ជាតិ
សុខភាព
កុមារីអាយុ​៩​ឆ្នាំ នឹង​ត្រូវផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​មហារីកមាត់ស្បូន​ដោយឥតគិត​ថ្លៃ
05, Oct 2023 , 4:19 pm        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល បានប្រកាសដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន (HPV) ដែលត្រូវចាក់តែមួយដូស ដល់កុមារីអាយុ ៩ ឆ្នាំ ទៅក្នុងកាលវិភាគផ្តល់ថ្នាំបង្ការជាតិ ដើម្បីគាំទ្រដល់ការបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជា។ នេះជាការផ្តល់​ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី​៥ ខែតុលា ក្រោម​កិច្ច​សហការរវាងក្រសួងសុខាភិបាលជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាល​មូលដ្ឋាន និងដោយមានការគាំទ្ររបស់សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំងនិងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) យូនីសេហ្វ និងអង្គការ Clinton Health Access Initiative (CHAI)។

 
តាម​សេចក្តីប្រកាសព័ត៌មាន ការ​ផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃដល់កុមារីអាយុ ៩ ឆ្នំា នៅទូទាំងប្រទេស ធ្វើ​ឡើង​តាមរយៈការចុះផ្តល់សេវា ជាទៀងទាត់នៅតាមសាលារៀននិងសហគមន៍ និងការផ្តល់សេវាជាប្រចាំនៅ មណ្ឌលសុខភាព ។ 
 
ជំងឺមហារីកស្បូន ​ជា «ឃាតករលាក់មុខ» ដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី ដោយ​ភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេលំដាប់ទីពីរ និងជាមូលហេតុចម្បងទីបីនៃមរណភាពដែលបណ្តាលមកពីជំងឺមហារីក។
 


ក្នុងចំណោមស្ត្រីគ្រប់វ័យ មានការប៉ាន់ប្រមាណថា មានករណីថ្មីៗប្រមាណ ១ ១៣៥ ករណី និងស្លាប់ ៦៤៣ ករណីជារៀងរាល់ឆ្នាំ។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ការពារស្ត្រីពីជំងឺមហារីកមាត់ស្បូន តាមរយៈការបង្ការការបង្ករោគដោយពពួកវីរុសប៉ាពីឡូម៉ា (papillomavirus) របស់        មនុស្ស។ ភស្តុតាងថ្មីៗពីអង្គការសុខភាពពិភពលោកបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមួយដូស មានប្រសិទ្ធភាពកាត់បន្ថយការបង្ករោគដោយ HPV និងបង្ការ ជំងឺមហារីកមាត់ស្បូនពី ៨០ ទៅ ៩០ ភាគរយ។ 
 
បច្ចុប្បន្ន កម្ពុជាចូលរួមជាមួយប្រទេសចំនួន ១៣៦ នៅទូទាំងពិភពលោក ក្នុងការបញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ ក្នុងពិធីប្រកាសដាក់បញ្ចូល​ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលនិងដៃគូទំាងអស់ឱ្យធ្វើការរួមគ្នា ដើម្បីការពារកុមារីគ្រប់រូប នៅកម្ពុជា។
 


 លោក​មានប្រសាសន៍ថា៖ «យើងនឹងធានាថាកុមារីអាយុ ៩ ឆ្នាំគ្រប់រូប អាចទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនចំនួន ១ ដូស ដោយមិនគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ព្រមទាំងគ្រោងនឹងផ្តល់វ៉ាក់សំាងបង្ការជំងឺមហារីកមាត់ស្បូននេះដល់កុមារីអាយុលើសពី ៩ ឆ្នាំ តាមរយៈយុទ្ធនាការមួយដែលនឹងត្រូវ​រៀបចំឡើងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ»។
 
បណ្ឌិត Will Parks តំណាងយូនីសេហ្វប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ពីសារសំខាន់នៃ សមធម៌ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជា និងសារសំខាន់នៃការផ្តល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជប្រកបដោយគុណភាពដល់កុមារី ជាផ្នែកមួយនៃការថែទាំសុខភាពបឋម។ 
 
«យើងត្រូវធានាយ៉ាងណាឱ្យកុមារីដែលបានបំពេញតាមគ្រប់លក្ខខណ្ឌទាំងអស់ ជាពិសេសកុមារីរស់នៅតាមសហគមន៍ដែលមានហានិភ័យខ្ពស់ សហគមន៍ក្រីក្រនៃតំបន់ប្រជុំជន សហគមន៍ជនបទដាច់ស្រយាល ក៏ដូចជាជនជាតិ ភាគតិច និងអ្នកចំណាកស្រុក បានទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ព្រមទំាងសេវាចាំបាច់សំខាន់ៗ ទៀត»។ តំណាង​យូនីសែហ្វ បាន​បញ្ជាក់យ៉ាងដូច្នេះ។
 


​បណ្ឌិត Pascal Ringwald តំណាងស្តីទីរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រី Soleine Scotney នាយកប្រចាំប្រទេសរបស់អង្គការ CHAI កម្ពុជា សុទ្ធតែបាន​អបអរ​សាទរដល់​ក្រសួង​សុខាភិបាល ក្នុង​ការដាក់បញ្ចូល​វ៉ាក់សាំង​បង្ការជំងឺមហារីកមាត់ស្បូន​ក្នុងកាលវិភាគផ្តល់ថ្នាំបង្ការជាតិ ដែលជាការសម្រេច​ចិត្ត​ជាប្រវត្តិសាស្ត្រ​ក្នុងការ​ធ្វើឱ្យប្រសើរឡើងអនាគតកុមារីកម្ពុជា។ 
 
ជាមួយ​គ្នានេះ លោក Thabani Maphosa នាយកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ Gavi រំពឹង​ថា នេះជាជំហានមួយដ៏សំខាន់​ក្នុង​សមរភូមិ​ប្រយុទ្ធនឹងជំងឺមហារីកមាត់ស្បូន ដើម្បីធានាថាពុំមានកុមារីណាម្នាក់ត្រូវបានទុកចោលនោះឡើយ៕
 
ប្រភពរូបថត: © UNICEF Cambodia/2023/Bunsak But
 

© រក្សាសិទ្ធិដោយ thmeythmey.com