ជាតិ
ពីនេះ ពីនោះ
មេពាក្យ​ជាមួយ​ព្យញ្ជនៈ «ឍ» មិនមាន​ច្រើនឡើយ
23, Oct 2023 , 7:29 am        
រូបភាព
«ឍ» ជាតួព្យញ្ជនៈទី១៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៤ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [tʰ] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។ នេះបើតាម​ការពន្យល់ក្នុងវចនានុក្រមខ្មែរ​២០២២​របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា។

 
អំពី​ការ​ប្រើ​ព្យញ្ជនៈ ឍ នេះ ក្នុងភាសាសំស្ក្រឹត វចនានុក្រមខ្មែរសម្តេច ជួន ណាត បញ្ជាក់ថា ឃើញមានប្រើជា ដើមពាក្យ ឬ មេពាក្យ ខ្លះ តែមានតិចណាស់; ខាងភាសាបាលី មិនប្រទះឃើញមានប្រើ, បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះ ឃើញមានប្រើក្រែល។ ឯភាសាខ្មែរយើង មិនមានពាក្យប្រើសោះឡើយ; តែក្នុងទីនេះ យើងយកភាសាសំស្ក្រឹត ៤ ពាក្យមករៀបរៀង, បើទោះបីមិនត្រូវការប្រើ, ក៏ជាប្រយោជន៍ឱ្យអក្សរ ឍ មានពាក្យខ្លះ កុំឲ្យទទេសោះ ។
 
មេពាក្យ​ដែលប្រើ​ព្យញ្ជនៈ «ឍ» មាន​ដូចជា «ឍាមរា»៖ ក្ងាន, ហង្ស។ «ឍាល» ៖ ស្គរធំ; ខែល។  «ឍាលិន»៖ អ្នកមានខែល, អ្នកកាន់ខែល, ទាហានខែល គឺអ្នកចម្បាំងខែលដែលវេលាចូលច្បាំងកាន់ខែលសម្រាប់រារាំងគ្រឿងសស្ត្រាវុធនៃបច្ចាមិត្រ មិនឱ្យប៉ះពាល់ត្រូវខ្លួន និង «ឍុណ្ឍិ»៖ ព្រះគ្នេស។  
 
ពាក្យត្រង់កណ្តាល ឬត្រង់ខាងចុង មានដូចជា ទុតិយាសាឍ​, បឋមសាឍ, លិឍ, អាសាឍ, អាឍ្យចរ ជាដើម។ រីឯពាក្យដែលប្រើ​ជើង «ឍ» មានដូចជា ពិពឌ្ឍសច្ចា, វឌ្ឍនាការ, វឌ្ឍនៈ, វយ​វឌ្ឍនាការ, វុឌ្ឍាចារ្យ, វិវឌ្ឍន៍, អភិវឌ្ឍ, ឧបឌ្ឍ ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com