ជាតិ
រដ្ឋមន្រ្តីព័ត៌មាន អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឈប់ចែកចាយរូបភាពហិង្សា និងឃាតកម្ម
07, Oct 2023 , 10:39 am        
រូបភាព
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន។ រូបភាព​ពី​ហ្វេសប៊ុក​លោក  នេត្រ ភក្រ្តា
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន។ រូបភាព​ពី​ហ្វេសប៊ុក​លោក នេត្រ ភក្រ្តា
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសារទាំងព្រឹកពីករណីចែកចាយរូបភាពហិង្សា និងឃាតកម្ម ដែលកើតឡើងនៅដើមខែតុលានេះ។ រដ្ឋមន្រ្តីរូបនេះ អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មានទាំងអស់ បញ្ឈប់ការចែកចាយរូបភាពទាំងនេះ ដែលបង្កផលប៉ះពាល់ដល់គ្រួសារជនរងគ្រោះ។


 
រូបភាពនៃការប្រើប្រាស់អំពើហិង្សា រូបភាពឃាតកម្ម ឬគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ចែកចាយមិនសំចៃដៃ។ រូបភាពខ្លះ ក៏បានធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកទស្សនាផងដែរ។
 
តាមរយៈសកម្មភាពទាំងនេះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរសារលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី៧ តុលា ដូច្នេះ៖«សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ។ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ»។ 
 
ក្រៅពីលើកឡើងករណីអ្នកប្រើប្រាស់បណ្ដាញសង្គម រដ្ឋមន្រ្តីព័ត៌មានរូបនេះ ក៏បានប្រាប់ដល់អ្នកសារព័ត៌មានឱ្យគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន។ «ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា»។ លោក នេត្រ ភក្រ្តា រំលេចខ្លឹមសារក្នុងច្បាប់ស្ដីពីរបបសារព័ត៌មានបែបនេះ ដោយបន្តថា ការធ្វើដូច្នេះដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ។
 
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី លើកទឹកចិត្តដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មាន ចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះជារូបមិនច្បាស់ មុននឹងផ្សព្វផ្សាយ និងចែករំលែក។ បើតាមលោក ភក្រ្តា ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង៕
 

Tag:
 ហិង្សា
  ឃាតកម្ម
  នេត្រ ភក្រ្តា
© រក្សាសិទ្ធិដោយ thmeythmey.com