ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឆាប់​ដូរ​ចេញ​ភ្លាម​! ទម្លាប់​ប្រចាំ​ថ្ងៃ​គេ​រក​ឃើញ​ថា ធ្វើ​ឲ្យ​អ្នក​អាយុ​កាន់តែ​ខ្លី
14, Oct 2023 , 6:59 am        
រូបភាព
បើសិនជា​អ្នក​កំពុង​តែ​មាន​គម្រោង​រស់នៅ​ក្នុង​ជីវិត​ប្រកបដោយ​សុខភាព​ល្អ រយៈពេល​យូរហើយ នោះ អត្ថបទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​ពិសេស​សម្រាប់​អ្នក​ហើយ ។ នេះ​ដោយសារ​តែ​មាន​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អាច​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ខ្លី ។ ចង់​ដឹង​ថា តើ​ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ ចូរ​តាមដាន​ដូច​ខាងក្រោម​នេះ ៖

 
មើល​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ច្រើន​ពេក
ការ​ដែល​មាន​របៀប​រស់នៅ​បែប​ស៊ី​ដេក​ៗ គឺជា​រឿង​ដែល​មិន​ត្រូវធ្វើ​សោះឡើយ ជា​ពិសេស​បើសិន​បើសិនជា​អ្នក​ចង់​រស់នៅ​បាន​អាយុ​១០០ ។ នេះ​ដោយសារ​តែ វា​អាច​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​នៅ​ថ្ងៃ​អនាគត​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ធាត់​ជ្រុល លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង ។ យក​ល្អ​គួរតែ​ចៀសវាង​ធ្វើ​ទាំងនេះ មក​ធ្វើ​សកម្មភាព​រាង​កាយ​ឲ្យ​បាន​ច្រើន​វិញ​។
 
កម្រ​ហាត់ប្រាណ
និយាយ​ដល់​រឿង​ហាត់ប្រាណ អ្នកជំនាញ​និយាយ​ថា វា​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិន​ចង់​ស្លាប់​ទាំង​វ័យក្មេង ហើយ​ដើម្បី​ធ្វើ​បែប​នេះ​បាន ទាល់តែ​ហាត់ប្រាណ​ជា​ប្រចាំ​។ ការ​ចំណាយពេល​យ៉ាង​ហោច​ណាស់ ២០​នាទី​ក្នុង​មួយ​ថ្ងៃ រយៈពេល ៥​នាទី​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​ចំណាយពេល​ដើរ​លឿន​ៗ រត់​យឺត​ៗ ជិះ​កង់ ហែល​ទឹក ឬ​រាំ​ច្រើន វា​គឺជា​រឿង​ល្អ​គ្រប់គ្រាន់​សម្រាប់​បំបាត់​បញ្ហា​ដែល​នាំ​ឲ្យ​អាយុ​ខ្លី​ហើយ​។
 
គេង​ច្រើន​ពេក ឬ​តិចពេក​
ថ្វីបើ​វា​គឺជា​ការ​ពិត​ត្រង់​ថា គ្រូពេទ្យ​ណែនាំ​ឲ្យ​គេង​គ្រប់គ្រាន់​រាល់​យប់​ក៏​ដោយ តែ​វា​អាច​ជា​រឿង​ពិបាក​ដែរ​ក្នុង​ការ​ធ្វើ​វា​ឲ្យ​បាន​។ ការ​ដែល​គេង​ច្រើន​ពេក​វា​នឹង​មិន​មាន​ផល​ល្អ​ដូច​គ្នា​នឹង​គេង​តិច​ដែរ​។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​គេង​ច្រើន​ជ្រុល​ពិតជា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ការ​ធាត់​ជ្រុល និង​ជំងឺ​បេះដូង​បាន​។ ដូច​គ្នា​នេះ​ដែរ ការ​គេង​ពេល​យប់​មិន​បាន​គ្រប់គ្រាន់​គឺជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រស់នៅ​មិន​បាន​យូរ​ឡើយ​។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​បាន​គេង​លក់​គ្រប់គ្រាន់​ចាប់ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ ព្រមទាំង​សម្រួល​អារម្មណ៍​តានតឹង និង​ថប់​អារម្មណ៍​អស់ហើយ​។
 
ញ៉ាំ​អាហារ​ប្រៃ​ៗ
បើសិនជា​អ្នក​មិន​ប្រកាន់​ទេ យក​ល្អ​គួរតែ​បង្កើត​មិត្តភាព​ជាមួយ​អាហារ​មិន​ប្រៃ​វិញ​ល្អ​ជាង​។ មនុស្ស​គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​ញ៉ាំ​អាហារ​ប្រៃ​ច្រើន​អាច​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​។ ការ​លើស​សម្ពាធ​ឈាម​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​។ បើសិនជា​មិន​បាន​គ្រប់គ្រង​វា​ទេ ជំងឺ​នេះ​ក៏​អាច​នាំ​ឲ្យ​ខូច​សរីរាង្គ​ជា​ច្រើន​ក្នុង​ខ្លួន​ដែរ​ដូច​ជា ភ្នែក និង​តម្រងនោម​។
 
មិន​បាន​ប្រើ​អំបោះ​សម្អាត​ធ្មេញ
ការ​ដែល​ប្រើ​អំបោះ​រូស​សម្អាត​ធ្មេញ​ជា​ទៀងទាត់​មិន​ត្រឹមតែ​ល្អ​ចំពោះ​ស្នាមញញឹម​ទេ តែ​ក៏​ល្អ​ចំពោះ​បេះដូង​ដែរ ។ រយៈពេល​ច្រើន​ឆ្នាំ​មកនេះ អ្នកជំនាញ​ជា​ច្រើន​ជឿ​ថា ការ​ដែល​មាន​ជំងឺ​អញ្ចាញធ្មេញ​ដោយសារ​តែ​សុខភាព​មាត់​ធ្មេញ​មិនល្អ​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ស្លាប់​ដោយសារ​តែ​បញ្ហា​បេះដូង​បាន​។ ពិត​ណាស់ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា អ្នក​ដែល​កង្វះ​សុខភាព​មាត់​ធ្មេញ អាច​នឹង​មាន​សរសៃឈាម​អាក់ទែ​រួម​តូច​ជាងគេ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com