ជាតិ
«រដ្ឋគិតតែយកពន្ធពីពលរដ្ឋ» ពន្ធដារថា​ជាការភាន់ច្រឡំ ឬចេតនាបំភាន់របស់បណ្តាញសង្គម​មួយចំនួន
27, Sep 2023 , 9:33 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ដោយ: រួបរួម
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៦ ខែកញ្ញា បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការរិះគន់ ក៏ដូចជាការចោទប្រកាន់នានា ថារដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ចាប់ផ្តើមគាបពន្ធប្រជាពលរដ្ឋ។ ស្ថាប័នជំនាញមួយនេះ បានចាត់ទុកការលើកឡើងតាមបណ្តាញសង្គមមួយចំនួនថា ជាការភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំងការពិត។



ក្នុងសេចក្តីបំភ្លឺ៥ទំព័រ អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ត កែទម្រង់រដ្ឋបាលសារពើពន្ធ។

ធ្លាប់អនុវត្តកន្លងមកហើយ

អំពីការយកពន្ធលើចំណេញមូលធន ស្ថាប័នដែលដឹកនាំដោយលោក គង់ វិបុល អះអាងថា មិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ។

ចំពោះផលប៉ះពាល់នានាបណ្ដាលពីការរីករាលដាលនៃកូវីដ-១៩ រដ្ឋាភិបាលអាណត្តិទី៦ បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ ចំនួន ៣ លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។ រីឯពន្ធលើចំណេញមូលធន សម្រាប់ផ្នែកអចលនទ្រព្យ ត្រូវបានពន្យារការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤។

«ការលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែម លើក្របខ័ណ្ឌក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជារយៈពេលកំណត់ សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ»។ អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់បែបនេះ។

តបនឹងការ​ចោទថា រដ្ឋគិតតែយកពន្ធ ហើយសរសើរ​ប្រទេសផ្សេងថា លើកទឹកចិត្ត

ការលើកឡើងជារួមពាក់ព័ន្ធនឹងពន្ធដារនៅតាមបណ្តាញសង្គមមួយចំនួន ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ វាយតម្លៃថា មានចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ទៅលើខ្លួនដែលជាស្ថាប័នជំនាញរបស់រដ្ឋាភិបាល។ តបទៅនឹងការលើកឡើងថា«រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត» អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីការប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីសម្រួលដល់ជីវភាពពលរដ្ឋទូទៅ។


វិធានការទាំងនោះ មានដូចជាការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ, កំណត់បន្ថែមការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គិសនី និងទឹកស្អាត, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាម, ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗ ការលុបចោលពន្ធសត្តឃាត, វិធានគណនេយ្យសាមញ្ញ, ការកាត់បន្ថយជាច្រើនលើកនូវមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស, ការលុបការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះយានយន្តមួយចំនួន, ការអនុគ្រោះពន្ធប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ, ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្ដីពីការបង្កើតក្រុមហ៊ុន, ការកែសម្រួលពន្ធតែមប្រិ៍ និង ការកែសម្រួលអត្រាការប្រាក់ប្រចាំខែ ចំពោះពិន័យពីការកំណត់ពន្ធឡើងវិញ និងការបង់ពន្ធយឺតយ៉ាវនៃប្រាក់ពន្ធ ជាដើម។

លើកទឹកចិត្ត​តាមវិស័យ

ជាមួយគ្នានេះ សេចក្តីបំភ្លឺ បានបង្ហាញពីវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗ ដូចជា គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដែលមានការលើកលែងពន្ធ លើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ ចំណូលតាមអត្រាកំណើន ត្រឹមកម្រិត ២៥%, ៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ។ ការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ វាយនភ័ណ្ឌ ផលិតស្បែកជើង កាបូបយួរនិងកាបូបដៃ និងឧស្សាហកម្មផលិតមួក។

ចំពោះវិស័យមូលបត្រ រដ្ឋលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់សរុបសម្រាប់រយៈពេល ៣ឆ្នាំ, ការអនុគ្រោះបំណុលពន្ធ, និងការបន្ថយពន្ធ កាត់ទុក ៥០% ការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់និងទិញ-លក់មូលបត្រ។

ក្នុងវិស័យហិរញ្ញវត្ថុ មានការព្យួរទុកជាបណ្ដោះអាសន្ននូវការអនុវត្ត អាករលើតម្លៃបន្ថែម (VAT) លើសេវាដែលមិនមែនជាមូលដ្ឋានខាង ការអនុគ្រោះពន្ធកាត់ទុកលើការទូទាត់ការប្រាក់លើប្រាក់កម្ចីពីបរទេសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លើវិស័យកសិកម្ម រដ្ឋចាត់ទុកជាបន្ទុករបស់ខ្លួននូវអាករលើតម្លៃបន្ថែមលើការនាំចូលនិងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម រួមទាំងការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ លើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព, លើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ, ព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះផលិតផលកសិកម្មដែលត្រូវទទួលបានការ អនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ)។

សម្រាប់គ្រឹះស្ថានសិក្សាក្នុងវិស័យអប់រំ រដ្ឋលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងប្រាក់រំដោះពន្ធ លើប្រាក់ចំណូលនិងពន្ធអប្បបរមា, អាករលើតម្លៃបន្ថែម, និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រហូតដល់ឆ្នាំ២០២៨។ ក្នុងវិស័យទេសចរណ៍ រដ្ឋលើកលែងការអនុវត្តកាតព្វកិច្ចពន្ធដារសម្រាប់ភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍។

ចំពោះវិស័យសំណង់វិញ រដ្ឋអនុញ្ញាតឱ្យសហគ្រាសសំណង់បង់ប្រាក់ពន្ធតាមការគណនាជាក់ស្ដែងនៃគម្រោងនីមួយៗជាមុន វិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។ ក្នុងវិស័យអចលនទ្រព្យ មានការលើកលែងពន្ធចំពោះអចលនទ្រព្យស្ថិតក្នុងភូមិសាស្ត្រមួយចំនួន និងមានការ លើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ និងការបង្កើនរយៈពេលបង់ពន្ធជាកញ្ចប់សម្រាប់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋាន។ កាលពីថ្ងៃទី២០ ខែកញ្ញា រដ្ឋាភិបាលបានអនុម័តលើយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលរួមបញ្ចូលវិធានការសម្រួលខាងសារពើពន្ធមួយចំនួនទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលអគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ក្នុងការជំរុញការអនុវត្ត។

ភាន់ច្រឡំ ឬក្នុង​ចេតនា​បំភាន់ មួល​បង្កាច់?

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវថា៖ «សូមចៀសវាងនូវការផ្សព្វផ្សាយជា សាធារណៈនូវព័ត៌មានទាំងឡាយណាដែលមិនមែនជាការពិត ឬមិនច្បាស់លាស់ក្នុងចេតនាបំភាន់និងមួលបង្កាច់ រាជរដ្ឋាភិបាល ឬធ្វើឱ្យមានការភាន់ច្រឡំណាមួយដល់សាធារណជន»។

ការលើកឡើងថាមានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ ជាការលើកឡើងមិន ត្រឹមត្រូវនោះទេ ដោយអគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋឡើយ។

ការលើកឡើងអំពីការប្រមូលពន្ធឬដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ ក៏ស្ថាប័នជំនាញចាត់ទុកថា ជាការលើកឡើងដែលពុំឆ្លុះបញ្ចាំងពីការពិតដោយ ច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះឡើយ។

តបនឹងការលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្ដាលមកពីការយកពន្ធ អគ្គនាយកដ្ឋានពន្ធដារបំភ្លឺថា ជាការលើកឡើងផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាព តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តលើផ្នែកផ្សេងៗ និងជាពិសេសបានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះវិស័យកសិកម្មទាំងស្រុង។

 ជាមួយគ្នា អគ្គនាយកដ្ឋានពន្ធដារ ប្រកាសថា ខ្លួនតែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយ ក្នុងចំណោមស្ថាប័នដែលឈានមុខក្នុងការកែទម្រង់ ហើយក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹង ពន្ធដារ ពលរដ្ឋអាចទាក់ទងទៅមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយ ឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕



© រក្សាសិទ្ធិដោយ thmeythmey.com