ជាតិ
នាយករដ្ឋមន្ត្រីជំរុញវប្បធម៌ស្រាវជ្រាវ ដើម្បីកុំឱ្យកូនខ្មែរ បែរជារៀនប្រវត្តិសាស្ត្រពីជនបរទេស
05, Oct 2023 , 10:34 am        
រូបភាព
ដោយ: រួបរួម
«កុំខ្លាចវិនិយោគលើមនុស្សដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាពិធីអបអរទិវាគ្រូបង្រៀន ថ្ងៃ៥តុលា ដែលរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ត្រង់ន័យនេះ ប្រមុខរដ្ឋាភិបាល ជំរុញឱ្យមានការលើកទឹកចិត្តចំពោះការស្រាវជ្រាវនានា ជាពិសេសពីសំណាក់គ្រូបង្រៀន។



សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទន្ទឹមនឹងការជំរុញសិស្សលើការស្រាវជ្រាវ គ្រូបង្រៀនក៏ត្រូវការអភិវឌ្ឍន៦សមត្ថភាពរបស់ខ្លួនជាប្រចាំលើការស្រាវជ្រាវផងដែរ ដោយសម្តេចស្នើឱ្យថ្នាក់ដឹកនាំក្រសួងគិតគូរលើកទឹកចិត្តចំពោះគ្រូដែលចូលរួមបង្កើតលទ្ធផលក្នុងការស្រាវជ្រាវ

សម្តេចបានរំលឹក កាលពីពេលសម្តេចរៀននៅបរទេស ដែលនៅពេលនោះ សម្តេចក៏ដូចជាកូនខ្មែរទូទៅ ពិបាកស្វែងរកឯកសារអំពីកម្ពុជា ហើយសរសេរដោយកូនខ្មែរ ពោលគឺសៀវភៅក្នុងបណ្ណាល័យ ភាគច្រើនចងក្រង និងស្រាវជ្រាវដោយជនបរទេស។

«ខ្មែរត្រូវរៀនប្រវត្តិសាស្ត្រខ្មែរពីជនបរទេស។ ខ្មែរត្រូវរៀនពីស្ថានភាពស្រុកទេសខ្មែរពីអ្នកផ្សេងដែលនៅរាប់ពាន់គីឡូ»។ សម្តេច ហ៊ុន ម៉ាណែត បានរំលឹកពីករណីដែលធ្លាប់កើតឡើងកន្លងមក ហើយបន្តជំរុញឱ្យបង្កើនវប្បធម៌អាន ស្រាវជ្រាវ ចងក្រងពីសំណាក់ពលរដ្ឋខ្មែរ។

សម្តេចបានកត់សម្គាល់ថា ប្រទេសផ្សេងសរសេរពីប្រវត្តិសាស្ត្រគេ ដែលអាចពាក់ព័ន្ធជាមួយកម្ពុជា ដូច្នេះកូនខ្មែរត្រូវសរសេរពីខ្លួនឯងឱ្យច្បាស់ លើគ្រប់មុខវិជ្ជាទាំងអស់ ដូចជាវិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងៗទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com