ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រាងស្អាត សុខភាព​ល្អ ! នេះ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ញ៉ាំ​ទឹក​ដែល​អ្នក​មិនសូវ​ដឹង
15, Oct 2023 , 6:29 am        
រូបភាព
មនុស្ស​យើង​ភាគច្រើន​តែង​មាន​ទម្លាប់​ញ៉ាំ​ទឹក​ច្រើន​ៗ​ក្រោយ​បាយ​រួច ឬ​អួលបាយ ឬ​ពេល​ហាត់ប្រាណ ប៉ុន្តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​ក៏​អាច​ចាប់ផ្តើម​ទម្លាប់​ដ៏​ល្អ​មួយ​ក្នុង​ការ​ញ៉ាំ​ទឹក​ដែរ ជា​ពិសេស​ការ​ញ៉ាំ​ទឹក​ក្នុង​ពេលវេលា​ដែល​ត្រឹមត្រូវ​ប្រចាំ​ថ្ងៃ​តែ​ម្តង​។ កាលណា​អ្នក​អាច​អនុវត្ត​ទម្លាប់​នេះ​បាន អ្នក​នឹង​អាច​ទទួល​បាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​ទៀត​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​ពេលវេលា​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​៖

 
ចូរ​ញ៉ាំ​ទឹក​ពីរ​កែវ​នៅ​ពេល​ព្រឹក
រឿង​ដែល​អ្នក​ត្រូវធ្វើ​ដំបូង​គេ​ពេល​ភ្ញាក់​ពី​គេង​គឺ​ញ៉ាំ​ទឹក​ឲ្យ​បាន​ពីរ​កែវ​។ ជាតិ​ទឹក​នេះ​នឹង​ជួយ​ភ្ញោ​ច​ដល់​សរីរាង្គ​ក្នុង​ពោះ និង​ដាក់​រាង​កាយ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​អាហារ​ពេល​ព្រឹក​។ ចូរ​ញ៉ាំ​ទឹក​ទាំង​ពោះ​ទរ​ទេ​ទើប​ជា​រឿង​ល្អ​។
 
ចូរ​ញ៉ាំ​ទឹក ៣០​នាទី​មុន​ពេលបាយ
ការ​ញ៉ាំ​ទឹក​បែប​នេះ​មុន​ពេល​អាហារ​ថ្ងៃ ឬ​ពេល​យប់​តែងតែ​ជា​រឿង​ល្អ ដោយសារ​តែ​វា​នឹង​ជួយ​ឲ្យ​ក្រពះ​ឆ្អែត​មុន​។ ជាមួយ​គ្នា​នេះ​ដែរ មិន​ត្រូវ​ភ្លេច​ញ៉ាំ​ទឹក​ខណៈ​ពេល​ញ៉ាំ​អាហារ​ឡើយ ព្រោះ​វា​នឹង​ជួយ​បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើន​ៗ​ជ្រុល​បាន​។
 
ចូរ​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ពេល​ងូតទឹក
អ្នក​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ពេល​ងូតទឹក​ដើម្បី​ជួយ​រក្សា​សម្ពាធ​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់ ជា​ពិសេស​ពេល​សីតុណ្ហភាព​រាង​កាយ​ចុះ​ក្តៅ​បន្តិច​។ នៅ​ពេល​អ្នក​ងូតទឹក​ត្រជាក់ ឬ​ទឹក​ក្តៅ សម្ពាធ​ឈាម​នឹង​មិន​អាច​ឡើង​ខ្ពស់​ឡើយ​បើសិនជា​អ្នក​សម្រួល​សីតុណ្ហភាព​រាង​កាយ​រួច​ជាមួយនឹង​ការ​ញ៉ាំ​ទឹក​មួយ​កែវ​ហើយ​។
 
ញ៉ាំ​ទឹក​ខណៈ​ពេល​កំពុង​តែ​រង​ចាំ​អាហារ​បន្ទាប់
ចាប់តាំងពី​វា​ត្រូវការ​ពេល ៤ ទៅ ៧​ម៉ោង​នៅ​ចន្លោះ​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​យប់ អ្នក​គួរតែ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹក​នៅ​ចន្លោះ​ពេល​នេះ​ដែរ​។ ចូរ​ស្តាប់​រាង​កាយ​ខ្លួនឯង​ផង​ថា ពេល​ណា​ដែល​អ្នក​ត្រូវ​ស្រេកទឹក ហើយ​ញ៉ាំ​ទឹក​ភ្លាម​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ផ្តល់​ថាមពល​។
 
ចូរ​ញ៉ាំ​ទឹក​មុន​ពេល​អាហារ​ពេល​យប់
អ្នក​គួរតែ​ញ៉ាំ​ទឹក​នូវ​កែវ​ទី ៨​ហើយ ហើយ​គួរតែ​អបអរ​សារ​ទ​ដល់​ខ្លួនឯង​ផង ថា​អ្នក​អាច​គ្រប់គ្រង​ការ​ញ៉ាំ​ទឹកបាន​ត្រឹមត្រូវ​ហើយ​។ ជា​ថ្មី​ម្តងទៀត ចូរ​ញ៉ាំ​ទឹក ៣០​នាទី​មុន អាហារ​ពេល​យប់ និង​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​ញ៉ាំ​អាហារ​ផង​ដើម្បី​ជា​ជំនួយ​ដល់​ការ​រំលាយ​អាហារ​។
 
ញ៉ាំ​ទឹក​មុន​ពេល​គេង
អ្នក​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ​ទៀត​មុន​ពេល​ចូល​គេង ព្រោះ​វា​នឹង​ជួយ​បង្ការ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​គាំងបេះដូង​បាន​។
 
សរុបសេចក្តី​មក ដូច​អ្នកដឹង​ហើយ​ថា ពេល​ណា​ដែល​ជា​ពេលវេលា​ត្រឹមត្រូវ​ដែល​ត្រូវ​ញ៉ាំ​ទឹក ព្រោះ​វា​អាច​ជួយ​បង្ការ​បញ្ហា​សុខភាព​ជា​ច្រើន ខណៈ​ពេល​ជំរុញ​ដល់​ការ​រំលាយ​អាហារ​កាន់តែ​ល្អ និង​បង្កើន​ថាមពល​ក្នុង​រាង​កាយ​។ ចូរ​អនុវត្ត​ធ្វើ​បែប​នេះ​ឲ្យ​វា​ក្លាយទៅជា​ទម្លាប់​មួយ​ទើប​អ្នក​នឹង​មាន​សុខភាព​ល្អ​បាន​យូរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com