ជាតិ
ពីនេះ ពីនោះ
«កុង» មានន័យ​ច្រើនបែប៖ ជីតា, គណនីធនាគារ, ដែល​វៀច, មិន​ស៊ី​ចង្វាក់គ្នា..
08, Oct 2023 , 7:29 am        
រូបភាព
ពាក្យ «កុង» មាន​ការពន្យល់​បាន​៧​បែបផ្សេងៗគ្នា។ នេះ​បើតាម​វចនានុក្រមខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ ដែល​បាន​ធ្វើ​បច្ចុប្បន្ន​លើ​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«កុង» ជាកិរិយា​សព្ទ មានន័យថា បំបាត់​ប្រវ័ញ្ច។ ជានាមសព្ទ «កុង» មានន័យថា វត្ថុអ្វីៗដែលមានសណ្ឋានកោង, ដែលរំពត់បង្កុងឡើង៖ កុងទូក, កុងសូត្រ, កុងសម្រាប់រែកកណ្តាប់ ។ ជាគុណនាម គឺ ដែល​វៀច, ដែល​កោង៖ ផ្លូវកុង។
 
ន័យមួយទៀត គឺ​ជា​ពាក្យ​កម្ចីភាសាចិន ដោយ «កុង» គឺឪពុករបស់មាតា ឬ បិតា ( ជីតា ) ។ ជាគុណសព្ទ «កុង» មានន័យថា ដែល​វៀច, ដែល​កោង៖ ផ្លូវកុង។
 
វចនានុក្រម​ខ្មែរ២០២២ ផ្តល់និយមន័យ​បន្ថែមទៀតចំពោះពាក្យ «កុង»។ «កុង» ជានាមសព្ទ ដែលសំដៅលើ​រង្វាស់ផ្ទៃក្រឡាដីប្រមាណ១៦,២ហិកតាឬ៤០អា បួនជ្រុង :  ឪឡឹកចំនួន៥កុង។  «កុង» ជាក្រង់ ឬជង្រុកសម្រាប់ដាក់ស្រូវ។
 
ពាក្យដែលពេញនិយម​ប្រើ​នាពេល​បច្ចុប្បន្ន គឺ​ «កុង» ដែលមានន័យថា  គណនីធនាគារ, ការរៀបចំបែបបទជាមួយធនាគារ ដើម្បីអនុញ្ញាតឱ្យយើងអាចដាក់ឬដកប្រាក់ :  ខ្ញុំបានទៅបើកកុងធនាគារមួយ។  ពាក្យនេះ ចេញពី​ភាសាបារាំង Compte។
 
រីឯ «កុង» មួយទៀត ជាកិរិយាសព្ទ, ជាគុណកិរិយា ហើយ​ដែល​ត្រូវបាន​ចាត់ទុក​ជាពាក្យ​សាមញ្ញនោះ គឺចេញពីភាសា​បារាំង Contre។ ពាក្យនេះ មានន័យថា មិន​ត្រូវគ្នា, មិនស៊ី​សង្វាក់គ្នា, ទាស់គ្នា :  សុខនិងសៅតែងតែកុងគ្នាជានិច្ច៕
 

© រក្សាសិទ្ធិដោយ thmeythmey.com