ជាតិ
សេដ្ឋកិច្ច
អារ៉ាប៊ីសាអូឌីត សម្លឹងឃើញកិច្ចសហប្រតិបត្តិជាមួយកម្ពុជា លើការវិនិយោគថាមពល និងពាណិជ្ជកម្ម សម្តេច ហ៊ុន ម៉ាណែត ពិភាក្សាការងារ ជាមួយ ព្រះអង្គម្ចាស់ មហាម៉េដប៊ីនសាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់សូដ ព្រះរាជទាយាទ និងជានាយករដ្ឋមន្រ្តីប្រទេសអារ៉ាប៊ីសាអូឌីត នៅរដ្ឋធានី រីយ៉ាដ នាថ្ងៃទី២០តុលា។
× អារ៉ាប៊ីសាអូឌីត សម្លឹងឃើញទិសដៅប្រកបដោយសក្កានុពល ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាមួយកម្ពុជា ដែលសំដៅដល់ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន។ កិច្ចសហប្រតិបត្តិការ ផ្តោតលើវិស័យពាណិជ្ជកម្ម, វិស័យថាមពល និងការវិនិយោគ ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពី លទ្ធផលជំនួបទ្វេភាគីរវាងសម្តេច ហ៊ុន ម៉ាណែត ព្រះអង្គម្ចាស់ មហាម៉េដប៊ីនសាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់សូដ ព្រះរាជទាយាទ និងជានាយករដ្ឋមន្រ្តីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងជំនួបការងារ នៅរដ្ឋធានី រីយ៉ាដ នាថ្ងៃទី២០តុលា។
ប្រមុខនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត បានសាទរចំពោះទិសដៅរបស់អារ៉ាប៊ីសាអូឌីត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការមួយកម្ពុជា ដោយពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង២ តាមរយៈរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបង្កើតស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្តេច បានឯកភាពជាមួយព្រះអង្គម្ចាស់ អាប់ឌុលឡាហ្ស៊ី អាល់សូដ ដែលជារដ្ឋមន្ត្រីប្រទេសអារ៉ាប៊ីសាអូឌីត លើការបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលនានា ដែលជាផលប្រយោជន៍រួម។
លើសពីនេះ សម្តេច ក៏បានជំរុញឱ្យភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពរៀបចំការចរចានូវកិច្ចព្រមព្រៀង ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងអ្នកកាន់លិខិតឆ្លងដែនផ្លូវការ ជាមួយកម្ពុជា ផងដែរ។
កាលឆ្នាំ២០២១ កម្ពុជា-អារ៉ាប៊ីសាអូឌីតសម្រេចទំហំពាណិជ្ជកម្មរួមគ្នាបាន ២៦លានដុល្លារ កើនឡើងជិត៤០ភាគរយ បើធៀបនឹងឆ្នាំ២០២០ មានត្រឹម១៩លានដុល្លារ។ ទំនិញដែលកម្ពុជានាំទៅទីផ្សារប្រទេសអារ៉ាប៊ីសាអូឌីត មាន អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ ខណៈនាំចូលវិញ ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com