ជាតិ
ពីនេះ ពីនោះ
«វចីបរមមិត្ត» គឺមិត្ត​ដែលបាន​តែមាត់, ដែលល្អតែមាត់
19, Oct 2023 , 7:29 am        
រូបភាព
«វចីបរមមិត្ត» [វៈ-ចី-ប៉ៈ-រ៉ៈ-ម៉ៈ-មិត] ជានាម ដែលមានន័យថា មិត្តដែលបាន​តែមាត់, ដែល​ល្អតែមាត់។ តាម​វចនានុក្រម​ខ្មែរ​២០២២ របស់​ក្រុមប្រឹក្សាជាតិភាសាខ្មែរ យើង​អាច​សរសេរជា «វចីបរមមិត្រ» បាន​ដូចគ្នា។

 
វចនានុក្រម​ មិន​បាន​បញ្ជាក់ពីពាក្យ​ផ្សំនីមួយៗនោះឡើយ ប៉ុន្តែ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ សូម​លើក​យកពាក្យ​ដែលពាក់ព័ន្ធមក​ពន្យល់បន្ថែម​ដូចខាងក្រោម៖
 
-«វចី» ជាភាសាបាលី ដែលមានន័យថា វាចា, សម្ដី, ពាក្យ ។ វចីកម្ម  អំពើដែលកើតអំពីសម្ដី, ការធ្វើដោយសម្ដី ។ វចីគារវៈ ការគោរពដោយវាចា ។ វចីទុច្ចរិត ( –ទុច-ច:រ៉ិត ) ការប្រព្រឹត្តអាក្រក់ដោយវាចា ។ វចីភេទ ការបញ្ចេញវាចាឲ្យគេឮច្បាស់; ដំណើរផ្សេងសម្ដីគ្នា ។ 
 
-«បរម» តែ​សូរអាន គឺ ប-រ៉ុម មិនមែន​ ប៉ៈ-រ៉ៈ-ម៉ៈ ឡើយ។ ពាក្យនេះ ចេញពីភាសាសំសង្ក្រឹត-បាលី ដែលមានន័យថា ឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ល្អប្រពៃ; ក្រៃលែង។ ពាក្យនេះគេច្រើនប្រើជាបទសមាសភ្ជាប់ជាខាងដើមសព្ទឯទៀត (អ. ថ. បរ៉ុម-ម៉ៈ) ដូចជាព្រះបរមគ្រូ, ព្រះបរមសាស្ដា; បរមនាថ; បរមបពិត្រ; ព្រះបរមរាជវាំង; ព្រះបរមរាជឱង្ការ; បរមលាភ; បរមសុខ; ព្រះបរមសព ជាដើម ។
 
-«មិត្ត» ឬ «មិត្រ»  សំដៅ​លើ​អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ; បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com