ជាតិ
រដ្ឋាភិបាល បារម្ភពីសុវត្ថិភាពពលរដ្ឋខ្មែរនៅអ៊ីស្រាអែល
08, Oct 2023 , 1:21 am        
រូបភាព
រូប AP
រូប AP
ដោយ: រួបរួម
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាយប់ឈានចូលថ្ងៃទី៨ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ បង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពពលរដ្ឋខ្មែរដែលរស់នៅប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។

 
មនុស្សជាច្រើននាក់បានរបួស និងស្លាប់ ក្នុងការប្រយុទ្ធតទល់គ្នានៅតំបន់ហ្កាហ្សា ចាប់ពីថ្ងៃទី៧ ខែតុលា មក។ ពាក់ព័ន្ធករណីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធឲ្យទាក់ទងជាប់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីផ្តល់ការការពារសុវត្ថិភាពពលរដ្ឋខ្មែរ៤៥០នាក់ ភាគច្រើនជានិស្សិត ដែលកំពុងស្នាក់នៅ និងសិក្សាក្នុងប្រទេសអ៊ីស្រាអែល។
 
«រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវសភាពការណ៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលក្នុងគោលបំណងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ»។ នេះជាការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
 
ជាមួយគ្នានេះ រដ្ឋាភិបាលក៏ព្យាយាមទាក់ទងផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាន នៅអ៊ីស្រាអែល ដើម្បីតាមដានអំពីសុវត្ថិភាព ក៏ដូចជាផ្ដល់ការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីជួយដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។
 
ពលរដ្ឋខ្មែរដែលកំពុងមានវត្តមាននៅអ៊ីស្រាអែល អាចទាក់ទងតាម Whatapps ឬ Telegram ជាមួយនឹងទូរសព្ទ +85586881688។ រដ្ឋាភិបាល ក៏អំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលឲ្យ ស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com