ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋធម្មនុញ្ញ ច្បាប់កំពូលរបស់កម្ពុជា មានអាយុ៣០ឆ្នាំ និងឆ្លងកាត់វិសោធនកម្ម១០លើក
24, Sep 2023 , 10:37 am        
រូបភាព
ដោយ: រួបរួម
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស ដែលត្រូវបានប្រកាស ឱ្យប្រើជាផ្លូវការ ដោយព្រះរាជក្រមចុះ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៤ ហើយពេលនោះ សភាធម្មនុញ្ញ ក៏បានប្រែក្លាយមកជា រដ្ឋសភាផងដែរ។ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជាឆ្នាំពិសេសគម្រប់ខួប៣០ឆ្នាំ។ បើតាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងជា ព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីអបអរនៅសាលសន្និសីទកោះពេជ្រ នាថ្ងៃទី៦ ខែតុលា។ ត្រឹមខែសីហា ឆ្នាំ២០២២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន១០លើក។

 
រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានប្រកាសឲ្យប្រើប្រាស់ ក្រោយពីបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងនេះហើយ ដែលបានបើកផ្លូវឲ្យប្រទេសកម្ពុជា មានការបោះឆ្នោតសាកលជាលើកទីមួយ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីបង្កើតរាជរដ្ឋាភិបាល រួមទាំងស្ថាប័ជាតិនានា។
 
មាន១៧ជំពូក រដ្ឋធម្មនុញ្ញកម្ពុជា ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ,  សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ , សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច,  រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ,  ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។
 
រដ្ឋធម្មនុញ្ញកម្ពុជា មានលក្ខណប្លែកពីរដ្ឋធម្មនុញ្ញនៃបណ្តាប្រទេសនានាលើពិភពលោក នៅត្រង់ថា រដ្ឋធម្មនុញ្ញកម្ពុជា នៅមាន «រដ្ឋធម្មនុញ្ញបន្ថែម» មួយទៀត។ ច្បាប់រដ្ឋធម្មនុញ្ញបន្ថែមនេះ  ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដើម្បីដោះស្រាយការជាប់គាំងនយោបាយ។   
 
មាត្រា១នៃច្បាប់រដ្ឋធម្មនុញ្ញបន្លែម បានចែងថា៖«ច្បាប់នេះមានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតំរូវការនៃភាពចាំបាច់»។

គិតចាប់តាំងពីថ្ងៃចាប់កំណើត រដ្ឋធម្មនុញ្ញកម្ពុជា ឆ្លងកាត់ការធ្វើវិសោធនកម្ម១០លើក។  វិសោធនកម្មលើកទី១ កាលពីឆ្នាំ១៩៩៤ គឺ ដើម្បីធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូន ទៅប្រមុខរដ្ឋស្ដីទី។ ការធ្វើវិសោធនកម្មលើកទី២នៅឆ្នាំ១៩៩៩ គឺដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា។
 
នៅឆ្នាំ២០០១ ការធ្វើវិសោធនកម្មលើកទី៣ គឺដើម្បីថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ។ វិសោធនកម្មលើកទី៤ នៅឆ្នាំ២០០៥ គឺ ដើម្បីកែ សម្រួលកូរ៉ុមប្រជុំរបស់រដ្ឋសភា និងព្រឹទ្ធសភាដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំងពីរ។
 
វិសោធនកម្មលើកទី៥ នៅឆ្នាំ២០០៦ គឺដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និង បង្កើតរាជរដ្ឋាភិបាល។ វិសោធនកម្មលើកទី៦ នៅឆ្នាំ២០០៨ គឺ ដើម្បីកែសម្រួលការគ្រប់គ្រងរដ្ឋបាល ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
 
ឆ្នាំ២០១៤ មានការធ្វើវិសោធនកម្មលើកទី៧ ដើម្បីផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ វិសោធនកម្មលើកទី៨ នៅឆ្នាំ២០១៨ គឺ ដើម្បីលើកស្ទួយនូវ តម្លៃជាតិខ្មែរក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ។
 
ការធ្វើវិសោធនកម្មលើកទី៩ នៅឆ្នាំ២០២១ ដើម្បីកំណត់ឱ្យឥស្សរជនជាន់ខ្ពស់ដែលជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមាន«សញ្ជាតិខ្មែរតែមួយគត់» រីឯ
វិសោធនកម្មលើកទី១០ កាលពីឆ្នាំ២០២២ បានប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និង មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com