ជាតិ
ប្រធានតុលាការ ចៅក្រម អគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា រាជអាជ្ញារង ដែលត្រូវបានផ្ទេរ និងតែងតាំង..
16, Oct 2023 , 3:59 pm        
រូបភាព
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១០ ខែតុលា ស្តេចបានចេញព្រះរាជក្រឹត្យដាច់ដោយឡែកស្តីពីការតែងតាំងប្រធានតុលាការកំពូល អនុប្រធាន ចៅក្រម ក៏ដូចជាអគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ដែលត្រូវបានផ្ទេរ និងតែងតាំងសម្រាប់ស្ថាប័ននីតិបញ្ញត្តិទាំងបីលំដាប់ថ្នាក់។

 
លោក ជីវ កេង ត្រូវបានតែងតាំងជាប្រធានតុលាការកំពូលជំនួសលោក ឌិត មុន្ទី ដែលសុំចូលនិវត្តន៍។ ព្រះរាជក្រឹត្យផ្សេងមួយទៀតចុះថ្ងៃទី១០ ខែតុលា ដដែល ព្រះមហាក្សត្រ បានតែងតាំងលោក តាំង ស៊ុនឡាយ ជាអនុប្រធានតុលាការកំពូល រីឯលោក ជា សុខហៀង, លោក ប្លង់ សំណាង និងលោក ស៊ិន សុវណ្ណរ័ត្ន ជាចៅក្រមតុលាការកំពូល។ 
 
សម្រាប់មុខតំណែងនៅសាលាឧទ្ធរណ៍វិញ លោក យ៉ា ណារិន ជាអនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក ទៀង សុថា ជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក អិន វ៉ានវិបុល និងលោកស្រី គឹម ដានី ជាអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ ជាមួយគ្នានេះ លោកស្រី រស់ ផូរា ជាចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង, លោក អ៊ន ប៊ុនលី ជាចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងលោក អ៊ិត សុធា ជាចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ។
 
នៅសាលាដំបូងរាជធានី-ខេត្ត មានការផ្ទេរ និងតែងមុខតំណែង៣៦រូប។ លោក ងួន ណារ៉ា ពីប្រធានសាលដំបូងខេត្តបន្ទាយមានជ័យទៅជាប្រធានសាលាដំបូងរាជធានីភ្នំពេញ។ លោក ជឺ សុខ ពីប្រធានសាលាដំបូងខេត្តសៀមរាប ទៅប្រធានសាលាដំបូងខេត្តកណ្តាល។
 
ជាមួយគ្នានេះ លោក ហុង វ៉ាន់ធីណា ពីប្រធានសាលាដំបូងខេត្តកណ្តាល ទៅជាប្រធានសាលាដំបូងខេត្តសៀមរាប, លោក អ៊ាក ផល្លា ពីប្រធានសាលាដំបូងខេត្តតាកែវ ទៅជាប្រធានសាលាដំបូងខេត្តស្វាយរៀង, លោក ឌិន ស៊ីវុទ្ធី ពីប្រធានសាលាដំបូងខេត្តស្វាយរៀង ទៅជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង។
 
លោក សេង លាង ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ, លោកស្រី ពេជ ម៉ារ៉ែន ក្លាយជាប្រធានសាលាដំបូងខេត្តតាកែវ។ លោក ពេជ្រ វិជ្ជាធរ ពីអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ទៅជាអនុប្រធានសាលាដំបូងខេត្តព្រះសីហនុ, លោក សាន សុផាត ពីអនុប្រធានសាលាដំបូងខេត្តកំពង់ចាម ទៅជាអនុប្រធានសាលាដំបូងខេត្តបាត់ដំបង។
 
លោក ឃី ឆៃ ពីអនុប្រធានសាលាដំបូងខេត្តបាត់ដំបង ទៅជាអនុប្រធានសាលាដំបូងខេត្តសៀមរាប, លោក នូ វាសនា ពីអនុប្រធានសាលាដំបូងខេត្តសៀមរាប ទៅជាអនុប្រធានសាលាដំបូងខេត្តកណ្តាល, លោក ហេង កេសរោ ពីប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យទៅជាអនុប្រធានសាលាដំបូងខេត្តស្វាយរៀង។
 
លោក ចុក ងួន ពីអនុប្រធានសាលាដំបូងខេត្តស្វាយរៀង  និងលោក ស៊ឹង វុទ្ធី ពីអនុប្រធានសាលាដំបូងខេត្តតាកែវ ទៅជាអនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។ រីឯលោក ធាម ច័ន្ទពិសិដ្ឋ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក នូ ដារ៉ា ជាអនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង។
 
លោកស្រី ហៃ ណៃហេង ក្លាយជាអនុប្រធានសាលាដំបូងខេត្តបាត់ដំបង,លោក រស់ សាម៉ឺឌី ជាអនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ខណៈលោក ឡុង វណ្ណា ជាអនុប្រធានសាលាដំបូងខេត្តស្វាយរៀង។
 
ដោយឡែកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ រួមមាន លោក សេង រិទ្ធី, លោក ធ្ធាំ ប៊ុណ្ណា ត្រូវបានផ្ទេរទៅជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ, លោក ឯក ប៉ូលីហ្វី ទៅជាចៅក្រមសាលាដំបូងខេត្តកំពង់ធំ, លោក សុង ប៊ុណ្ណារិទ្ធិ ទៅជាចៅក្រមសាលាដំបូងខេត្តព្រះសីហនុ និងលោក សោ សុភា ទៅជាចៅក្រមសាលាដំបូងខេត្តកណ្តាល។
 
រីឯចៅក្រមដែលត្រូវបម្រើការនៅសាលាដំបូងរាជធានីភ្នំពេញវិញ រួមមាន លោក ម៉ែន រត្ថា ពីសាលាដំបូងខេត្តកំពង់ធំ, លោក ឆែ វិវឌ្ឍនៈ ពីសាលាដំបូងខេត្តព្រះសីហនុ, លោក ថោង ផល្លារង្សី ពីសាលាដំបូងខេត្តកណ្តាល, លោក អ៊ី សុវណ្ណ ពីសាលាដំបូងខេត្តបាត់ដំបង, លោក សាយ សម្ផស្សសេរី និងលោក ធន់ ដារិទ្ធ ពីសាលាដំបូងខេត្តកំពង់ចាម, លោក សាយ ណូរិទ្ធ ពីសាលាដំបូងខេត្តព្រះវិហារ។
 
នៅសាលាដំបូងខេត្តកណ្តាល មាន លោក ស្វាញ តុញ ដែលផ្ទេរមកពីសាលាដំបូងខេត្តកំពង់ស្ពឺ និងលោក ជា សុខច័ន្ទដេត ពីសាលាដំបូងខេត្តប៉ៃលិន។ លោកស្រី ហេង ផល្លា ពីចៅក្រមសាលាដំបូងខេត្តកណ្តាល ទៅជាចៅក្រមសាលាដំបូងខេត្តបាត់ដំបង ខណៈ លោក ប្លុង វិសាល និងលោក ជួន វណ្ណៈ ចេញពីខេត្តកណ្តាលទៅជាចៅក្រមសាលាដំបូងខេត្តកំពង់ចាម។
 
ព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀតចុះថ្ងៃទី១០ ខែតុលា ព្រះករុណា ព្រះមហាក្សត្រ បានផ្ទេរ និងតែងតាំងមុខតំណែង លោក ផាន់ វណ្ណរ័ត្ន ជាអគ្គព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការកំពូល, លោក ជេត ខេមរា ជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក អ៊ឹម សុផាន ជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។
 
លោក ហោ លីណា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ រីឯលោក កែវ សុធា ជាព្រះរាជអាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
 
ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង២០នាក់ ក៏ត្រូវបានផ្ទេរ និងតែងតាំងមុខតំណែងផងដែរ។ លោកស្រី ចាតសូ រស្មី ពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ទៅជាព្រះរាជអាជ្ញាខេត្តកោះកុង, លោក រស់ សារាំ ពីកោះកុង ទៅជាព្រះរាជអាជ្ញាខេត្តកំពង់ធំ ខណៈលោក ស៊ិន វីរៈ ពីកំពង់ធំ ទៅជាព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ។ លោក ឡុង ហុកម៉េង ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំ ទៅជាព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី, លោក ងិន ពេជ ពីរតនគិរី ទៅព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំវិញ។ 
 
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលផ្ទេរក្នុងតំណែងដដែលទៅកាន់បណ្តាខេត្តរួមមាន លោក អ៊ុំ សុភក្តិ ទៅខេត្តកណ្តាល, លោក ហេង ផេង ទៅខេត្តបន្ទាយមានជ័យ, លោក ចែ សុង ទៅខេត្តកំពង់ស្ពឺ, លោក សឿ ឡងឌី ទៅខេត្តកំពង់ធំ, លោក សាយ ណូរ៉ា ទៅខេត្តកំពង់ឆ្នាំង និងលោកស្រី សុង ឆវ័ន្ត ទៅជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។
 
ព្រះរាជអាជ្ញារងពីបណ្តាខេត្ត ដែលត្រូវផ្ទេរមករាជធានីភ្នំពេញវិញ មានដូចជា លោកស្រី ផាត់ សុគន្ធា ពីខេត្តកណ្តាល, លោក វ៉ិត មឃៈ ពីខេត្តកំពង់ស្ពឺ, លោក ស៊ីន រក្សា ពីខេត្តស្ទឹងត្រែង, លោក ហាង សម្បត្តិ ពីខេត្តរតនគិរី និងលោក ប៉េង ម៉េងគ័ង ពីខេត្តឧត្តរមានជ័យ។
 
លោក គង់ សំសារ៉េត ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវផ្ទេរទៅកាន់ខេត្តសៀមរាប រីឯលោកស្រី វ៉ា សក្តា ពីសៀមរាប ផ្ទេរទៅបម្រើការនៅអយ្យការសាលាដំបូងខេត្តកណ្តាលវិញ។ លោក ឆាយ សុត្រា ផ្លាស់ពីខេត្តកំពង់ធំ ទៅខេត្តព្រះសីហនុ ខណៈលោក ឃុន ភឿន ពីខេត្តកោះកុងទៅខេត្តកំពត។
 
បន្ថែមពីលើនេះ ក៏មានព្រះរាជក្រឹត្យតែងតាំងអនុចៅក្រម អនុព្រះរាជអាជ្ញា ចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា ឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ជាច្រើនរូបផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com