អន្តរជាតិ
អាម៉េរិក និងចិន ចង្អុលមុខគ្នាទៅមកជុំវិញការសាយភាយព័ត៌មានមិនពិត
01, Oct 2023 , 10:19 pm        
រូបភាព
អាម៉េរិក និងចិន បានចង្អុលមុខគ្នាទៅវិញទៅមកជុំវិញការសាយភាពព័ត៌មានមិនពិតលើពិភពលោក។ ក្នុងរបាយការណ៍មួយ ក្រសួងការបរទេសអាម៉េរិកចោទចិនថា ចាយលុយរាប់ពាន់លានដុល្លារដើម្បីធ្វើរឿងនេះ តែត្រូវបានរដ្ឋាភិបាលប៉េកាំងឆ្លើយវិញថា​ អាម៉េរិកឯណោះទេជាអាណាចក្រនៃការភូតកុហក។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ដោយមជ្ឈមណ្ឌលការចូលរួមជាសាកលរបស់ក្រសួងការបរទេសអាម៉េរិកបានចោទប្រកាន់ប្រទេសចិនពីការឃោសនាដោយផ្តល់ហិរញ្ញប្បទាន ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការត្រួតពិនិត្យ តែជំរុញឱ្យមានព័ត៌មានវិជ្ជមានអំពីប្រទេស និងការដឹកនាំកុម្មុយនីស្តរបស់ខ្លួន។
 
មន្ត្រីនៃមជ្ឈមណ្ឌលខាងលើ បាននិយាយថា ប្រសិនបើគ្មានការត្រួតពិនិត្យទេ វាអាចបណ្តាលឱ្យមាន ការបំផ្លាញតម្លៃលទ្ធិប្រជាធិបតេយ្យថែមទៀត។
 
ទីក្រុងប៉េកាំងបានឆ្លើយតបដោយចាត់ទុករបាយការណ៍នេះព័ត៌មានមិនពិត ព្រោះវាមិនបានតំណាងការពិតឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃទី៣០ ខែកញ្ញាថា អាម៉េរិកជាយកព័ត៌មានជាអាវុធ។
 
«ការពិតបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថាអាម៉េរិកជាអាណាចក្រនៃការកុហក។» សេចក្ដីថ្លែងការណ៍ចិនសរសេរបែបនេះ។
 
បន្ថែមពីលើនេះ របាយការណ៍របស់ក្រសួងការបរទេសអាម៉េរិកបានចោទប្រកាន់ចិនថា បានបំបិទសង្កត់ព័ត៌មានដែលផ្ទុយនឹងផលប្រយជន៍របស់ខ្លួនដូចជាកំណត់ត្រាសិទ្ធិមនុស្សនៅស៊ីនជាំងជាដើម។ ត្រង់នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​លើក​ឡើង​ពី​ការ​កុហក​ដ៏ធំ​សម្បើម​ដែលមានគោលដៅ​​បង្ខូច​គោល​នយោបាយ​នៅស៊ីនជាំង​។
 
មន្រ្តីនាំពាក្យខាងលើ បន្តថា មនុស្សកាន់តែច្រើនឡើងនៅលើពិភពលោកបានឃើញរួចមកហើយតាមរយៈការប៉ុនប៉ងអាក្រក់របស់អាម៉េរិកដើម្បីបន្តភាពខ្ពង់ខ្ពស់របស់ខ្លួនតាមការលាបពណ៌អ្នកដទៃ៕
 

Tag:
 ចិន​
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com