ជាតិ
លោក Yamamoto ស្ថាបនិកសាលាជប៉ុនដ៏ល្បីល្បាញនៅសៀមរាប ទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំ
10, Oct 2023 , 8:27 am        
រូបភាព
ដោយ: រួបរួម
លោក Muneo Yamamoto បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំ ដោយជរាពាធ កាលពីព្រឹកថ្ងៃទី៩ ខែតុលា នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ក្រុងសៀមរាបខេត្តសៀមរាប។ សម្រាប់អ្នកខេត្តសៀមរាប ជាពិសេសអ្នកបម្រើការក្នុងវិស័យទេសចរណ៍ដែលប្រើប្រាស់ភាសាជប៉ុន បុរសជនជាតិជប៉ុនរូបនេះ គឺជាវីរបុរសដែលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ហេ្ស អេជ ស៊ី អង្គរ ធួរ ជាដើម។

 
«មរណភាពរបស់លោក Yamamoto ជាការបាត់បង់នូវមហាសប្បុរសជន និងធនធានមនុស្សដ៏សំខាន់មួយរូប ដែលមានគុណសម្បត្តិច្រើនណាស់ជួយប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅក្នុងទឹកដីខេត្តសៀមរាប»។ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានសម្តែងការសោកស្តាយចំពោះការបាត់បង់ប្រធានក្រុមហ៊ុន JHC និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ ដែលមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ១៩៩៥មក។
 
បើតាមលោក សៀង ណាំ មជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៦ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ដែលអនុញ្ញាតឱ្យយុវជនយុវនារីខ្មែររស់នៅខេត្តសៀមរាប អាចចូលរៀនសូត្រក្រេបយកចំណេះដឹងភាសាជប៉ុន ដើម្បីក្លាយជាមគ្គុទេសទេសចរណ៍ភាសាជប៉ុននៅក្នុងទឹកដីខេត្តសៀមរាបនេះ។ 
 
មកដល់បច្ចុប្បន្ននេះ យ៉ាម៉ាម៉ូតុ មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន រួមចំណែកកសាងធនធានមនុស្សជាច្រើនលើជំនាញជាគ្រូបង្រៀនភាសាជប៉ុន មគ្គុទេសទេសចរណ៍ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ និងអ្នកបកប្រែ ហើយសញ្ញាបត្រមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។
 
«លោក Yamamoto ក៏បានជួយអណ្តូងទឹកស្អាតដល់ប្រជាជន ជួយកសាងសាលាបឋមសិក្សា និងជួយឧបត្ថម្ភស្បៀង ព្រមទាំងថវិកាដល់ប្រជាជនក្រីក្រនៅតាមទីជនបទដាច់ស្រយោល។ល។»។ អ្នកតំណាងរាស្ត្រខេត្តសៀមរាប បានរំលឹកយ៉ាងដូច្នេះ។ 
 
ពិធីបុណ្យសពរបស់លោក និងប្រារព្ធឡើងតាមគន្លងព្រះពុទ្ធសាសនានៅទីស្នាក់ការក្រុមហ៊ុន JHC ស្ថិតនៅភូមិគ្រួស ជាប់ផ្លូវជាតិលេខ៦ ។ សពរបស់លោក និងបូជានៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com