ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រី​ៗ​គ្នា​យើង​កុំ​ប្រហែស ! អាហារ​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន
13, Oct 2023 , 6:59 am        
រូបភាព
មហារីក​មាត់ស្បូន​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​អាច​ឆាប​យកអាយុ​ជីវិត​មនុស្ស​ស្រី​បាន​ទៅ​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ​គ្រាន់តែ​អនុវត្ត​តាម​គន្លឹះ​ងាយ​ៗ​និង​រួម​បញ្ចូល​អាហារ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ និង​អាហារ​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន ៖

 
១. រមៀត
ការ​រួម​បញ្ចូល​រមៀត ឬ​ម្សៅ​រមៀត​ក្នុង​អាហារ​ពិតជា​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​សារធាតុ curcumin ដែល​ជួយ​ការពារ​កោសិកា​សុខភាព​ល្អ​មិន​ឱ្យ​ក្លាយជា​កោសិកា​មហារីក​។
 
២. បឺ​រី​និង​គ្រាប់​ធញ្ញជាតិ
ប្ល៊ូ​បឺ​រី ស្ត្រ​បឺ​រី និង​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត ellagic ដែល​មាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​អង់ស៊ីម​មួយ​ចំនួន​ក្នុង​រាង​កាយ​សកម្ម​ឡើង​បន្សា​ជាតិពុល​ដែល​បង្ក​ជំងឺមហារីក​។ ការ​រួម​បញ្ចូល​បឺ​រី​និង​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ទប់ស្កាត់​ប្រឆាំង​ជំងឺមហារីក​មាត់ស្បូន​និង​មហារីក​ដទៃ​ទៀត​បាន​គួរ​ឱ្យ​កត់សម្គាល់​។
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C
វីតាមីន C មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​កា​រវិ​វត្ត​នៃ​កោសិកា​មហារីក​។ ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ផង​ដែរ​។ ខណៈ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ចុះ​ខ្សោយ​ជា​កត្តា​ចម្បង​មួយ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​។
 
៤. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ស័ង្កសី
ស័ង្កសី​ជា​ជាតិ​រ៉ែ​មួយ​ជួយ​រាង​កាយ​ក្នុង​ការ​ផលិត​អង់ស៊ីម​បន្ថែម​ដែល​មាន​សមត្ថភាព​កម្ចាត់​រាល់​ជាតិពុល​បង្ក​ជំងឺមហារីក​។
 
៥. តែ​បៃតង
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ជួយ​ប្រយុទ្ធ​ប្រឆាំង​កោសិកា​មហារីក​។ តែ​បៃតង​ក៏​មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​ដែល​ជា​អ្វីមួយ​ផ្សារ​ភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​រួម​ទាំង​មហារីក​។
 
៦. ឈប់​ជក់បារី
ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ផ្ដាច់​បារី​អាច​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​និង​ជំងឺ​សួត​។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​ការ​ឈប់​ជក់បារី​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សារធាតុ​បង្ក​ជំងឺមហារីក​រាប់​ពាន់​ប្រភេទ​។
 
៧. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ
ភាពធាត់​ជ្រុល​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​គួរ​ឱ្យ​ព្រួយបារម្ភ​។ ជាតិ​ខ្លាញ់​ច្រើន​លើស​ក្នុង​រាង​កាយ​អាច​បង្ក​ការ​ផលិត​អ័រម៉ូន​មួយ​ចំនួន​ដែល​ជះ​ផល​ប៉ះពាល់​កោសិកា​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​។
 
៨. ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV
វិធី​ដ៏​ងាយ​និង​ប្រសើរ​បំផុត​មួយ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន គឺ​ការ​ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV​។ គួរ​បញ្ជាក់​ផង​ដែរ​ថា HPV ជា​ប្រភេទ​នៃ​មេរោគ​ម្យ៉ាង​បង្ក​ឱ្យ​មាន​ជំងឺមហារីក​មាត់ស្បូន​។
 
៩. ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួម​ភេទ
វី​ធី​ដ៏​ងាយ​ម្យ៉ាងទៀត​ដើម្បី​ទប់ស្កាត់​មេរោគ HPV គឺ​តាម​រយៈ​ការ​ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួម​ភេទ​ជាមួយ​នរណា​ម្នាក់​ដែល​អាច​មាន​ផ្ទុកមេរោគ​ប្រភេទ​នេះ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com