ជាតិ
ពីនេះ ពីនោះ
ប្រទះឃើញប្រាក់បុរាណ១១៦កាស កប់នៅតាមជើងសសរព្រះវិហារវត្តល្អក់ ខេត្តសៀមរាប
21, Oct 2023 , 4:19 pm        
រូបភាព
សៀមរាប៖ ប្រាក់កាស(ស្លឹង)បុរាណចំនួន១១៦កាស ក្នុងសតវត្សរ៍ទី១៦ ដល់ ទី១៩ ត្រូវបានក្រុមការងារជួសជុល នៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញ នាអំឡុងការជួសជុលព្រះវិហារវត្តល្អក់ ហៅវត្តអរញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កាសទាំងនោះ ត្រូវបានគេបញ្ចុះនៅតាមជើងសសរនៃព្រះវិហារវត្តនេះ ដែលមានអាយុកាលប្រមាណ ៩០ឆ្នាំមកហើយ។

 
បើតាមអាជ្ញាធរជាតិអប្សរា ប្រាក់កាសនីមួយៗទំហំពី១៣-១៥មីលីម៉ែត្រ ដោយមាន៣ប្រភេទផ្សេងគ្នា។ ក្នុងនោះមាន កាសមានរូបសត្វ«ហង្ស», កាសមានរូបសត្វហង្សលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ» និងកាសម្យ៉ាងទៀត មានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។  តាមរយៈរូបភាពនិងរូបលើកាសនេះ លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ពន្យល់ថា កាសដែលមានរូបហង្ស គឺត្រូវបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរ ចាប់ពីសតវត្សរ៍ទី១៦ ដល់សតវត្សរ៍ទី១៩ នៃគ្រិស្តសករាជ។ 
 
ចំណែកឯ កាសមួយប្រភេទទៀតដែលមានរូបហង្ស និងមានអក្សរចិនវិញ ជាមួយប្រភេទកាស មានអក្សរថា«ព្រះតំបង» និងមានផ្ទៃម្ខាងរូបគ្រុឌ គឺត្រូវបានបោះពុម្ព និងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។
 
រូបភាពអាជ្ញាធរជាតិអប្សរា។ 
ផ្អែកតាមប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ ប្រភេទកាសទាំងនេះត្រូវបានបោះពុម្ពផ្សាយ ដោយស្ដេចកន (ព្រះបាទស្រីជេដ្ឋា) នាដើមសតវត្សរ៍ទី១៦។ រូបិយវត្ថុ ដែលត្រូវបានព្រះបាទស្រីជេដ្ឋា ដាក់ឱ្យប្រើប្រាស់ដំបូងនៅកម្ពុជា គឺជាកាសស្លឹង ដែលមានរាងមូលស្តើង មានទម្ងន់ក្រោម ២ភាគ៣ នៃជី ដែលស្មើនឹង ២,៥ ក្រាម។ សៀវភៅ «រូបិយវត្ថុ និងអធិបតេយ្យភាព» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា នៅឆ្នាំ១៨៨០ លោក Moura ថា មួយស្លឹង ស្មើនឹង ២,៣៤ក្រាម ដោយ ១តម្លឹង មានទម្ងន់ ៣,៧៥ក្រាម ស្មើនឹង១០ជី។ ពោល គឺ ១តម្លឹង មាន១៦ស្លឹង។
 
ដោយឡែក ព្រះវិហារវត្តល្អក់ គឺមានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈ ព្រោះតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វត្តនេះ មានអាយុកាលប្រមាណ៩០ឆ្នាំមកហើយ ដែលត្រូវបានសាងសង់ឡើងក្រោមការគ្រប់គ្រងដោយព្រះគ្រូចៅអធិការព្រះនាមដួង។ ក្រសួងវប្បធម៌រៀបរាប់បែបនេះ គឺផ្អែកទៅតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មាន ពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។
 
រូបភាពអាជ្ញាធរជាតិអប្សរា។ 

ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានច្នៃឆ្លាក់ជារូបមុខមនុស្ស។
 
ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានធ្វើពីឈើ។ ចំពោះហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។ បច្ចុប្បន្នព្រះវិហារកំពុងត្រូវបានជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕ 
 

Tag:
 ThmeyThmey
  កាសបុរាណ
  វត្តល្អក់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com