចំណុចខ្សោយ មិនអួតថាល្អឥតខ្ចោះ តែយើងមានឆន្ទៈធ្វើខ្លួនឲ្យល្អឥតខ្ចោះ
24, Sep 2023 , 8:04 am        
រូបភាព
ដោយ: រួបរួម
នាអំឡុងវត្តមាននៅក្រុងញូវយ៉ក ក្រោយមហាសន្និបាតលើកទី៧៨របស់អង្គការសហប្រជាជាតិ សម្តេច ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលនៅសហរដ្ឋអាម៉េរិក និងកា ណាដា។ ក្នុងរយៈពេលប្រមាណពីរម៉ោង នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានលើកឡើងពីគោលនយោ បាយសំខាន់ៗរបស់រដ្ឋាភិបាល រួមទាំងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ។

 
«អ៊ំ ពូ មីង ជឿចុះ រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយក្រុមថ្មីខ្ញុំ ខ្លួនខ្ញុំ និងថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ដែលមានរដ្ឋមន្ត្រីថ្មីច្រើន គឺមានឆន្ទៈតែមួយ និងការប្តេជ្ញាចិត្តតែមួយ ដោយគោលនយោបាយគឺ សម្រាប់ប្រជាពល រដ្ឋទាំងអស់ ជាពិសេសផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត។
 
សម្តេចលើកឡើងថា ចង់បានបេះដូងពលរដ្ឋ ត្រូវធ្វើឲ្យមានលទ្ធផលជាក់ស្តែង ពោលគឺមិនធ្វើនយោបាយប្រជាភិថុត មិនភូតភរ។ «ពលរដ្ឋសុខចិត្តបានចាបមួយក្នុងដៃ ជាជាងរង់ចាំចាប២០នៅក្នុងព្រៃ»។ សម្តេចបានលើកឡើងបែបនេះ ដោយសន្យាខិតខំពង្រឹងថែមទៀតនូវសមិទ្ធផលជូនជាតិ ជូនប្រជាជនឲ្យបានច្រើន តាមគោលនយោបាយជាក់ស្តែង។
 
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូចរដ្ឋាភិបាលអណត្តិមុនដែរ រដ្ឋាភិបាលថ្មី មិនធ្វើបាបប្រជាពលរដ្ឋ ឬបំផ្លាញជាតិ បំផ្លាញប្រជាជនឡើយ។ សម្តេចតាំងចិត្តថា៖ «សូមទុកចិត្តចុះ យើងមិនបដិសេធថាយើងមានចំណុចខ្សោយ យើងមិនអួតថាយើងល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងបានបញ្ជាក់ថា យើងមានចេតនា និងឆន្ទៈ ធ្វើឲ្យខ្លួនយើងល្អឥតខ្ចោះ បានន័យថា រាល់ចំណុចខុសឆ្គង ចំណុចខ្វះខាត យើងនឹងខិតខំកែលម្អ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com