ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់បារម្ភ ! ខ្វះប្រូតេអ៊ីនក្នុងរាងកាយអាហារទាំងនេះអាចជួយបាន
10, Oct 2023 , 6:59 am        
រូបភាព
មិនមែន​គ្រប់​គ្នា​សុទ្ធតែ​ចូល​ចិត្ត​ទទួលទាន​សាច់​ច្រើន​នោះ​ទេ ! ទោះបី​អាហារ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ក៏​ដោយ ។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! សាច់​មិនមែន​ជា​ប្រភព​តែ​មួយ​នៃ​ប្រូតេអ៊ីន​ឡើយ ។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន ៖

 
១. ទឹក​សណ្ដែក
១​ពែង​នៃ​ទឹក​សណ្ដែក​មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ៨​ក្រាម​និង ១៣១​កាឡូរី (​ស្មើនឹង ១៦​ភាគរយ​នៃ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​)​។
 
២. ត្រី​សា​ឌី​ន
ត្រី​សា​ឌី​ន​តូច​មួយ​មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ៣​ក្រាម​និង ២៥​កាឡូរី (​ស្មើនឹង ៦​ភាគរយ​នៃ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​)​។ បន្ថែម​ពី​នេះ​ត្រី​សា​ឌី​ន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ​និង​ទប់ស្កាត​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​បាន​យ៉ាង​ប្រសើរ​។ សារធាតុចិញ្ចឹម​សំខាន់​ៗ​ផ្សេង​ទៀត​នៃ​ត្រី​សា​ឌី​ន គឺ​សេ​លេ​ញ៉ូ​ម​, វីតាមីន B12 និង​វីតាមីន D ដែល​ល្អ​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ ព្រមទាំង​មុខងារ​ស​សៃ​ប្រសាទ ក៏​ដូច​ជា​ខួរក្បាល និង​ពង្រឹង​សុខភាព​ឆ្អឹង​ផង​ដែរ​។
 
៣. មឹក
ប្រមាណ ២៨​ក្រាម​នៃ​មឹក​មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ៤.២​ក្រាម​និង ២៣​កាឡូរី (​ស្មើនឹង ៨​ភាគរយ​នៃ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​)​។ ទោះជា​យ៉ាងណា​អាហារ​សមុទ្រ​នេះ​មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដែល​អ្នក​ចាំបាច់​គួរ​កម្រិត​ការ​ទទួលទាន​ឱ្យ​នៅ​ក្នុង​កម្រិត​មធ្យម​។ សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ក្នុង​មឹក​នោះ គឺ​ជាតិ​ដែក​ដែល​ជា​ជាតិ​រ៉ែ​ចាំបាច់​សម្រាប់​ដឹក​ជញ្ជូន​អុក​ស៊ី​សែន​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​។ ជាតិ​ដែក​ក៏​ដើរតួ​នាទី​សំខាន់​ក្នុង​ដំណើរការ​នៃ​ការ​លូតលាស់​កោសិកា​ផង​ដែរ​។ បន្ថែម​ពី​នេះ​ជាតិ​សេ​លេ​ញ៉ូ​ម​ក្នុង​មឹក​ដើរតួ​នាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ទប់ស្កាត់​រាល់​ការ​បំផ្លាញ​ដែល​បង្ក​ឡើង​ដោយ​រ៉ា​ឌី​កាល់​សេរី​។ មឹក​ក៏​មាន​ផ្ទុក​វីតាមីន B12 ដែល​ជួយ​គាំទ្រ​មុខងារ​ខួរក្បាល​គួរ​ឱ្យ​កត់សម្គាល់​។ សូ​ម្បី​តែ​បង្គា​ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ផង​ដែរ​។ ត្រឹម ៨៥​ក្រាម​នៃ​បង្គា​មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ១៨​ក្រាម និង ៨៤​កាឡូរី​។
 
៤. គ្រាប់​រីករាយ
ត្រឹម ១​ពែង​នៃ​គ្រាប់​រីករាយ​មាន​ផ្ទុក​ប្រូតេអ៊ីន ២៥​ក្រាម​និង ៦៨៥​កាឡូរី (​ស្មើនឹង ៥១​ភាគរយ​នៃ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​)​។ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​គាំទ្រ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។
 
៥. គ្រាប់​ល្ពៅ
១​ពែង​នៃ​គ្រាប់​ល្ពៅ​មាន​ផ្ទុក​ប្រូតេអ៊ីន ១២​ក្រាម​និង ២៨៥​កាឡូរី (​ស្មើនឹង ២៤​ភាគរយ​នៃ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​)​។ គ្រាប់ពូជ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ស័ង្កសី​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ និង​ធ្វើ​ឱ្យ​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង ហើយ​អាច​ទប់ស្កាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​ថែម​ទៀត​ផង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com