ជាតិ
កម្ពុជា-អាម៉េរិក ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតសិទ្ធ
27, Sep 2023 , 4:29 pm        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទទួល​ជួប និងពិភាក្សាការងារជាមួយឯកអគ្គ​រដ្ឋទូតសហរដ្ឋអាម៉េរិក​ប្រចាំកម្ពុជា ​លោក W. Patrick Murphy នាព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា។ ក្នុងជំនួប​នៅ​វិមាន​សន្តិភាព ភាគីទាំងពីរសុទ្ធតែ​បាន​ប្តេជ្ញា​ចិត្ត​បន្ត​កិច្ច​សហ​ប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

 
តាម​ខ្លឹមសារនៃជំនួប​ដែល​បង្ហាញដោយភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បាន​ចាប់ផ្តើម​ដោយ​ជម្រាប​លោក W. Patrick Murphy អំពី​លទ្ធផល​លទ្ធផល​នៃ​ជំនួប​ទេ្វភាគី ជាពិសេសជាមួយ​លោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាម៉េរិក​ នៅក្រុងញូវយ៉ក កន្លងមក​។



សម្តេចបាន​លើកឡើង​ពីជំនួយ​ក្នុងទំហំទឹកប្រាក់​ប្រមាណ​១៨លាន​ដុល្លារដែល​រដ្ឋាភិបាល​អាម៉េរិក បាន​ផ្តល់​ឡើង​វិញជូន​កម្ពុជាតាមរយៈទីភ្នាក់ងារអាមេរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងត្រូវប្រើ​ប្រាស់​សម្រាប់ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន ការការពារបរិស្ថានប្រកបដោយចិរភាព ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និងការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា ជាដើម។
 
ភាគីទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ និង​បេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ផងដែរ ដោយ​សុទ្ធតែបាន​បង្ហាញពីការយក​ចិត្តទុក​ដាក់​រៀងខ្លួន​ក្នុងការងារទាំងនេះ។
 
ដូចគ្នា​ផងដែរ ស្ថានទូតអាម៉េរិក​ប្រចាំកម្ពុជា បាន​គូស​បញ្ជាក់​អំពី​ជំនួបពិភាក្សា​​ប្រកបដោយ​ផ្លែផ្កា​រវាង​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកឯកអគ្គ​រដ្ឋទូត​ W.Patrick Murphy។ លោក Murphy បាន​មើលឃើញពីកិច្ចខំប្រឹង​ប្រែង​របស់នាយករដ្ឋមន្ត្រីកម្ពុជា នាអំឡុង​បេសកកម្មនៅញូវយ៉ក ដោយ​បានជួប​ពិភាក្សាជាមួយ​មន្ត្រី និងពាណិជ្ជករអាម៉េរិក ជាច្រើន​រូប។ 
 
លោក Murphy បានលើកឡើងពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អាមេរិកក្នុងការគាំទ្រប្រជាជនកម្ពុជាដើម្បី​រួមចំណែកអភិវឌ្ឍន៍របស់ប្រទេសតាមរយៈការ​ផ្តល់ជំនួយ​ប្រមាណ​៣ពាន់លាន​ដុល្លារ​នា​រយៈពេល​៣០​ឆ្នាំចុងក្រោយនេះ។ 
 
ក្រៅពី​​សង្កត់ធ្ងន់​អំពីសារសំខាន់​នៃសិទ្ធិមនុស្ស ការការពារសេរីភាពជាមូលដ្ឋាន លោក Murphy បានជំរុញ​កម្ពុជាឱ្យ​រក្សាជំហរឯករាជ្យ និង​តុល្យភាពនៃគោលនយោបាយ​បរទេស ហើយ​បន្ត​សកម្មភាព​ខ្លាំងក្លា​លើ​ការ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស និង​ការ​បោកប្រាស់តាមប្រព័ន្ធអ៊ីនធ័រណិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com